អានតួអត្ថបទ
កម្ពជា

លោក សុខ ទូច ថា​តំណាងរាស្ត្រ​ អ៊ុំ សំអាន «អត់ចេះមើលផែនទី»

ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​នៃ​រាជបណ្ឌិតសភា​ខ្មែរ បាន​អះអាង​នៅថ្ងៃនេះ​ថា លោក អ៊ុំ សំអាន ដែលជា​អ្នកតំណាងរាស្ត្រ «អត់​ចេះ​មើល​ផែនទី»។ លោក សុខ ទូច ថ្លែង​ដូច្នេះ បន្ទាប់ពី​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​បាន​ផ្ទៀងផ្ទាត់​ផែនទី​កម្ពុជា ប្រភេទ​បោ​ន ខ្នាត១/ ១០០ ០០០ ដែល​លោក អ៊ុំ សំអាន បាន​រកឃើញ​នៅ​បណ្ណាល័យ​អង្គការសហ​ប្រជាជាតិ។ អ្នកតំណាងរាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ធ្លាប់បាន​តម្រូវឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា «សើរើ​ការបោះបង្គោល​ព្រំដែន​ឡើងវិញ» ដោយ​សម្អាង​លើ​ផែនទី​ដែល​លោក សុខ ទូច ថា «មិន​ស្របច្បាប់»។ 

ផ្សាយពាណិជ្ជកម្ម

លោក សុខ ទូច ដែលជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​នៃ​រាជបណ្ឌិតសភា​ខ្មែរ បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ថា ក្រុមការងារ​លោក​បាន​ផ្ទៀងផ្ទាត់​រួចរាល់​ហើយ នូវ​ផែនទី​កម្ពុជា ប្រភេទ​បោ​ន ខ្នាត១/១០០០០០ ដែល​តំណាងរាស្ត្រ អ៊ុំ សំអាន ទើប​រកឃើញ។  លោក សុខ ទូច អះអាងថា អ្នកតំណាងរាស្ត្រ​កម្ពុជា​រូបនេះ «អត់​ចេះ​មើល​ផែនទី»។

 
សូម​រម្លឹកថា លោក អ៊ុំ សំអាន តំណាងរាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​រកឃើញ​ផែនទី​កម្ពុជា«ជាង២០ផ្ទាំង» ប្រភេទ​បោ​ន ខ្នាត១/១០០០០០ បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូ ចិន​​ឆ្នាំ១៩៥២ និង​ឆ្នាំ១៩៥៣ នៅក្នុង​បណ្ណាល័យ​អង្គការសហប្រជាជាតិ​កាលពីពេលថ្មី។

លោក អ៊ុំ សំអាន បាន​សរសេរ​សារ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក ជម្រុញ​ឱ្យ​រដ្ឋាភិបាល«សើរើ​ការបោះ​បង្គោល​ព្រំដែន​ឡើងវិញ»ដោយ​សម្អាង​លើ​ផែនទី​ដែល​ទើប​រកឃើញ​នោះ ហើយ​ដែល​លោក​អះអាងថា«ស្របតាម​មាត្រា២នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា»។ អ្នកតំណាងរាស្ត្រ​រូបនេះ បាន​សរសេរ និង​ផ្តល់​សម្ភាសន៍​ឱ្យ​វិទ្យុ​អាស៊ីសេរី និង​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ អំពី​ផែនទី​នេះ​ជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥មក។

ប៉ុន្តែ ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​នៃ​រាជបណ្ឌិតសភា បាន​ផ្ទៀងផ្ទាត់​ឃើញថា ក្នុងចំណោម​ផែនទី​កម្ពុជា​ចំនួន«២៣ផ្ទាំង»នោះ «មានតែ១១ផ្ទាំង​ទេ​ដែល​អាច​ប្រើការ​បាន» រីឯ​ផ្ទាំង​ផ្សេងៗ​ទៀត មាន​ខ្លះ​ជា«ផែនទី​រួម» ខ្លះ​ជា«ផែនទី​នៅលើ​ទឹកដី​វៀតណាម» និង​ខ្លះទៀត​ជា«ផែនទី​តំបន់​ក្នុង​ផ្ទៃ​ប្រទេស  មិនមែនជា​ផែនទី​ព្រំដែន​ទេ»។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់លោក សុខ ទូច ដែល​បានបញ្ជាក់​បន្ថែមថា នៅលើ​ផែនទី​នោះ«ពុំមាន​ការចុះហត្ថ​លេខា​ទទួលស្គាល់»ជា​អន្តរជាតិ​ក្នុង​ចន្លោះ​ពី​ឆ្នាំ១៩៦៣ ដល់​ឆ្នាំ១៩៦៩ ដូច​មានចែង​ក្នុង​មាន​ត្រា២នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ទេ៕ 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ