អានតួអត្ថបទ
កម្ពុជា

ADB៖ សេដ្ឋកិច្ច​កម្ពុជា​ងើប​ឡើង​វិញ ៤,៥ %​ក្នុង​ឆ្នាំ​២០១០

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ADB បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១០​នេះ នឹង​ងើប​ឡើងវិញ​ចំនួន ៤,៥ %។ ចំណែក​នៅ​ឆ្នាំ​២០១១ នឹង​កើន​ដល់ ៦ %។ ការព្យាករណ៍​នេះ បន្ទាប់​ពី​សេដ្ឋកិច្ច​របស់​កម្ពុជា បាន​ធ្លាក់​ចុះ ប្រមាណ ២ % នៅ​ក្នុង​ឆ្នាំ ២០០៩។

សន្និសីតកាសែត​របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១០
សន្និសីតកាសែត​របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១០ ©ម៉េងហួរ/RFI
ផ្សាយពាណិជ្ជកម្ម

02:41

សំឡេង​របស់​​លី ម៉េងហួរ

លី ម៉េងហួរ

៤,៥ % គឺ​ជា​កំណើន​សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១០។ នេះ​ជា​ការ​ព្យាករណ៍​ថ្មី​បំផុត​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែល​បាន​ប្រកាស​ឡើង នា​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១០។

ការសន្មត់ ​ពី​ការកើន​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា បន្ទាប់​ពី​វិបត្តិ​សកល ដោយសារ​តែ ADB រំពឹង​លើ​អំណោយ​ផល​ល្អ​នៃ​ការដាំ​ដំ​ណាំ​កសិកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការចំណាយ​របស់​អ្នកប្រើប្រាស់​ក្នុង​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក​ដែល​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​នៃ​តម្រូវការ​ផលិតផល​សំលៀក​ បំពាក់​កាត់ដេរ​របស់​កម្ពុជា។

លោក អេរិច សិដវីក ( Eric Sidgwick ) សេដ្ឋកិច្ចវិទូ​ជាន់ខ្ពស់ របស់​ធានាគារ​អភិវឌ្ឍន៍​អាស៊ី ADB ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹកមិញ​ថា ក្រៅ​ពី​វិស័យ​កសិកម្ម និង​ការនាំ​ចេញ​សំលៀក​បំពាក់​ទៅ​អាមេរិក​ត្រូវ​ងើប​ឡើង​វិញ​ហើយ​នោះ កំណើន​នៅ​ក្នុង​សេវាកម្ម និង​វិស័យ​ទេសចរណ៍ ក៏​ត្រូវ​បាន​ព្យាករ​ថា នឹង​ងើប​ឡើង​វិញ ក្នុង​អត្រា ៥% នៅ​ឆ្នាំ​២០១០។

ចំណែក​សកម្ម​ភាព​ សំណង់ ក៏​ត្រូវ​បាន​អ្នកសេដ្ឋកិច្ច​របស់ ADB រំពឹង​ថា ទំនង​ជា​កើន​ឡើង​ក្នុង​អត្រា​មធ្យម ប្រហែលជា ៤ % ខណៈ​ពេល​ដែល​តម្រូវការ​ឥណទាន​ធនាគារ ក៏​កំពុង​តែ​ងើប​ឡើង​វិញ​បន្តិច​ម្តងៗ។ ក្នុង​នោះ លំហូរ​ចូល​នៃ​ការវិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស (FDI) ជាពិសេស​ពី​ប្រទេស​កូរ៉េ កំពុង​ចាប់​ផ្តើម​ងើប​ឡើង​វិញ សម្រាប់​គម្រោង​សំណង់​អគារ​មួយ​ចំនួន។

​ជាមួយ​នឹង​ការព្យាករណ៍ ​ខាង​លើ​នេះ ADB ក៏​បាន​ប៉ាន់ស្មាន​ទុក​ថា នៅ​ឆ្នាំ​២០១១ សេដ្ឋកិច្ច​កម្ពុជា នឹង​វិល​ត្រឡប់​មក​រក​កំណើន​ខ្ពស់​ជាង​មុន រហូត​ដល់ ៦%។ កំណើន​នេះ ដោយសារ​តែ​ការនាំ​ចេញ​នូវ​ផលិតផល​សំលៀក​បំពាក់​កាត់ដេរ និង​វិស័យ​ទេសចរណ៍ រួម​ជាមួយ​នឹង​ការពង្រីក​ផលិតកម្ម​ផលិតផល ក្រៅពី​សំលៀក​បំពាក់ និង​ការកើន​ឡើង​នៃ​សេវាកម្ម​ដទៃ​ទៀត។

សូម​​រម្លឹកថា កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១០ ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា ក៏​បាន​ចេញ​ផ្សាយ​នូវ​ការព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១០​នេះ មាន​កំណើន ៤,៤%។ ចំណែក​នៅ​ឆ្នាំ​២០១១ សេដ្ឋកិច្ច​កម្ពុជា នឹង​កើន​ដល់ ៦%។ ចំណែក​រដ្ឋាភិបាល​វិញ បាន​កំណត់​ថា នៅ​ឆ្នាំ​២០១០​នេះ កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋ​កិច្ច ពី​៤ ទៅ​៦%។

ការព្យាករណ៍​ពី​ កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​របស់​កម្ពុជា ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​ពេល​នេះ ដោយសារ​តែ​អ្នកសេដ្ឋកិច្ច បាន​មើល​ឃើញ​នូវ​មាន​សញ្ញា​ជា​ច្រើន បាន​លេច​ងើប​ឡើង​នៅ​ចុង​ឆ្នាំ​២០០៩។ សេដ្ឋកិច្ច​កម្ពុជា​កាលពី​ឆ្នាំ២០០៩ បាន​ធ្លាក់​ដល់​កម្រិត​ក្រោម​សូន្យ គឺ​ចន្លោះ​ពី -១,៥ ទៅ-២ %។ នេះ​ក៏​ដោយសារ​តែ​ផល​ប៉ះពាល់​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ