អានតួអត្ថបទ
កម្ពុជា

នៅពេលយប់ ការរក្សា​សុវត្ថិភាព​ពលរដ្ឋពី​សំណាក់​អាជ្ញា​ធរ នៅ​មិន​ទាន់​បាន​គ្រប់ជ្រុង​ជ្រោយ!

នៅ​ថ្ងៃ​អាទិត្យ​នេះ អ្នក​តំណាងអង្គការ​​សង្គម​ស៊ីវិល សិស្ស​និស្សិត និង​អ្នក​រកស៊ីផ្លូវភេទ ​ប្រមាណ​ជាង​៣០០​នាក់ បាន​ជួប​ជុំ​គ្នា ចែក​រំលែក​បទពិសោធ​ និង​ថ្លែង​ពី​ក្តី​ព្រួយ​បារម្ភ​របស់​ពួក នៅ​ពេល​ដែល​ធ្វើការ​យប់ ឬ​ក៏​ធ្វើ​ដំណើរ​នៅ​ពេល​រាត្រី​។ ពិធីនេះ រៀបចំ​នៅ​សណ្ឋាគារ​ហ៊ី​ម៉ាវ៉ារី​។ ក្រៅ​ពី​ថ្លែង​ក្តី​ព្រួយ​បារម្ភហើយ ពួក​គេ​ទាំង​នោះ ចង់​ឲ្យ​អាជ្ញធរ​មាន​សមត្ថកិច្ច​រឹត​បណ្តឹង​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ និង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​ឲ្យ​បាន​គ្រប់គ្រាន់​។

អ្នក​ចូលរួមម្នាក់​សរសេរ​លើដៃថា ទីក្រុង​សុវត្ថិភាព​សម្រាប់ស្ត្រី
អ្នក​ចូលរួមម្នាក់​សរសេរ​លើដៃថា ទីក្រុង​សុវត្ថិភាព​សម្រាប់ស្ត្រី RFI@HENG Oudom
ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​វេទិកា​នេះ​ ​«សម្ព័ន្ធ​ទីក្រុង​សុវត្ថិភាព​សម្រាប់​ស្រ្តី» អង្គការ​Act!onaid និងអង្គការ​មួយ​ចំនួន​ ​ដែល​ធ្វើ​ការ​ដើម្បី​គាំពារ​សិទ្ធិ​ស្ត្រី​នៅ​ស្រុក​ខ្មែរ បាន​ផ្តល់​ឲ្យ​ឱកាស​ឲ្យ​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​និង​នារី​បម្រើ​សេវា​កម្សាន្ត​ ឡើង​បញ្ចេញ​បទ​ពិសោធ​ជីវិត។ នារី​រក​ស៊ីវ​ផ្លូវ​ភេទ និង​ធ្វើការ​នៅ​ខារ៉ា​អូខេម្នាក់ បាន​ឡើង​លើវេទិកា ហើយ​​លាត​ត្រដាង​អាជីព​ផ្ទាល់ខ្លួន។ នាង​​បាន​ឲ្យដឹង​ដែរ​ថា ការ​រកស៊ី​ធ្វើ​ការ​ពេល​យប់​ ប្រឈម​នឹង​ឧបសគ្គ​ច្រើន​។ នោះ​គឺ​ប្រឈមពី​​ការ​លូក​លាន់​ពី​ភ្ញៀវ ហើយពេល​​ចេញ​ពី​កន្លែង​ធ្វើការ​ក៏​មាន​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ ចោរ​ឆក់​ភ្លន់។ ឯ​​ភ្លើង​បំភ្លឺ​តាម​ដង​ផ្លូវ​ ក៏មិន​គ្រាន់​គ្រាន់​ថែមទៀត​។

ចំពោះ​ចំណុច​នេះ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ CCiM ក៏​បាន​ចាក់​បញ្ចាំង​​វីដេអូ​ខ្លី​មួយ ដែល​បង្ហាញ​ពី​នារី​​បម្រើ​ការ​នៅ ​KTV ត្រូវ​ចោរ​ឆក់ ដួល​របួស។ ក្នុង​នោះ ក៏​​មាន​ការ​បង្ហាញ​ពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពេល​យប់ ដែល​នាំ​ឲ្យ​ស្លាប់​មនុស្ស​ទៀត​ផង។

មិន​តែប៉ុណ្ណោះ ​កម្មការិនី​រោង​ចក្រផ្សេង​ទៀត ដែល​ចូលរួម​ក្នុង​វេទិកានេះ​ ក៏​ជួប​នឹង​បញ្ហា​មិន​តិច​ដែរ នៅ​ពេល​ដែល​ពួក​គេ​​ធ្វើការ​ថែម​ម៉ោង​ដល់​យប់​នោះ។ ក្រៅ​ពីសម្ពាធ​ពី​ថៅកែ​ នៅ​ពេល​យប់​ ចេញពីធ្វើការ​ ពួក​គេ​ត្រូវ​បារម្ភ​ពីការ​ធ្វើ​ដំណើរ​ដែល​អសុវត្ថិភាព​តាម​ដង​ផ្លូវ និង​កន្លែងការ​គ្មាន​ភ្លើង​អំពូល​បំភ្លឺ​ផ្លូវ​។​

បន្ថែម​ពី​នេះ​ និស្សិត​ស្រីៗ បាន​បញ្ចេញ​បទ​ពិសោធ​ផ្ទាល់​ខ្លួន​ក្នុង​ជំនួប​នោះ​ដែរ​ថា នៅពេល​ដែល​ពួកគេ​ស្លៀក​ខ្លី​ទៅ​សាលា ត្រូវ​រង​ការម៉ាក់​ងាយ ការ​​ពេប​ជ្រាយ​ជា​ដើម។ ហើយ​ពេល​ចេញ​ពី​សាលា​រៀន​ពេល​យប់ គឺ​ប្របក​ដោយ​ក្តីព្រួយ​បារម្ភ។
 

ចំពោះ​យុវជន​ប្រុស​ៗ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះវិញ បាន​ប្រាប់វិទ្យុ​បារាំង​ថា នៅ​ពេល​យប់ ក្នុង​ទីក្រុង មិន​មែន​តែ​ស្រីៗ​ទេ ដែល​ប្រឈម​ឧបសគ្គ​ ពួក​ប្រុស​ៗ ក៏​ប្រឈម​ដូច​គ្នា ពិសេស​គឺ​សុវត្ថិភាព មិន​ថា​គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​ការ​ឆក់​ភ្លន់​នោះទេ។ ដូច្នេះ​ ពួក​គេ​យល់​ថា អាជ្ញាធរ​មាន​សមត្ថិកិច្ច​គួរ​ដាក់​ពន្រាយ​កម្លាំង​ការពារ​ឲ្យ​បាន​​ច្រើន​ជាង​មុន ដើម្បី​រឹតបន្តឹង​សុវត្ថិភាព ហើយ​លើស​ពីនេះ​ត្រូវ​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​បាន​គ្រប់​កន្លែង​​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ