អានតួអត្ថបទ
កម្ពជា-សង្គម

ក្រសួង​អប់រំ​កំពុង​ស្រាវ​ជ្រាវ​ករណី​គ្រូ​បង្រៀន​នៅ​បាត់​ដំបង​រង​ការ​គំរាម​ជីវិត

ក្រុម​ការ​ងារ​របស់​ក្រសួង​អប់រំ យុវជន និង កីឡា សហការ​ជា​មួយ​មន្ទីរ​អប់​រំ​ខេត្ត​បាត់ដំបង​បាន​ចុះ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ តាំង​ពី​ថ្ងៃ​សុក្រ​ទី​២៧​ឧសភា​កន្ល​ង​ទៅ​ ជុំវិញ​ករណី​របស់​អ្នកគ្រូ​ម្នាក់​ឈ្មោះ ញាណ ​ប៊ុនសុជាតា​ បង្រៀន​នៅ​សាលា​បឋម​សិក្សា​កំប៉ូវ ដែល​រង​ការគំរាម​សម្លាប់​ពី​មនុស្ស​មួយ​ក្រុម​បន្ទាប់​ពី​អ្នក​គ្រូ​បាន​ ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ទាក់​ទង​ការជួយ​កុមា​រី​ម្នាក់​ឲ្យ​មាន​ឱកាស​បាន​ ចូល​រៀន។

រូបថតៈនេះគឺជាសកម្មភាពរបស់អ្នកគ្រូ ញាណ ប៊ុនសុជាតា​ ដែលរងការគំរាមជីវិត
រូបថតៈនេះគឺជាសកម្មភាពរបស់អ្នកគ្រូ ញាណ ប៊ុនសុជាតា​ ដែលរងការគំរាមជីវិត @facebook កូនខ្មែរបាត់ដំបង
ផ្សាយពាណិជ្ជកម្ម

ក្រុម​ការ​ងារ​របស់​ក្រសួង​អប់​រំ​យុវជន​និង​កីឡា បាន​ចុះ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ភ្លាមៗ​ជុំវិញករណី​គំរាម​ជីវិត​ចំពោះ​អ្នកគ្រូ ញាណ ប៊ុនសុជាតា ដែល​បង្រៀន​នៅ​សាលា​បឋមសិក្សា​កំប៉ូវ​ក្នុង​ខេត្ត​បាត់​ដំបង។ ក្រសួង​អប់​រំចាត់​ទុក​ថា នេះ​ជា​ករណី​ទី​១​មិន​ធ្លាប់​កើតមាន​ឡើយ​នៅ​ក្នុង​វិស័យ​អប់​រំ​នៅ​កម្ពុជា ប្រសិន​បើ​ពាក់ព័ន្ធ​គ្រូប​ង្រៀន​ត្រូវ​បាន​គេ​គំរាមជីវិត​ដោយ​សារ​ស​កម្ម​ភាព​មនុស្ស​ធម៌​ជួយ​សិស្ស​របស់​ខ្លួន​នោះ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ក្រសួង​នៅ​មិន​ទាន់​ហ៊ាន​វាយ​តម្លៃ​ថា ករណី​នេះ​ជា​ការ​ពិត​ឬយ៉ាង​ណា​ទេ​ដោយ​រង​ចាំ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ជា​មុន​សិន។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន​និង កីឡា ។  

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អ្នក​គ្រូ ញាណ ប៊ុនសុជាតា សុំ​មិន​ធ្វើ​អធិប្បាយ​អ្វី​ច្រើន​ទេ​ដោយគ្រាន់​តែ​បញ្ជាក់​ថា អ្នក​គ្រូ​ពិត​ជា​ទទួល​រង​ការ​គំរាម​ដល់​ជីវិត​មែន។ និង​បាន​អះអាង​ថា​ក្រសួង​អប់រំ​និង​មន្ទីរ​អប់​រំ​ខេត្ត​បាន​ជួយ​រក​ដំណោះស្រាយ​ដល់​អ្នក​គ្រូ​រួច​ហើយ។

តែ​ដំណោះ​ស្រាយ​អ្វី​ខ្លះ​អ្នក​គ្រូ​សុំ​មិន​បក​ស្រាយ។​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​អ្នក​គ្រូ​នឹងបង្រៀន​សិស្ស​ដូច​ដើម​វិញ​នា​ឆ្នាំ​ក្រោយ​បន្ទាប់​ពី​អ្នក​គ្រូ​ជា​សះ​ពី​ជំងឺ​និង​បន្ទាប់​ពី​ករណីគំរាម​ជីវិត​នេះ​ត្រូវ​បាន​គេ​បំភ្លេច។

សូម​បញ្ជាក់​ថា ព័ត៌​មាន​ស្ដី​ពី​ការ​គំរាម​ជីវិត អ្នកគ្រូ ញាណ ប៊ុនសុជាតា ត្រូវ​បាន​អ្នក​ប្រើប្រាស់​ហ្វេស​ប៊ុក​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រៀត​កាល​ពីប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​រួម​ជា​មួយ​និង​ការ​រិះ​គន់។

ករណី​គំរាម​ជីវិ​តអ្នក​គ្រូ ញាណ ប៊ុនសុជាតា កើត​មាន​ឡើង​ក្រោយ​អ្នក​គ្រូ​ធ្វើ​សកម្មភាពមនុស្ស​ធម៌​តាម​រយៈ​ការ​ផ្ដល់​ឱកាស​ឲ្យ​ក្មេង​ស្រី​ម្នាក់​បាន​ចូល​រៀន​ដូច​ក្មេង​ដទៃ​ទៀតបន្ទាប់​ពីក្មេ​ងស្រី​រូប​នោះ​បាន​អើត​តាម​បង្អួច​លួច​មើល​សកម្មភាព​បង្រៀន​របស់​អ្នក​គ្រូ។ មុន​កើត​មាន​ករណី​គំរាម​ជីវិត​អ្នកគ្រូ ​ញាណ ប៊ុនសុជាតា​ ត្រូវ​បាន​គេ​លើក​សសើរ​ថា អ្នក​គ្រូ​បាន​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ជា​ច្រើន​ចំពោះ​សិស្ស​ទូទៅ៕​

 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ