អានតួអត្ថបទ
កម្ពុជា-អន្តោប្រវេសន៍

កៀក​បោះឆ្នោត​វៀតណាម​រាប់​រយ​គ្រួសារ បន្ត​ជិះទូក​ចាក​ចេញ​ពី​កម្ពុជា ព្រោះ​បារម្ភ​ពី​សុវត្ថិភាព

មន្រ្តី​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគតិច បាន​អោយ​ដឹង​ថា ពលរដ្ឋ​វៀតណាម​រស់នៅ​លើ​បឹង​ទន្លេសាប ក្នុង​ខេត្តកំពង់​ឆ្នាំង ជាង​មួយ​រយ​គ្រួសារ បាន​ជិះ​ទូក​ចាក​ចេញ​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​វៀតណាម​វិញ ដោយ​សារ​បារម្ភ​ពី​សុវត្ថិភាព​ផ្លូវ​ច្បាប់​ និង​ពិបាក​រក​ស៊ី​ចិញ្ចឹម​ជីវិត។ មន្រ្តី​ក្រសួង​មហាផ្ទៃ​ ស្វាគមន៍​ការ​ចាក​ចេញ​ដោយ​ស្មគ្រចិត្ត​របស់ជន​ជាតិ​វៀតណាម​ទាំ​​ង​នោះ តែ​បដិសេធតួលេខ​នៃ​ការ​ចាកចេញ​តាម​ផ្លូវ​ទឹក​ របស់​ជនជាតិ​វៀតណាម​ជាង ៥០០០នាក់​ ដែល​បាន​ផ្សាយ​លើ​សារព័ត៌មាន​វៀតណាម កាល​ពី​ចុង​ខែ​កក្កដា កន្លង​ទៅ ថា មិន​ច្រើន​ដល់​ម្លឹង​ឡើយ។​

ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា
ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

មន្រ្តី​គម្រោង​សិទ្ធិ​មនុស្ស អង្គការ​ការពារ​សិទ្ធិ​ជន​ជាតិ​ភាគតិច លោក សឺន ជុំ​សុធន បាន​ប្រាប់​វិទ្យុបារំាង​អន្តរជាតិ នៅ​ថ្ងៃសុក្រ នេះ​ថា នៅ​ខែ​ក្រោយ ជនជាតិ​វៀតណាម​ជាង ៥០​គ្រួសារ ទៀត ក្នុង​ចំណោម​ពលរដ្ឋ​វៀតណាម ជាងមួយ​ពាន់​គ្រួសារ ដែល​រស់នៅ​លើ​បឹងទន្លេ​សាប ក្នុង​តំបន់​ពាមញ ស្រុក​រលៀប្អៀរ ខេត្ត​កំពង់ឆ្នាំង នឹង​បន្ត​ចាកចេញ​ពី​កម្ពុជា តាម​ផ្លូវទឹក និង​ផ្លូវគោក ដោយ​សារ​បារម្ភ​សុវត្ថិភាព នៅ​កៀក​ពេល​បោះឆ្នោត និង​ពិបាក​រកស៊ី​ចិញ្ចឹមជីវិត។

 
លោក​បាន​បន្ថែម​ថា ជនជាតិ​វៀតណាម​ជាង មួយ​រយ​គ្រួសារ​ហើយ ដែល​បាន​លួច​ធ្វើ​ដំណើរ​ដោយ​ទូក ចាកចេញ​ពី​កម្ពុជា នៅ​ពេល​កណ្តាល​រាត្រី ត្រឡប់​ទៅ​វៀតណាម​វិញ ព្រោះ​មិន​ចង់​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​អន្តោរប្រវេសន៍ ខណៈ​ពួកគេ​ចូល​មក​កម្ពុជា និង​រស់នៅ​ដោយ​គ្មាន​ឯកសារ​ស្រប​ច្បាប់។

 
មន្រ្តី​គម្រោង​សិទ្ធិ​មនុស្ស អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគតិច បាន​បញ្ជាក់​ថា តាម​ការ​សង្កេត​របស់​លោក ជនជាតិវៀតណាម ដែល​រស់នៅ ក្នុង​សង្កាត់​ស្លក្រាម ជ្រាវ គោកចក ខេត្តសៀម​រាប់​រយ​គ្រួសារក៏​បាន​ចាក​ចេញ​តាម​ផ្លូវគោក ជា​បន្តបន្ទាប់ ទៅ​វៀតណាម ផង​ដែរ។
បើ​តាម​លោក សឺន ជុំ​សុធន បន្ទាប់​ពី​បោះឆ្នោត​រួច ឬ​ស្ថានភាពទំនាក់​ទំនង​មិត្តភាព​កម្ពុជា វៀតណាម​បាន​ធូរ​ស្រាល​ជាង​នេះ ជនជាតិ​វៀតណាម​ទាំង​នោះ ​អាច​នឹង​ត្រឡប់​មកវិញ​ចំនួន​ច្រើន​ជាង​អ្នក​ចាកចេញ ខណៈ​អ្នក​ចាកចេញ​ហើយ​មិន​ត្រឡប់ មាន​ចំនួន​តិចតួច។

 
លោក​បន្ថែម​ថា ទូក ឬ​ផ្ទះ របស់​ពួកគេ ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ ចន្លោះ​ពី ១០០ ទៅ ២០០​ដុល្លារ ប៉ុណ្ណោះ ដើម្បី ធ្វើ​ជា​សោហ៊ុយ ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ ឆ្លង​កាត់ តាម​ច្រក​ព្រំដែន តាកែវ និង​ស្វាយរៀង ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀតណាម។

 
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ស្វាគមន៍​ការ​ចាកចេញ​ពី​កម្ពុជា ដោយ​ស្ម័គ្រចិត្ត​របស់​ជនជាតិវៀតណាម ទាំង​នោះ ។ លោក​បន្ថែម​ថា ដើម្បី​បាន​សិទ្ធិ​រស់នៅ​ជា​ជន​អន្តោរប្រវេសន៍​ស្រប​ច្បាប់ ជន​បរទេស ត្រូវបង់​ប្រាក់​ប្រចាំ​ឆ្នាំ ២សែន៥មឺនរៀល ដើម្បី​ទទួល​បាន​សិទ្ធិ​រស់នៅ​ស្របច្បាប់ ។ យ៉ាង​ណា​ក៏​ដោយ​ រដ្ឋាភិបាល កម្ពុជា នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ស្ម័គ្រចិត្ត​ចាក​ចេញ​របស់​ជនអន្តោរប្រវេសន៍​ខុសច្បាប់​ទាំងអស់​នៅ​កម្ពុជា​។

 
អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ លោក សុខ ផល បាន​បញ្ជាក់​បន្ថែម​ថា ពិត​ជា​មាន​វៀតណាម នៅ​ទូទាំង​ប្រទេស បាន​ចាក​ចេញ​ពី​កម្ពុជា មែន ដោយ​សារ ការ​រកស៊ី​ពិបាក​ជាងមុន។ លោក​បន្ថែម​ថា ជនជាតិ​វៀតណាម​រស់នៅ​លើ​ទឹក ក្នុង​ខេត្តកំពង់ ត្រូវ​បាន​អាជ្ញាធរ​ស្នើ​អោយ​ចាកចេញ​ពី​លើទឹក ក៏​អាច​ជា​មូលហេតុ​មួយដែរ បើទោះបី​ជា រដ្ឋាភិបាល មិន​ទាន់​មាន​ផែន​ការណ៍ ជម្លៀស​វៀតណាម លើ​ទឹក មក​រស់នៅ​លើ​គោក​ក៏​ដោយ​។

 
អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ បាន​បដិសេធន៍ ពី​តួលេខ ជនជាតិ​វៀតណាម ៥០០០នាក់ បាន​ធ្វើដំណើរ​តាម​ផ្លូវ​ទឹក ពី​កម្ពុជា ទៅ​ដល់ វៀតណាម ផ្សាយ​លើ​សារព័ត៌មាន​វៀតណាម Vietnam Net កាលពី​ចុងខែកក្កដា ២០១៦ ថា មិន​មាន​ច្រើន​ដល់​ម្លឹង​ទេ។

 
គួរ​ជម្រាប​ថា តាម​របាយការណ៍ ចុង​ក្រោយ របស់​ក្រសួង​មហាផ្ទៃ មាន​ជនជាតិ​វៀតណាម​រស់នៅ​កម្ពុជា ប្រមាណ ១៦​ម៉ឺន​នាក់ ក្នុង​នោះ ១៣​ម៉ឺន​នាក់ រស់នៅ​ដោយ​ខុស​ច្បាប់ ខណៈ​អ្នករស់នៅ​ស្រប​ច្បាប់​មាន​ត្រឹម​តែ៣ម៉ឺន​នាក់៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ