អានតួអត្ថបទ
ច្បាប់​

រដ្ឋាភិបាល​កំពុង​តាក់តែង​ច្បាប់​អាស៊ីត

ច្បាប់​គ្រប់គ្រង​ទឹកអាស៊ីត​ដែល​មាន ៤​ជំពូក និង​២៥ មាត្រា ត្រូវ​បាន​គណៈកម្មការ​ចម្រុះ​របស់​រដ្ឋាភិបាល​កំពុង​តែ​តាក់តែង។ ច្បាប់​ថ្មី​នេះ​បាន​កំណត់​ដាក់​ទោស​លើ​ឧក្រិដ្ឋជន​ដែល​ប្រើ​ទឹកអាស៊ីត​ជា​ អាវុធ​ឲ្យ​ជាប់​ពន្ធនាគារ ចាប់​ពី ៥​ឆ្នាំ ដល់​មួយ​ជីវិត។

បុរស​កាន់​ឈើ​ច្រត់​ទទួល​រង​ការ​វាយ​ប្រហារ​ទឹក​អាស៊ីត ពិការ​ភ្នែក
បុរស​កាន់​ឈើ​ច្រត់​ទទួល​រង​ការ​វាយ​ប្រហារ​ទឹក​អាស៊ីត ពិការ​ភ្នែក ©សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ព្រាង​ច្បាប់​ទឹកអាស៊ីត​នឹង​ត្រូវ​បញ្ចប់ នា​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី នៅ​ខែ​មេសា​ខាង​មុខ ដើម្បី​ដាក់​ទៅ​កាន់​គណៈ​រដ្ឋមន្ត្រី​មុន​នឹង​បញ្ជូន​ទៅ​រដ្ឋសភា​សម្រេច។ ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​តាក់តែង​ដើម្បី​កំណត់​ពី​ការគ្រប់គ្រង​ទឹកអាស៊ីត និង​ដាក់ទោស​លើ​ជន​ប្រព្រឹត្ត​ល្មើស​ជះ​ទឹកអាស៊ីត​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ​មួយ​ជីវិត។

លោក​ឧត្តម​សេនីយ៍ អ៊ុក គឹមលេខ អនុ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុ​ប្រធាន​គណៈកម្មការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​អាស៊ីត បាន​ប្រាប់​អ្នកកាសែត នៅ​ថ្ងៃ​នេះ​ថា រដ្ឋាភិបាល​មាន​ឆន្ទៈ​ដើម្បី​ជម្រុញ​ឲ្យ​ច្បាប់​គ្រប់គ្រង​ទឹកអាស៊ីត​ចេញ​ជា ​រូបរាង​ក្នុង​ពេល​ឆាប់ៗ​នេះ។ នៅ​ថ្ងៃ​សុក្រ​ខាង​មុខ គណៈកម្មការ​ចម្រុះ​នឹង​ជួប​ប្រជុំ​ជា​លើក​ទី​ពីរ ដើម្បី​ពិនិត្យ​លើ​ពង្រាង​ច្បាប់​ស្តី​ពី​ទឹកអាស៊ីត។

លោក​ឧត្តម​ សេនីយ៍​បាន​បន្ថែម​ថា ជា​គោលការណ៍​រួម ច្បាប់​អាស៊ីត​មាន​ចរិក​បង្ការ និង​បង្ក្រាប ឈាន​ទៅ​កាត់​បន្ថយ​បទ​ឧក្រិដ្ឋ​ដោយ​ប្រើ​ទឹកអាស៊ីត​ជា​អាវុធ។ ច្បាប់​នេះ​បាន​កំណត់​ដោយ​ម៉ត់ចត់​លើ​ការគ្រប់គ្រង និង​ចរាចរ​លក់ដូរ​ទឹកអាស៊ីត ដូចជា​អ្នកលក់​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ និង​មាន​អាយុ​លើស​ពី ២០​ឆ្នាំ ហើយ​មិន​ត្រូវ​លក់​ឲ្យ​កុមារ ដូច​ពេល​មុន​ទៀត​ទេ។

ក្នុង​ពិធី​ជួបជុំ​និយាយ​ពី​គ្រោះថ្នាក់​ ដោយ​ទឹកអាស៊ីត នៅ​ថ្ងៃ​នេះ លោកស្រី​ពុង ឈីវហ្គេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​សម្តែង​ការគាំទ្រ​ចំពោះ​រដ្ឋាភិបាល​លើ​ការតាក់តែង​ច្បាប់​គ្រប់គ្រង​ ទឹអាស៊ីត។

លោកស្រី ​បាន​លើក​ឡើង​ថា សោកនាដកម្ម​ដោយ​ទឹកអាស៊ីត​លើ​ជនរងគ្រោះ ដែល​ភាគច្រើន​ជា​ស្ត្រី នៅ​កម្ពុជា​កើត​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ នា​ពេល​នេះ។ ការវាយ​ប្រហារ​ដោយ​ទឹកអាស៊ីត ជា​អំពើ​ហិង្សា​ដ៏​ឃោរឃៅ និង​ជា​បទឧក្រិដ្ឋ ដែល​ត្រូវតែ​ដាក់​ទោស​ធ្ងន់ធ្ងរ​លើ​ជនល្មើស។ ទឹកអាស៊ីត​ធ្វើ​ឲ្យ​ជនរងគ្រោះ​វេទនា​ពិបាក​ជាង​ស្លាប់ អស់​មួយ​ជីវិត។ ទឹក​អាស៊ីត ធ្វើ​ឲ្យ​ជនរងគ្រោះ ពិការ​ភ្នែក រលួយ​ស្បែក ខូច​មុខមាត់ និង​រហូត​ដល់​ស្លាប់។

គិត​ពី​ឆ្នាំ ១៩៩៩ ដល់ ឆ្នាំ​២០០២ មាន​មនុស្ស ៦០ នាក់​រង​របួស​ដោយ​ការវាយ​ប្រហារ​ទឹកអាស៊ីត នៅ​កម្ពុជា និង​មាន ៣​នាក់​បាន​ស្លាប់។ ការវាយ​ប្រហារ​ដោយ​ទឹកអាស៊ីត ភាគច្រើន​កើត​ឡើង នៅ​ភ្នំពេញ និង​ដោយសារ​តែ​រឿង​គំនុំ​ស្នេហា​ត្រីកោណ។ កំណើន​ជនរងគ្រោះ​ដោយ​ទឹកអាស៊ីត​បាន​កើន​ឡើង ជា​បន្ត​បន្ទាប់ នៅ​ឆ្នាំ​២០០៨ មាន​៧ នាក់ ឆ្នាំ​២០០៩ មាន ៣៣ នាក់ និង​៣ ខែ​ដើម ឆ្នាំ​២០១០​នេះ មាន​ជនរងគ្រោះ​ចំនួន ១៤​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ