អានតួអត្ថបទ
កម្ពុជា

គ.ជ.ប.ថា លោកស្រី​ មូ សុខហួរ មាន​ឈ្មោះ​បោះឆ្នោត​ពីរ​កន្លែង

គណៈកម្មការ ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ធ្វើ​សេចក្តី​បំភ្លឺ​ជា​សាធារណៈ​មួយ​កាល​ពី​ ថ្ងៃ​ទី​២២​មេសា​ច្រានចោល​ប្រសាសន៍​លោកស្រី​ មូ សុខហួរ​ ដែល​ថ្លែង​ថា ឈ្មោះ​លោកស្រី​មិនមាន​នៅក្នុង​បញ្ជី​បោះឆ្នោត។ 

លោកស្រី​ មូ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សម​រង្ង្ស៊ី
លោកស្រី​ មូ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សម​រង្ង្ស៊ី ©សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

03:29

សំឡេង​របស់ លាង​ ដឺលុច

កាសែត​ជា​ភាសា​អង់គ្លេស The Cambodia Daily​បាន​ចេញផ្សាយ​អត្ថបទ​មួយ​កាល​ពី​ថ្ងៃ​ទី​២១​មេសា និយាយ​អំពី​ជំនួយ​របស់​អង្គការ​USAID​ដល់​កម្ពុជា​ដើម្បី​តម្លាភាព​ក្នុង​រដ្ឋាភិបាល។ អ្នកនិពន្ធ​អត្ថបទ​បាន​ជួប​សម្ភាសន៍​លោកស្រី​ មូ សុខហួរ​ ​តំណាងរាស្ត្រ​គណបក្ស​ សម រង្ស៊ី​ ដើម្បី​អត្ថាធិប្បាយ​លើ​ការងារ​របស់​រដ្ឋាភិបាល។ នៅក្នុង​អត្ថបទ​លោកស្រី​ មូ សុខហួរ​ បាន​និយាយ​ដល់​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ថា​ត្រូវ​តែ​ឯករាជ្យ។

អត្ថបទ​កាសែត​បាន​សរសេរ​ដកស្រង់​សម្តី​លោកស្រី​ មូ សុខហួរ​ ថា ឈ្មោះ​លោកស្រី​មិនមាន​នៅក្នុង​បញ្ជី​អ្នក​បោះឆ្នោត​កាលពី​នៅក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០០៨។ ការ​អះអាង​ត្រង់​នេះ​ហើយ ដែល​តម្រូវ​អោយគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ធ្វើ​ការ​បំភ្លឺ​ជាសាធារណៈ​មួយ ដោយ​ច្រានចោល​ប្រសាសន៍​របស់​លោកស្រី​ មូ សុខហួរ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​សរសេរ​ថា មិនមែន​ថា លោកស្រី មូ សុខហួរ​ មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ទេ។ តែ​លោកស្រី មូ សុខហួរ ​មាន​ឈ្មោះ​ដល់​ទៅ​២​កន្លែង​ឯណោះ។ ទីមួយ​ គឺ​នៅ​ភ្នំពេញ និង​ឈ្មោះ​ទី​២ គឺ​នៅ​ឯ​ខេត្ត​កំពត ជា​មណ្ឌល​ឈ្មោះ​តំណាងរាស្ត្រ​ដែល​លោកស្រី​បាន​ប្តូរ​ពី​ភ្នំពេញ​ទៅ។

 លោកស្រី មូ សុខហួរ​ បញ្ជាក់​ថា អ្វី​ដែល​លោកស្រី​និយាយ​ជាមួយ​កាសែត​Cambodia Daily​នោះ គឺ​ជា​រឿង​ចាស់ ដែល​កើតឡើង​មុន​ពេល​បោះឆ្នោត​ឆ្នាំ​២០០៨​ទេ។ លោកស្រី​បាន​អះអាង​ថា ឈ្មោះ​លោកស្រី​ពិតជា​ត្រូវ​បាន​លុប​ចោល​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​មែន នៅភ្នំពេញ។ ហើយ​ក្រោយពី​លោកស្រី​ដាក់ពាក្យ​បណ្តឹង​ទៅ ទើប​គ.ជ.ប.​សរសេរ​ឈ្មោះ​លោកស្រី​ចូល​មក​វិញ។

លោកស្រី មូ សុខហួរ​ បាន​លើកឡើង​អំពី​រឿង​ចាស់​ទេ ប៉ុន្តែ​ការ​បំភ្លឺ​របស់​ គ.ជ.ប.​ វា​បាន​ធ្វើ​អោយ​លេច​ចេញ​នូវ​រឿងថ្មី​មួយ​ទៅវិញ។ រឿងថ្មី​នោះ​គឺ​ថា បើ​តាម​ការ​ពន្យល់​របស់​ គ.ជ.ប.​ បន្ទាប់​ពី​លោក​ស្រី មូ សុខហួរ​ បាន​ទៅ​ឈរ​ឈ្មោះ​ជាបេក្ខជន​តំណាង​គណបក្ស ​សម រង្ស៊ី​ នៅ​មណ្ឌល​កំពត លោកស្រី​ក៏​បាន​ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​មួយទៀត​នៅ​ខេត្ត​កំពត។ ជា​ហេតុ​ដែល​ធ្វើ​អោយ​លោកស្រី​មាន​ឈ្មោះ​បោះឆ្នោត​ដល់​ទៅ​២​កន្លែង។ យោង​តាម​សេចក្តី​បំភ្លឺ​របស់​គជប គជប​មិនបាន​ប្រកាស​ថា​នឹង​លប់ចោល​ឈ្មោះ​លោកស្រី មូ សុខហួរ ​ណា​មួយ​ទេ។ តែ​ គ.ជ.ប.​បញ្ជាក់​ថា ច្បាប់​បាន​កំណត់​អោយ​ពលរដ្ឋ​ខ្មែរ​មាន​ឈ្មោះ​បោះឆ្នោត​តែ​មួយ​ប៉ុណ្ណោះ។

លោកស្រី មូ សុខហួរ ថា បើ​ច្បាប់​តម្រូវ​អោយ​ពលរដ្ឋ​ខ្មែរ​មាន​ឈ្មោះ​បោះឆ្នោត​តែមួយ លោកស្រី​នឹង​អនុវត្ត​ទៅ​តាម​ច្បាប់​តម្រូវ។ គួរ​រំលឹក​ថា ជា​រៀងរាល់​ឆ្នាំគ.ជ.ប.​​ តែងតែ​ប្រកាស​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ដើម្បី​ពិនិត្យ​ឡើងវិញ​ស្ថានភាព​របស់​អ្នក​បោះឆ្នោត ថា​តើ​មាន​អ្នក​ផ្លាស់ប្តូរ​ទីលំនៅ អ្នក​ស្លាប់ ឬ​ក៏​ថា​បើ​មាន​ឈ្មោះ​ត្រួតគ្នា គេ​ត្រូវ​បំពេញ​សំណុំ​បែបបទ​ដើម្បី​លុប​ឈ្មោះ​មួយ​ចេញ​វិញ។ ហើយ​ជា​រៀងរាល់​ពេល​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នេះ​ហើយ ដែល​តែងតែ​មាន​បញ្ហា​តវ៉ា​កើត​ឡើង​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ