អានតួអត្ថបទ
កម្ពជា

អនុ​ប្រធាន​​​ប្ដឹង​​​រំលាយ​​​បក្ស​​​សម្បុក​​ឃ្មុំ​​​ហើយ​​​មាន​​​គម្រោង​​​បង្កើត​​​គណបក្ស​​ថ្មី​​

វិវាទ​ផ្ទៃក្នុង​គណបក្ស​សម្បុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​រហូត​មក​ដល់​ពេលនេះ​ឈាន​ដល់​ការ​ដាក់​ពាក្យ​បណ្ដឹង​ឲ្យ​រំលាយ​គណបក្ស។ លោក ហៀង ឬទ្ធី អនុ​ប្រធាន​គណបក្ស​ដែល​ជា​អ្នក​ដាក់ពាក្យ​បណ្ដឹង​ដោយ​ផ្ទាល់​នោះរួម​និង​អ្នក​ច្បាប់​ឯទៀត​ប្រកាស​ថា​ មាន​គម្រោង​បង្កើត​​គណបក្ស​ថ្មីនិង​បាន​ប្រកាស​ចង់​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ផ្សេង​ជា​មុន​។

លោក ម៉ម សូណង់ដូ ជាប់​ជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំស​ង្គម​ប្រជាធិបតេយ្យ​ជា​ផ្លូវ​ការ។
លោក ម៉ម សូណង់ដូ ជាប់​ជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំស​ង្គម​ប្រជាធិបតេយ្យ​ជា​ផ្លូវ​ការ។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក ហៀង​រិទ្ធី អនុ​ប្រធាន​គណបក្ស​សម្បុកឃ្មុំ​សង្គម​ប្រជាធិតេយ្យ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ក្រុងភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​០៦​តុលា​ឆ្នាំ២០១៥ ​ស្នើ​សុំ​រំលាយ​គណបក្ស​មួយ​នេះ​ចោលបន្ទាប់​ពី​រូបលោក​និង​លោក ម៉ម សូណង់ដូ ដែល​ជា​ប្រធាន​ធ្វើ​ការ​មិន​ចុះ​សម្រុង​គ្នា​ដែល​ផ្ដើមចេញ​ពី​បញ្ហា​ហិរញ្ញវត្ថុ​និង​បញ្ហា​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ពាក្យ​បណ្ដឹងរបស់​លោក ហៀង ឬទ្ធី នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​តុលាការ​ទេ ហើយ​លោក​នឹង​រង​ចាំពេល​មួយ​សប្ដាហ៍​ទៀត​ក្រែង​មាន​ការ​កោះ​ហៅ​ពី​តុលាការ។ តែ​លោកថា​ គ្មាន​សង្ឃឹម​នឹង​ទទួលបាន​យុត្តិធម៌​ពី​តុលាការ​ស្រុក​ខ្មែរ​ឡើយ។

លោក ហៀង រិទ្ធី រួម​និង​អ្នក​ច្បាប់​ឯ​ទៀត​ដែល​បាន​តួនាទី​នៅ​ក្នុង​គណបក្ស​ជា​អគ្គលេខាធិការ អគ្គលេខាធិការរង បាន​ចោទ​លោក ម៉ម សូណង់ដូ ថា​ជា​អ្នក​ប្រជាធិបតេយ្យ​មាន​តែ​ឈ្មោះ​ហើយ​ក្រុម​របស់​លោក​នឹង​ដើរ​ចេញ​ពី​លោក ម៉ម សូណង់ដូ​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត​គឺប្រមូល​អ្នក​ជាតិ​និយម​មក​ចង់​ក្រង​គ្នា​ដោយ​មិន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ផ្សេងទេ។​ វិទ្យុបារាំងអន្តរជាតិRFI​មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​លោក ម៉ម សូណង់ដូ​បានទេ។

បើតាម​លោក​ហៀង​ រិទ្ធី គម្រោង​បង្កើត​បក្ស​ថ្មី​ហាក់​នៅ​ឆ្ងាយ​បន្តិច ​តែ​បំណង​របស់​លោក​បាន​ប្រកាស​ទុក​ជា​មុន​ថា​នឹង​ចង់​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ផ្សេង​ទៀត​ដើម្បី​ដោះ​ស្រាយ​ប្រទេសជាតិ​ប្រសិន​បើ​លោក​បង្កើត​គណបក្ស។ ការ​មិន​ចុះ​ចូល​ជាមួយ​គណបក្ស​ផ្សេង​បាន​ធ្វើ​ឲ្យ​អនុប្រធាន​គណបក្ស​សម្បុកឃ្មុំ​រូបនេះ​រិះគន់​ទៅ​លើ​សកម្មភាព​កន្លងមក​របស់​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ថា​បាន​បោក​ប្រាស់​ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា​ ជម្លោះ​ផ្ទៃ​ក្នុង​គណបក្ស​សម្បុកឃ្មុំ​គឺ​កើតចេញ​ពី​ការងារ​មិន​ចុះ​សម្រុង​គ្នា​រវាង​ប្រធាន​និង​អនុប្រធាន​បក្ស​ពិសេស​ទាក់ទង​ហិរញ្ញវត្ថុ​របស់​គណបក្ស​ប្រើប្រាស់​គ្មាន​តម្លាភាព។ គួររម្លឹកថា គណបក្ស​សម្បុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​បានរៀបចំ​សមាជកាល​ពីថ្ងៃ​ទី​៩កញ្ញា​និងសម្រេច​ជ្រើស​លោកម៉ម​ សូណង់ដូ ជាប្រធាន៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ