អានតួអត្ថបទ
ព្រំដែន

ទាហាន​ប៉ារ៉ា​ថៃ​ ៤០​នាក់​ដក​ចេញ​ពី​ចំណុច​ ចាក់ច្រែង​នៅ​ថ្ងៃ​អង្គារ៍​​​ទី​១៦ មីនានេះ

ទាហាន​ប៉ារ៉ា​ថៃ បាន​ដក​ថយ​ចូល​ទៅ​ក្នុង​ទឹកដី​របស់​ខ្លួន​វិញ​ហើយ កាលពី​ម៉ោង​១២​កន្លះ​នៅ​ថ្ងៃ​ទី ១៦​មីនា​នេះ បន្ទាប់ពី​មាន​ការ​ចរចា​រវាង​ទ័ព​ទាំង​ពីរ។ ទ័ព​ថៃ​បាន​បង្កើន​ឡើង​មក​នៅ​ក្បែរ​ច្រក ចាក់ច្រែង លើ​ខ្នង​ភ្នំ​ដងរែក​កាលពី​ថ្ងៃ​ទី ១៤​មីនា ដោយ​អះអាង​ថា​ដើម្បី​ការពារ​មិន​អោយមាន​ការ​ចូល​កាប់​ឈើព្រៃ។

ទាហានខ្មែរ​ការពារនៅតំបន់ព្រំដែនជិត​ប្រាសាទ​ព្រះវិហារ
ទាហានខ្មែរ​ការពារនៅតំបន់ព្រំដែនជិត​ប្រាសាទ​ព្រះវិហារ រូបថត ៖ សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

កងទ័ព​ប៉ារ៉ា​ថៃ​ចំនួន ៤០នាក់​ដែល​បាន​ឡើង​មក​ឈរ​ជើង​ទល់មុខ​កងទ័ព​ខ្មែរ នៅ​ក្បែរ​ច្រក ចាក់ច្រែង​កាលពី​ថ្ងៃ​ទី ១៤​មីនា បាន​ដក​ថយ​ក្រោយ​វិញ​ហើយ នៅ​ថ្ងៃ​ទី ១៦​មីនា​នេះ នេះ​បើ​តាមការ​អះអាង​របស់​លោក​ឧត្តមសេនីយ ឯក ឈុំ សុជាតិ អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា។ អ្នកនាំ​ពាក្យ​ក្រសួង​ការពារជាតិ​ដដែល បាន​បញ្ជាក់​ថា កងទ័ព​ប៉ារ៉ាថៃ​បាន​ដកថយ​នៅ​ម៉ោង ១២​កន្លះ​ថ្ងៃ​ត្រង់​នេះ ដោយ​ទុក​នៅ​កម្លាំង ៤​នាក់​ដើម្បី​ប្រចាំការ ហើយ​ខាង​ភាគី​កម្ពុជា​ក៏​បាន​ទុក​កម្លាំង ៤​នាក់​វិញ​ដែរ​នៅ​ទីនោះ។

កងទ័ព ​ប៉ារ៉ា​ថៃ​នៃ​កងពល​លេខ ៦​បាន​ធ្វើ​ផ្លូវ​ឡើង​មក​ចំណុច​ខាងជើង​ឆៀង​ខាង​លិច​នៃ​ច្រក ចាក់ច្រែង លើ​ខ្នង​ភ្នំ​ដងរែក ហើយ​បាន​ឈរ​ជើង​ទល់មុខ​នៅ​តំបន់​នោះ​កាលពី​ព្រឹក​ថ្ងៃ​ទី ១៤​មីនា ដោយ​បាន​សំអាង​លើ​ហេតុផល​ថា ដើម្បី​ការពារ​មិន​អោយ​មាន​ការ​កាប់ឈើ​ខុស​ច្បាប់។ បន្ទាប់​មក​មេ​បញ្ជាការ​កងទ័ព​កម្ពុជា​គ្រប់​ជាន់ថ្នាក់​បាន​បើក​ការ​ចរចា​ អោយ​ទាហាន​ថៃ​ដក​ខ្លួន​ថយ​ទៅវិញ។ រហូត​ដល់​ម៉ោង ១២​កន្លះ​ថ្ងៃ​ទី ១៦​នេះ ទើប​ទាហាន​ថៃ​បាន​ដកថយ។

លោក​ឧត្តមសេនីយ​ឯក ឈុំ សុជាតិ បាន​អត្ថាធិប្បាយ​ថា ការ​ដកថយ​របស់​ទ័ព​ថៃ​នៅ​ពេល​នេះ បាន​បង្ហាញ​ពី​ការ​យល់គ្នា​កាន់តែ​ច្រើន ក្នុង​រង្វង់​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ដែល​តម្កល់​ការ​ចរចា​ដោយ​សន្តិវិធី​ជា​សំខាន់។ លោក ឈុំ សុជាតិ​បាន​បន្ត​ថា ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​មិន​អោយ​មាន​ការ​ចល័ត​ទ័ព និង​រក្សា​ស្ថេរភាព​នៅ​តាម​ព្រំដែន​នោះ បាន​ធ្វើ​អោយ​កងទ័ព​ថៃ​ទុកចិត្ត​លើ​កងទ័ព​កម្ពុជា។
លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ទើប​តែ​ប្រកាស​ដាក់​បញ្ជា​កាល​ពី​ថ្ងៃ​ទី ១៥​មីនា​ម្សិលមិញ មិន​អោយ​កងទ័ព​ខ្មែរ​ធ្វើ​សកម្មភាព​ចល័ត​កំលាំង​អ្វី​ឡើយ បើ​គ្មានការ​ចាំបាច់ ដើម្បី​ចៀសវាង​ពី​ការ​ចោទ​ប្រកាន់​ពី​ភាគី​ថៃ ថា​កម្ពុជា​ឆ្លៀត​ឱកាស ពេល​ក្រុង​បាងកក​កំពុង​កើត​ចលាចល វឹកវរ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ