អានតួអត្ថបទ
នយោបាយ​

លោក​សម​ រង្ស៊ី​អំពាវនាវ​អោយ​​កសិករ​​ប្តូរ​បច្ចេកទេស​ដាំ​ស្រូវ​ក្នុង​ឆ្នាំ​ថ្មី​

មេ​​គណបក្ស​ប្រឆាំង​គឺ​លោក​សម រង្ស៊ី​បាន​ធ្វើសារ​ជូនពរ​មួយ​ដល់​ពលរដ្ឋ​កម្ពុជា​ក្នុង​ឱកាស​បុណ្យ​ ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ហើយ​បាន​អំពាវនាវ​អោយ​ កសិករ​ខ្មែរ​ផ្លាស់ប្តូរ​គំនិត​ក្នុង​ការ​ដាំ​ស្រូវ។ លោក​សម រង្ស៊ី​ចង់​អោយ​កសិករ​ខ្មែរ​ងាក​មក​ធ្វើ​ស្រែ​តាម​បែប​ប្រព័ន្ធ​ ប្រពលវប្បកម្ម។​

(រូបថត ៖ សុវណ្ណារ៉ា)
ផ្សាយពាណិជ្ជកម្ម

ប្រធាន​គណបក្ស​ប្រឆាំង​លោក​សម រង្ស៊ី​មិន​បាន​សម្ងំ​ស្ងៀម​នៅក្នុង​ការ​គេចខ្លួន​ពី​ក្តីក្តាំ​នៅក្នុង​ ប្រទេស​កម្ពុជា​ឡើយ។ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ លោក​សម រង្ស៊ី​បាន​អំពាវនាវ​ពី​ប្រទេស​បារាំង អោយ​ប្រជា​កសិករ​ខ្មែរ​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការ​ធ្វើ​ស្រែ​ប្រវាស់​មេឃ ឬ​តាម​យថាកម្ម​នោះ មក​ជា​ការ​ធ្វើ​ស្រែ​តាម​ប្រព័ន្ធ​ប្រពលវប្បកម្ម​វិញ។ ការ​ធ្វើ​ស្រែ​តាម​បែប​ប្រព័ន្ធ​ប្រពល​វប្បកម្ម​​គឺ​ជា​របៀប​ធ្វើ​ស្រែ​ ជាមួយ​នឹង​ការ​ច្នៃ​ប្រឌិត តាំង​ពី​ការ​ជ្រើសរើស​ពូជស្រូវ​ការ​ប្រើប្រាស់​ប្រភេទ​ជី ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់។

ក្នុង​សារ​លិខិត​របស់​ លោក​ចុះ​ថ្ងៃទី​១១​មេសា លោក​សម រង្ស៊ី​បាន​អះអាង​ថា គណបក្ស​របស់​លោក​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅលើ​ការ​ បណ្តុះបណ្តាល​បច្ចេកទេស​កសិកម្ម​ទំនើប​ដល់​កសិករ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ ជួយ​ដល់​កសិករ​អោយ​ទទួល​ទិន្នផល​ខ្ពស់ និង​រក​ទីផ្សារ​ជូន​កសិករ ដើម្បី​លក់​កសិផល​ក្នុង​តម្លៃ​ខ្ពស់​សមរម្យ។ ធ្វើ​យ៉ាង​នេះ​គឺ​លោក​សម រង្ស៊ី​អះអាង​ថា ដើម្បី​លើក​កំពស់​កំរិត​ជីវភាព​រស់នៅ​របស់កសិករ​ឲ្យ​បាន​ធូរធារ។

លោក​ យ៉ង់ សាំងកុមារ ​ដែល​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍ​ន៍​​​កសិកម្ម​​កម្ពុជា​​ហៅ កាត់ថា​សេដាក់(CEDAC)​បាន​អត្ថាធិប្បាយ​ថា​​លើ​ការ​អំពាវនាវ​របស់​មេ​គណបក្ស ​ប្រឆាំង​ថា​ជា​ការ​អំពាវនាវ​ត្រឹមត្រូវ និង​ជា​ការ​ជម្រុញ​បន្ថែម​ដល់​ប្រជា​កសិករ​ខ្មែរ​អោយ​ចាប់​អារម្មណ៍​លើ​ការ​ ធ្វើស្រែ​តាម​បែប​ប្រព័ន្ធ​ប្រពល​វប្បកម្ម​នេះ។ លោក​យ៉ង់ សាំងកុមារ​បាន​ពន្យល់​អោយ​ដឹង​ថា​ការ​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការ​ធ្វើ​ស្រែ ​តាម​ យ​ថា​កម្ម ហើយ​ត្រឡប់​ធ្វើ​ស្រែ​តាម​របៀប​ប្រពលវប្បកម្ម​នេះ​គឺ​មាន​តែ​ផ្តល់​ប្រយោជន៍ ​ដល់​កសិករ​ខ្មែរ​តែ​ប៉ុណ្ណោះ។ បើ​តាម​អ្នក​ជំនាញ​កសិកម្ម​រូប​នេះ​សព្វថ្ងៃ​ប្រជា​កសិករ​ខ្មែរ​ច្រើន​ឡើងៗ​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បាន​នាំ​គ្នា​អនុវត្ត​ការ​ដាំស្រូវ​តាម​បែប​ ប្រព័ន្ធ​ប្រពលវប្បកម្ម​នេះ ក្រោយ​ពី​មាន​ការ​ផ្សព្វផ្សាយ​និង​បង្រៀន​របស់​អង្គការ​សេដាក់​របស់​លោក និង​ការ​ចូលរួម​របស់​ក្រសួង​កសិកម្ម។
លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន​ក៏​តែង​បាន​លើកឡើង​ថា​រដ្ឋាភិបាល​របស់​លោក​កំពុង​ដោះស្រាយ​បញ្ហា​ ប្រព័ន្ធ​ស្រោច​ស្រព​ និង​ជម្រុញ​ការ​ផលិតស្រូវ​ដើម្បី​ធ្វើ​យ៉ាងណា​អោយ​កម្ពុជា​អាច​ក្លាយ​ជា​ ប្រទេស​ផលិត និង​នាំចេញ​ស្រូវ​អង្ករច្រើន​ជាង​គេ​ក្នុង​ពិភពលោក​ក្នុង​អំឡុងឆ្នាំ​២០១៥​ ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ