អានតួអត្ថបទ
កម្ពជា

រដ្ឋាភិបាល​​សម្រេច​​ដក​​សិទ្ធិ​​គ្រប់​​គ្រង​​ការ​​លក់​​សំបុត្រ​​ចូល​​ទស្សនា​​ប្រាសាទ​​អង្គរ​ពី​​ក្រុម​ហ៊ុន សុខា​

នៅទី​បំផុត​ទៅ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច ដក​សិទ្ធិ​គ្រប់​គ្រង​លើ​ការ​លក់​សំបុត្រ ចូលទស្សនា​ប្រាសាទ​អង្គរ ពីក្រុមហ៊ុន សុខា របស់​លោក​ឧកញ៉ា​សុខ គង់ ​វិញ​ហើយ។ គណៈកម្មការ​អន្តរ​ក្រសួង​មួយ​ដឹកនាំ​ដោយ​ក្រសួង​ទេសចរណ៍​និង​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹង​ត្រូវប​ង្កើត​ឡើង ដើម្បី​សិក្សា​លើ​សេចក្តី​សម្រេច​នេះ។ ការ​ប្រគល់​ភារកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​លើ​ចំណូល​ពី​ប្រាសាទ​ អង្គរ គឺជា​ប្រធានបទ​ដែល​គណបក្ស​ប្រឆាំងបាន​រិះគន់​ជា​យូរ​មក​ហើយ។ 

ឥណ្ឌា​ចាប់​​សាងសង់​​ប្រាសាទ​​ព្រហ្មសាសនា​​មួយ​​ដែល​​ចម្លង​​រូបរាង​​ពី​ប្រាសាទ​​អង្គរវត្ត​​នៅ​ក្នុង​​ទីក្រុង​​បាហៀរ​
ឥណ្ឌា​ចាប់​​សាងសង់​​ប្រាសាទ​​ព្រហ្មសាសនា​​មួយ​​ដែល​​ចម្លង​​រូបរាង​​ពី​ប្រាសាទ​​អង្គរវត្ត​​នៅ​ក្នុង​​ទីក្រុង​​បាហៀរ​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

សេចក្ដី​សម្រេច​នេះ​នឹង​ចាប់​អនុវត្ត​នៅ​ដើម​ឆ្នាំ​២០១៦​ខាងមុខ​នេះ​ត​ទៅ។ នេះបើយោងតាម​សេចក្តី​សម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី០៦ ខែ​វិច្ឆិកា​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក ការ​ដក​សិទ្ធិ​គ្រប់​គ្រង​លើ​ការ​លក់​សំបុត្រចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​នេះ​ថា គឺជា​ដំណឹង​ដ៏ល្អ​មួយ សម្រាប់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស។ ហើយ​រាជរដ្ឋាភិបាល​នឹង​កាន់​កាប់​ចាត់ចែង គ្រប់គ្រង តំបន់​អង្គរ​ទាំង​មូល រួមទាំងបុគ្គលិក និងចំណូលចំណាយ។ បើ​តាម​កិច្ចប្រជុំ​នេះ គណៈកម្មការ​អន្តរ​ក្រសួងមួយ​ដឹកនាំ​ដោយ​ក្រសួង​ទេសចរណ៍​និង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹង​ត្រូវ​បង្កើតឡើង ដើម្បី​សិក្សា​លើ​សេចក្តី​សម្រេច​នេះ។

តាមពិត​ទៅ កិច្ច​សន្យា​រវាង​ក្រុមហ៊ុនសុខា របស់​លោក​ឧកញ៉ា សុខ គង់ និង​រដ្ឋាភិបាលកម្ពុជា ស្ដីពី ការ​គ្រប់​គ្រង​ប្រាសាទ​អង្គរ​វត្ត​នេះ មិន​ទាន់​ផុត​កំណត់​នៅ​ឡើយទេ ព្រោះថា កិច្ចសន្យា​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ២០០០​នោះ មាន​រយៈ​ពេល​រហូត​ដល់​ទៅ​៩០ឆ្នាំ​ឯណោះ។ ហើយ​ការ​ដក​សិទ្ធ​គ្រប់​គ្រង​ពី​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សុខ គង់ នៅមុន​ពេល​កំណត់​នេះ បាន​ធ្វើ​ឡើង​ដោយ​ពុំ​មាន​ការ​បញ្ជាក់​ពី​មូលហេតុ​នោះ​ទេ។ ប៉ុន្តែបើតាម លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី ការ​សម្រេច​ដក​សិទ្ធិគ្រប់គ្រង​លើ​ការ​លក់សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ពី​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សុខ គង់ នេះ គឺស្ថិត​នៅ​ក្នុង​គម្រោង​របស់​រដ្ឋាភិបាល​យូរ​មក​ហើយ ហើយ​ការ​ប្រកាស​នៅពេលនេះ គឺ​ចំពេល​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ពន្ធដា សំដៅទាញ​រក​ចំណូល​ឲ្យ​បាន​ច្រើន ដាក់​ទៅ​ក្នុង​ថង់​ថវិកា​ជាតិ។

សូមបញ្ជាក់ថា ការ​ប្រគល់​សិទ្ធិ​គ្រប់គ្រង​លើ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​ប្រាសាទអង្គរ​ពី​ក្រុម​ហ៊ុន​ឯកជន​នេះ បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​រិះគន់​របស់​គណបក្ស​ប្រឆាំងជា​យូរ​មក​ហើយ។ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ លោក សម រង្ស៊ី បាន​សន្យា​ជាមួយ​អ្នក​គាំទ្រ​ថា នឹង​យក​ប្រាសាទ​អង្គរវត្ត​នេះ មក​ឲ្យ​រដ្ឋគ្រប់​គ្រង​វិញ នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត។ យ៉ាងណាក៏ដោយ លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ បាន​ស្វាគមន៍​ចំពោះ​សេចក្ដី​សម្រេច​នេះ។ ប៉ុន្តែ​លោក សុន ឆ័យ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​បើក​ការ​ស៊ើប​អង្កេត​មួយ  ទៅ​លើការ​អនុវត្ត​កិច្ចសន្យា​របស់​ក្រុមហ៊ុន ព្រោះ​លោក ជឿជាក់​ថា ការ​អនុវត្ត​កន្លង​មក​គ្មានតម្លាភាព​នោះ​ទេ។

យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​ថា ចំណូល​ដែល​បាន​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​​រមណីយដ្ឋាន​អង្គរ​រយៈ​ពេល​១០​ខែ​ឆ្នាំ​២០១៥ មាន​ចំនួន​ជាង​៤៧​លានដុល្លាសហរដ្ឋ​អាមេរិក ពីភ្ញៀវចំនួន ១,៦៧៧,៣៥២នាក់៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ