អានតួអត្ថបទ
កម្ពុជា

កម្ពុជា ថ្លែង​ការណ៍​ឲ្យ​ថៃ បញ្ឈប់​ហិង្សា និង​វិល​រក​តុចរចា

រដ្ឋាភិបាល​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម ពាក់ព័ន្ធ​នឹង​ការវិវឌ្ឍន៍ កាន់តែ​តឹងតែង​នូវ​អំពើ​ហិង្សា ក្នុង​ប្រទេស​ថៃ នា​ពេល​ប៉ុន្មាន​ថ្ងៃនេះ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍ នៅ​ថ្ងៃ​១៧​ឧសភា​នេះ ដើម្បី​អំពាវនាវ​ឲ្យ​ក្រុង​បាងកក បញ្ឈប់​អំពើ​ហិង្សា និង​វិល​ទៅ​រក​តុ​ចរចា ដោះស្រាយ​វិបត្តិ​បញ្ចប់​ជម្លោះ​បង្ហូរឈាម។  

កម្ពុជា​ស្នើ​ឲ្យ​​ថៃវិល​ទៅ​កាន់​តុ​ចរចា
កម្ពុជា​ស្នើ​ឲ្យ​​ថៃវិល​ទៅ​កាន់​តុ​ចរចា ©RFI
ផ្សាយពាណិជ្ជកម្ម

03:54

បទ​អន្តរាគមន៍​របស់​ លី ម៉េងហួរ

លី ម៉េងហួរ

ចំពោះ​ការវិវឌ្ឍន៍​កាន់តែ​តឹងតែង​នូវ​អំពើ​ហិង្សា ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍ នៅ​ថ្ងៃ​១៧​ឧសភា ដោយ​លើក​ឡើង​ថា ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង និង​ជា​រដ្ឋ​សមាជិក​អាស៊ាន ប្រទេស​កម្ពុជា មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​អំពើ​ហិង្សា ដែល​មាន​សភាព​កាន់តែ​ស្រួចស្រាវ​ឡើងៗ នៅក្នុង​ប្រទេស​ថៃ។

 
សេចក្តី​ថ្លែងការណ៍ បាន​គូស​បញ្ជាក់​ថា ស្ថានការណ៍​ដ៏​អាក្រក់​នៅ​ប្រទេស​ថៃ បាន​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ មិន​ត្រឹមតែ​ចំពោះ​មុខមាត់​របស់​ថៃ​ប៉ុណ្ណោះ​ទេ តែ​ក៏​ប៉ះពាល់​ដល់​មុខមាត់​របស់​អាស៊ាន​ផង​ដែរ។

​សេចក្តី​ថ្លែង​ការណ៍ បាន​បង្ហាញ​ថា រាជរដ្ឋាភិបាល​កម្ពុជា សូម​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ប្រទេស​ថៃ ចាប់​ផ្តើម​ធ្វើ​ការពិភាក្សា​គ្នា ដោយ​សន្តិភាព​ឡើង​វិញ ដើម្បី​រក​ដំណោះស្រាយ​នយោបាយ ចំពោះ​ការប្រឈមមុខ​ដាក់​គ្នា​នា​ពេល​នេះ ព្រម​ទាំង​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​សន្តិភាព និង​ប្រក្រតី​ភាព​ជូន​ប្រជាជន​ថៃ ក៏​ដូចជា​ស្ថិរភាព នៅក្នុង​តំបន់។

តាម​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស ប្រជាជន​កម្ពុជា មាន​សេចក្តី​ប្រាថ្នា​តែ​មួយ​គត់ គឺ​ចង់​ឲ្យ​ប្រជាជន​ថៃ​ជា​មិត្ត មាន​ជីវភាព​រស់​នៅ​ដូច​ប្រក្រតី ក្នុង​សុខ​សន្តិភាព។​

សភាពការណ៍​កាន់តែ​ទុំ​ជោរ​នៃ​អំពើ​ហិង្សា នាំ​ដល់​ការសម្លាប់​មនុស្ស នៅ​បាងកក នៅតែ​បន្ត​កើត​មាន រវាង​ទាហាន​ថៃ និង​ក្រុមបាតុករ​អាវ​ក្រហម​ថៃ ដែល​ស្និទ្ធ​នឹង​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន។ គិត​ចាប់​ពី​ថ្ងៃ​ទី​១០ ឧសភា មក​ដល់​ថ្ងៃនេះ ការ​ប៉ះទង្គិច​បង្ហូរ​ឈាម នៅ​បាងកក បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៥ នាក់ និង មនុស្ស​ជិត ៣០០ នាក់​ផ្សេង​ទៀត រងរបួស ដែល​បូក​រួម​ទាំង​អ្នក​កាសែត និង​ជនបរទេស​ផង ។​

ព្រឹត្តិការណ៍​បង្ហូរឈាម​នៅ​បាងកក កើត​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ថៃ​របស់​លោក អាប់ភីស៊ីត បាន​ច្រានចោល​នូវ​សំណើ​របស់​ក្រុម​បាតុករ​អាវ​ក្រហម​ថៃ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ រំលាយ​សភា ដើម្បី​បោះឆ្នោត​មុន​អាណត្តិ។ ម្យ៉ាងទៀត អំពើ​ហិង្សា​ផ្ទួនៗ ពី​សំណាក់​ទាហាន​ថៃ មកលើ​ក្រុម​បាតុករ​អាវ​ក្រហម​ថៃ បាន​ដុត​រោល បន្ថែម កំហឹង​បាតុករ​អាវ​ក្រហម នាំ​ដល់​ការ​ប្រទាញប្រទង់ ដែល​គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល ២ ខែ​មក​ហើយ។

នៅ​ថ្ងៃ​១៧​ឧសភា​នេះ ក៏​មាន​សេចក្តី​រាយការណ៍​ថា ឧត្តម​សេនីយ៍ ខាទិយ៉ា សាវ៉ាសឌីពល់ ហៅ សៃឌេង ដែល​គាំទ្រ​ក្រុមបាតុករ​អាវ​ក្រហម បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ។ ឧត្តម​សេនីយ៍​ថៃ​រូបនេះ រង​របួស ក្នុង​អំពើ​ប៉ះទង្គិច​គ្នា កាលពី​ថ្ងៃ​ព្រលប់​ថ្ងៃទី​១៣​ឧសភា ។​

ការប្រឈមមុខ​រយៈពេល​ពីរ​ខែ​មក​នេះ រវាង​កង​ទាហាន​គាំទ្រ​រដ្ឋាភិបាល​ថៃ ជាមួយ​ក្រុម​អ្នក​តវ៉ា​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ថៃ ដែល​ពាក់​អាវ​ក្រហម បាន​នាំឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ ៦៥ នាក់ និង​របួស​ជិត ១៧០០ នាក់។​

ការអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​បាងកក អត់ធ្មត់ និង​ឈប់​បាញ់ ហើយ​ភាគី​ថៃ​ទាំង​អស់ ទាំង​ថៃ​អាវ​ក្រហម និង​ទាំង​រដ្ឋាភិបាល ត្រូវ​ចូលរួម​តុ​ចរចា ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ត្រូវបាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់ ជា​ពិសេស​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ក៏បាន​អំពាវនាវ​ដូច្នេះ​ដែរ កាលពី​ថ្ងៃ​សុក្រ។ ក៏ប៉ុន្តែ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ បាន​ច្រានចោល ដោយ​មិន​ឲ្យ​បរទេស​ណា លូកលាន់ ធ្វើ​អន្តរាគមន៍​លើ​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នៅ​បាងកក​ទេ។ រដ្ឋាភិបាល​ថៃ បាន​ចាត់​ទុក​ថា នេះ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ