អានតួអត្ថបទ
ខ្មែរ​ក្រហម

រំលឹក​​ខួប​លើក​ទី ៣៥​នៃ​ការកាន់​អំណាច​របស់​ខ្មែរក្រហម

ថ្ងៃ​១៧​មេសា ឆ្នាំ១៩៧៥-១៧​មេសា ឆ្នាំ២០១០ ថ្ងៃ​ស្អែក គឺ​ជា​គម្រប់​ខួប​លើក​ទី​៣៥ នៃ​ការឡើង​កាន់​អំណាច​របស់​ក្រុម​ខ្មែរក្រហម។ ក្រុម​ខ្មែរក្រហម​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​ពីរ​លាន​នាក់​ស្លាប់​បាត់បង់​ជីវិត ក្នុង​រយៈពេល​ខ្លួន កាន់កាប់​អំណាច ពី​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ មួយ​ថ្ងៃ​មុន​ការប្រារព្ធ​ខួប​នេះ ប្រជាពលរដ្ឋ​ខ្មែរ និង​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ដល់​សាលាក្តី​ខ្មែរក្រហម បង្កើន​ល្បឿន​លើ​ការកាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ជាពិសេស​លើ​សំណុំ​រឿង ០០២ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ​ខ្មែរ។

ព្រះ​សង្ឃ​និមន្ត​មក​សូត្រ​ធម៌​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ខ្មែរ​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម
ព្រះ​សង្ឃ​និមន្ត​មក​សូត្រ​ធម៌​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ខ្មែរ​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម រូបថត ៖ សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

មន្ត្រី​គណបក្ស​សមរង្ស៊ី បាន​អំពាវនាវ​នៅ​ថ្ងៃ​សុក្រ​នេះ ឲ្យ​សាលាក្តី​ខ្មែរក្រហម​បង្កើន​ល្បឿន​ក្នុង​ការជំនុំជម្រះ​ក្តី​លើ​អតីត​ មេដឹកនាំ​ខ្មែរ​ក្រហម ក្នុង​សំណុំ​រឿង​០០២ ទាក់ទង​នឹង​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ៤​រូប គឺ​លោក​អៀងសារី លោកស្រី​អៀង ធីរិទ្ធ លោក​នួន ជា និងលោក​ខៀវ សំផន ឲ្យ​បាន​ឆាប់រហ័ស​ដើម្បី​នាំ​មក​នូវ​យុត្តិធម៌​ជូន​ដល់​ជន​រងគ្រោះ​ខ្មែរ។

ការអំពាវនាវ ​របស់​លោក​ហូរ វ៉ាន់ តំណាងរាស្ត្រ​គណបក្សប្រឆាំង​នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ដែល​គណបក្ស​សមរង្ស៊ី រៀប​ចំ​ប្រារព្ធ​ពិធី​រម្លឹក​វិញ្ញាណ​ក្ខន្ធ និង​បង្សុកូល នៅ​តំបន់​វាលពិឃាត​ជើងឯក នៅ​ថ្ងៃ​ស្អែក។ ពិធី​នេះ ដែល​ត្រូវ​បាន​អះអាង​ដោយ​លោក​ហូរ វ៉ាន់​ថា នឹង​មាន​ប្រជាពលរដ្ឋ​ខ្មែរ និង​សកម្ម​ជន​គណបក្ស​សមរង្ស៊ី ជាង ៥០០ នាក់​ចូលរួម ហើយ​ធ្វើ​ឡើង​ដើម្បី​រម្លឹក​វិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ​ខ្មែរ ដែល​ត្រូវ​គេ​ធ្វើ​ទារុណ​កម្ម និង​សម្លាប់​យ៉ាង​អយុត្តិធម៌​ក្នុង​របប​ខ្មែរក្រហម និង​ដើម្បី​កុំ​ឲ្យ​របប​វាល​ពិឃាត​អាវ​ខ្មៅ​នេះ វិល​ត្រឡប់​មក​សារ​ជា​ថ្មី។

ប្រធាន ​គណបក្ស សមរង្ស៊ី ដែល​កំពុង​តែ​និរទេស​ខ្លួន ដោយសារ​សំណុំរឿង​ដក​តម្រុយ​ព្រំដែន និង​ធ្លាប់​ចាញ់ក្តី​លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ ជុំវិញ​សំណុំ​រឿង​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​ទៅ​នឹង​របប​ខ្មែរ​ក្រហម ក៏​ត្រូវ​គេ​រំពឹង​ថា នឹង​ចូលរួម នៅ​ក្នុង​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​នេះ​ដែរ តាម​រយៈ​ទូរស័ព្ទ​ពី​ប្រទេស​បារាំង។

លោក​ហូរ វ៉ាន់ បាន​ថ្លែង​ថា បើទោះបី​ជា​មាន​ការព្រមាន​ពី​រដ្ឋាភិបាល​កម្ពុជា​ថា ការចោទ​ប្រកាន់​ថ្មីៗ​បន្ថែម​ទៀត​ប្រឆាំង​នឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម និង​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា កើត​មាន​សង្គ្រាម​ស៊ីវិល​សារ​ជា​ថ្មី​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ លោក​ហូរ វ៉ាន់ ចង់​ឲ្យ​សាលាក្តី​ខ្មែរក្រហម បង្កើន​ការចោទ​ប្រកាន់​ជន​សង្ស័យ​ឲ្យ​លើស​ពី​ប្រាំ​នាក់ ពោល​គឺ​ពី ១០ ទៅ ២០ នាក់ ដើម្បី​ពង្រឹង​និមិត្តរូប​យុត្តិធម៌​ឲ្យ​បាន​រឹងមាំ។ និមិត្តរូប​យុត្តិធម៌ ដែល​លោក ហូរ វ៉ាន់ ថា មួយ​ផ្នែក គឺ​បាន​មក​ពី​តុលាការ​ខ្មែរក្រហម និង​មួយផ្នែក​ទៀត កើត​ចេញ​អំពី​ដំណើរការ​ផ្សះផ្សា​ជាតិ។

គួរ​បញ្ជាក់​ថា កន្លង​មក សាលាក្តី​ខ្មែរក្រហម បាន​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ជា​ច្រើន​រូប ទៅ​ធ្វើ​ជា​សាក្សី នៅ​ក្នុង​ដំណើរការ​កាត់​ទោស​មេដឹកនាំ​ខ្មែរក្រហម នៅ​ក្នុង​សំណុំរឿង​០០២។ ក៏ប៉ុន្តែ ត្រូវ​បាន​បដិសេធ​ចោល ដោយ​មន្ត្រី​ទាំង​នោះ ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ថា លោក​សុខចិត្ត​ឲ្យ​តុលាការ​ខ្មែរក្រហម​បរាជ័យ ប៉ុន្តែ​ដាច់ខាត​មិន​ឲ្យ​កម្ពុជា កើត​សង្គ្រាម​ស៊ីវិល​សារ​ជា​ថ្មី​ឡើង​វិញ​ឡើយ។

ទាក់ទង​នឹង​ ការអំពាវនាវ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ លោក ឌឹម សុវណ្ណារុំ មន្ត្រី​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែង​ថា សាលាក្តី​ខ្មែរក្រហម​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​នាំ​យក​យុត្តិធម៌​ ជូន​ដល់​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម។

បើ​តាម​លោក ឌឹម សុវណ្ណារុំ សហចៅក្រម​ស៊ើបអង្កេត​នឹង​បញ្ជូន​ដីកា​ឲ្យ​ជំនុំ​ជម្រះក្តី​លើ​សំណុំ​រឿង​០០២ ទៅ​សាលា​ដំបូង នៅ​ក្នុង​ខែកញ្ញា​ខាងមុខនេះ បើ​ទោះ​បី​ជា​តុលាការ​ខ្មែរ​ក្រហម ជាពិសេស​ភាគី​កម្ពុជា ជួប​ប្រទះ​នឹង​វិបត្តិ​ថវិកា​យ៉ាង​ណា​ក៏​ដោយ។ វិបត្តិ​ថវិកា ដែល​លោក ឌឹម សុវណ្ណារុំ អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ និង​ប្រទេស​ជា​មិត្ត​របស់​តុលាការ បន្ត​ផ្តល់​វិភាគទាន​ស្ម័គ្រចិត្ត​ដល់​សាលាក្តី​ខ្មែរក្រហម ដើម្បី​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​ដល់​ពលរដ្ឋខ្មែរ​ឲ្យ​ចប់ចុង ចប់ដើម។

លោក ឌឹម សុវណ្ណារុំ បាន​បង្ហើប​ឲ្យ​ដឹង​ផង​ដែរ​ថា សំណុំ​រឿង​០០១ ប្រឆាំង​ទៅ​នឹង​អតីត​មេគុក​ទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច គ្រោង​នឹង​ធ្វើ​ការប្រកាស នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១០​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ