អានតួអត្ថបទ
កម្ពុជា-វៀតណាម

ក្រុមហ៊ុន​ផលិត​ជី​របស់​វៀតណាម សម្លឹង​ឃើញ​ឱកាស​ជំនួញ នៅ​កម្ពុជា

ក្រុមហ៊ុន​សាជីវកម្ម​ ផលិត​ជី និង​សារជាតិ​ គីមី ប៉េត្រូ​វៀតណាម ( PVFCCo ) ដែល​ជា​ក្រុមហ៊ុន​ផលិត​ជី​ធំ​ជាង​គេ នៅ​ប្រទេស​វៀតណាម បាន​សម្លឹង​ ឃើញ​ឱកាស​ជំនួញ ដោយ​ ធ្វើ​ការ​នាំ​ចូល​ជី អ៊ុយរ៉េ មក​កាន់​ទីផ្សារ​ កសិកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ កម្ពុជា ដែល​កំពុង​តែ​ ពង្រីក​វិស័យ​កសិកម្ម សម្រាប់​ការ​ទ្រទ្រង់​ចំណូល​ ថវិកាជាតិ។

ក្រុមហ៊ុន​ផលិត​ជី​របស់​វៀតណាម សម្លឹង​ឃើញ​ឱកាស​ជំនួញ នៅ​កម្ពុជា
ក្រុមហ៊ុន​ផលិត​ជី​របស់​វៀតណាម សម្លឹង​ឃើញ​ឱកាស​ជំនួញ នៅ​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

04:13

បទអន្តរាគន៍​របស់​ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

លី ម៉េងហួរ

ក្រុមហ៊ុន​សាជីវកម្ម​ផលិត​ជី អ៊ុយរ៉េ របស់​ប្រទេស​វៀតណាម ដែល​មាន​តម្លៃ​វិនិយោគ ៣៧០ លាន​ដុល្លារ គម្រោង​នឹង​បើក​សម្ពោធ​ការិយាល័យ​តំណាង​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ថ្ងៃ​សុក្រ ទី៧ ខែ​ឧសភា ខាន​ស្អែក​នេះ ដើម្បី​ធ្វើ​ជា​ការិយាល័យ​លក់ និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ជី​កសិកម្ម​នេះ។

ក្រុមហ៊ុន​សាជីវកម្ម​ផលិត​ជី អ៊ុយរ៉េ ដែល​អះអាង​ថា ជា​ក្រុមហ៊ុន​ផលិត​ជី​ធំ​ជាង​គេ​របស់​ប្រទេស​វៀតណាម បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​នេះថា ការ​ប្រើ​ប្រាស់​ជី​អ៊ុយរ៉េ​បាន​បង្កើន​ទិន្នផល​ស្រូវ​របស់​កសិករ​កម្ពុជា​ពី ២,៥ តោន ក្នុង​មួយ​ហិកតា ទៅ​ដល់ ៨,៦ តោន ក្នុង​មួយ​ហិកតា។ ទិន្នផល​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើ​ការ​សាក​ល្បង ជា​មួយ​នឹងកសិករកម្ពុជា​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង និងខេត្តបាត់ដំបង នាពេលថ្មីនេះ។

 
នៅ​ក្នុងសន្និសីទកាសែត​នៅព្រឹកមិញ​ក្នុងទីក្រុង​ភ្នំពេញ តំណាងក្រុមហ៊ុន​សាជីវកម្ម​ផលិតជី អ៊ុយរ៉េ ហ្វូមី បានអះអាងថា ជី​គីមីនេះ​អាចប្រើ​ប្រាស់​ដើម្បី​បំប៉ន និងបង្កើនទិន្នផល​គ្រប់ប្រភេទ ដំណាំ​ដាំ​ដុះ និង​ដី​គ្រប់​ប្រភេទ ជា​ពិសេសលើដំណាំស្រូវ ដោយមិនប៉ះពាល់ដល់បរិស្ថានទេ។ ក៏​ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​ជី​វៀតណាម​នេះ​ក៏​បាន​ប្រកាស​ថា បើ​សិន​ជា​ប្រើ​ប្រាស់​នូវ​ជី​កសិកម្ម​នេះច្រើនលើសកម្រិត និងមិនមានជី​ធម្មជាតិទេ​នោះ ក៏​អាច​បង្ក​ឲ្យ​ដី​កសិកម្ម​​រឹងខូច​គុណភាពដែរ។

យ៉ាង​ណា​ក៏​ដោយ លោក ង្វៀន ហុងវិញ ( Nguyen Hong Vinh ) អគ្គនាយក​រង​ក្រុមហ៊ុន​សាជីវកម្ម​ផលិត​ជី និង​សារជាតិ​គីមី ប៉េត្រូ​វៀតណាម​បាន​លើក​ឡើងក្នុងសន្និសីទ​កាសែត​ថា ក្រុមហ៊ុន​សាជីវកម្ម​ផលិត​ជី​វៀតណាម​នេះ មិន​ត្រឹម​តែ​នាំ​ចូល​ជី​អ៊ុយរ៉េ ដែល​មាន​គុណភាព​ខ្ពស់​ទៅ​លក់​ចែក​ចាយ​នៅ​ប្រទេស​កម្ពុជា​នា​ពេល​នេះ​ទេ តែ​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ ក៏​នឹង​ផ្ទេរ​ចែក​រំលែក​នូវ​បច្ចេកទេស​ក្នុង​ការ​បង្កើន​ទិន្នផល​ជាមួយ​នឹង​កសិករ​កម្ពុជា នោះ​គឺ​កញ្ចប់​ដំណោះស្រាយ​កសិកម្ម ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម។ ពោល​គឺ​នឹង​ជួយ​ដល់​កសិករ​កម្ពុជា ឲ្យ​ធ្វើ​ស្រូវ ពី​មួយ​រដូវ ទៅ​បី​រដូវ ដូច​នៅ​វៀតណាម។ ប្រទេស​វៀតណាម ដែល​ជា​ប្រទេស​ដែល​នាំ​ចេញ​អង្ករ​ចំណាត់​ថ្នាក់ទី២ នៅ​ក្នុងពិភពលោក បន្ទាប់ពីប្រទេសថៃ។

ការ​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​នៅ​កម្ពុជា​សព្វ​ថ្ងៃ​នេះ ឈរ​នៅ​លំដាប់​ទី១ ក្នុង​ពេល​ពិភពលោក​ជួប​វិបត្តិ​សេដ្ឋកិច្ច។ នេះ​បើ​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា។ នៅ​ឆ្នាំ​២០០៩ យ៉ាង​ហោច​ណាស់ មាន​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​ជាង ៦០ គម្រោង កំពុង​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រើ​ដើម​ទុន​ជិត ៩០០ លាន​ដុល្លារ​អាមេរិក។ វៀតណាម​​វិនិយោគ​លើ​ការ​ដាំ​កៅស៊ូ កសិកម្ម ព្រៃឈើ ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ រ៉ែប្រេង វារីអគ្គិសនី ធនាគារ ទូរស័ព្ទ និង​ទេសចរណ៍។ វៀតណាម​បានវិនិយោគលើវិស័យកសិកម្ម ច្រើន​ជាង​គេ នៅកម្ពុជា។

នៅឆ្នាំ២០១០នេះ កម្ពុជា និងវៀតណាម​បានតាំង​ចិត្តថា ផ្តោះប្តូរ​ពាណិជ្ជកម្ម​ឲ្យកើនដល់ ២០០០ លានដុល្លារ ខណៈដែលជញ្ជីង​ពាណិជ្ជកម្មកាល​ពីឆ្នាំ​មុន​មានត្រឹម​តែ ១៧០០ លានដុល្លារប៉ុណ្ណោះ។ ភាគ​ច្រើន គឺវៀតណាម​បាន​នាំចូលទំនិញផលិតផល ទៅ​លក់នៅកម្ពុជា ឯកម្ពុជា បាននាំ​ចូលទៅ​វៀតណាម តិច​តួចប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ