អានតួអត្ថបទ
កម្ពុជា

លោក កឹម សុខា៖ អ្នកកាន់​អំណាច​ផ្តាច់​ការ តែង​តែ​យក​អ្នកការពារ​សិទ្ធិមនុស្ស​ជា​សត្រូវ!

នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ លោក កឹម សុខា បាន​ចេញ​មុខ​ថ្លែង​ជាលើកទី២​ បន្ទាប់ពី​ឃុំ​ខ្លួន​ឯង​អស់​ជាង​៣ខែ។ ​ក្នុង​សំឡេង​ធំៗ​និង​ខ្លាំង​ៗដូច​កាលពីមុន អនុប្រធាន​គណ​បក្ស​ប្រឆាំង​ និយាយ​ថា​ អ្នកកាន់​អំណាច​ផ្តាច់​ការ ​តែងតែ​យក​អ្នក​ការពារ​សិទ្ធិមនុស្ស​ជា​សត្រូវ!​ ដូច្នេះ​ហើយ​ទើប​មាន​ការ​ចាប់​ចង​និង​ធ្វើ​ទុក្ខ​បុកម្នេញ​សកម្មជន​និង​មន្ត្រី​សិទ្ធិម​នុស្ស រួម​ទាំង​ធ្វើ​បាប​រូប​លោក​ផង។ ពី​ទី​ស្នាក់​ការ​កណ្តាល​​​បក្ស លោក កឹម សុខា បាន​គូស​បញ្ជាក់​ច្បាស់​ៗ​ថា ការ​អត់ធ្មត់​របស់​លោក​កន្លងមក គឺ​មហាអត់ធ្មត់ហើយ តែ​ក៏​វា​មាន​កំណត់​ដែរ។ លោកថា ពេល​នេះ ​គ្មាន​ជម្រើស​ទៀត​ទេ ព្រោះថា​បើ​គ្មាន​ការអង្គុយ​​ចរចាគ្នានោះទេ គឺមានតែ​មហាបាតុកម្ម​។ 

លោក កឹម សុខា បានចេញមុខថ្លែងជាលើកទី២ បន្ទាប់​ពី​ឃុំខ្លួន​ឯង​អស់​ជាង​៣ខែ នៅនៅព្រឹកថ្ងៃអាទិត្យ ទី​១១ កញ្ញា​ ២០១៦
លោក កឹម សុខា បានចេញមុខថ្លែងជាលើកទី២ បន្ទាប់​ពី​ឃុំខ្លួន​ឯង​អស់​ជាង​៣ខែ នៅនៅព្រឹកថ្ងៃអាទិត្យ ទី​១១ កញ្ញា​ ២០១៦ @Kem Sokha page
ផ្សាយពាណិជ្ជកម្ម

[សំឡេង] ​លោក កឹម សុខា ថ្លែងថា​ អ្នកអំណាច​​ផ្តាច់​ការ ​តែងតែ​យក​អ្នក​ការពារ​សិទ្ធិមនុស្ស​ជា​សត្រូវ!

ប្រធាន​ស្តី​ទី​បក្ស​ប្រឆាំង​ ដែល​ធ្លាប់​ជា​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​ផង​នោះ បាន​រម្លឹក​ជា​ថ្មីពីការ​ធ្វើ​ទុក្ខ​បុកម្នេញ​ និង​ការ​ចាប់​សកម្មជន ព្រមទាំង​​មន្ត្រី​សិទ្ធិម​នុស្សដាក់​គុក រហូត​ដល់​ការ​បន្ត​រឿង​ក្តីក្តាំ​ចំពោះ​រូប​លោក ដោយ​សាលក្រម​ថ្មីៗនេះ ដែល​តម្រូវ​ឲ្យ​លោក​ជាប់​ពន្ធនាគារ​៥ខែ និង​បង់​ប្រាក់​៨០ម៉ឺន​រៀល​។

លោក​ថ្លែង​ក្នុង​សម្តីខ្លាំងៗ​ដែល​គេ​ខាន​បាន​ឮ​ជាង​៣ខែមកហើយថា គ្រប់​គ្នា​និង​ពិភព​លោក​បា​ន​​ដឹង​ឮ​អស់​ហើយ​ពីរ​រឿងរំលោភ​សិទ្ធិ​​ទាំង​នេះ គឺ​មានតែ​ចៅក្រម ​ព្រះរាជអាជ្ញា​ និង​អ្នក​បញ្ជាពីក្រោយ​ ប៉ុន្មាន​នាក់​ទេ ដែល​មិន​ដឹង ឬ​ធ្វើមិន​ដឹង។ អនុប្រធាន​បក្ស​ប្រឆាំង​សង្កត់​ធ្ងន់​ថា អស់​លោក​ចៅក្រម ព្រះរាជអាជ្ញា ដើម្បី​តែ​ក្តីសុខ​ខ្លួន​និង​ក្រុមគ្រួសារ​ខ្លួន​ សុខ​ចិត្ត​ស្តាប់​បញ្ជា​​គេ​ ដោយ​បានធ្វើ​​រំលោភ​ច្បាប់​និង​នីតិ​វិធី​ ហើយ​ធ្វើ​បាប​ជន​ស្លូត​ត្រង់។

ដោយ​ប្រើ​សំនួន​វោហារសាស្ត្រ​នយោបាយ លោក​ កឹម សុខា ថាដល់​ថ្នាក់​​ត្រឹម​រូបលោក​និង​តំណាងរាស្ត្រ​ផ្សេង​ទៀត ដែល​មាន​អភិឯកសិទ្ធទៅហើយ​ គឺនៅ​​ត្រូវ​គេ​រំលោភ​បំពាន ចុះ​ទម្រាំ​ពលរដ្ឋ​សាមញ្ញ​ ដែល​អត់​មាន​សិទ្ធិ​ពិសេស​​ អត់​មាន​អ្វីទាំងអស់ តើ​មាន​អ្វី​អាង​ទៀត?​

តាម​ប្រមុខ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​រូបនេះ លោក​មិន​ចេញ​ពី​ស្នាក់ការ​កន្លងទៅនេះ គឺ​ជា​ការ​ធ្វើ​កូដ​កម្ម​នយោបាយ ហើយ​លោកចិញ្ចឹម​ចិត្ត​​នឹក​ស្រមៃ​ថា​នឹង​មាន​ការ​ជួប​ចរចា​ដោះស្រាយ​នយោបាយ​ តែ​អស់​​ជាង​៣​ខែ​ទៅហើយ លោក​ហាក់​មិន​សូវមាន​ជំនឿ​ទៀត​ទេ។ ក៏ប៉ុន្តែ​នៅ​ពេល​​ដែល​ជួប​និង​ឃើញ​ទឹកមុខ​យុវជន​ គឺ​ធ្វើ​ឲ្យ​លោក​មាន​ក្តី​សង្ឃឹមត​​ទៅមុខ​ទៀត។

លោក​ក៏​បា​ន​ដាក់​សំណួរ​ទៅកាន់​យុវជន​អ្នក​គាំទ្រ​មកពី​ខេត្ត​កណ្តាល​ជាង​៥០០នាក់ ថា​តើ​មាន​យន្ត​ការណា​ដើម្បី​ជួយ​ស្រោច​ស្រង់​សិទ្ធិមនុស្ស​និង​លិទ្ធិប្រជា​ធិបតេយ្យ? លោក​ទុក​ឲ្យ​ពួក​គេយក​​ទៅ​ពិចារណានិង​ពិភាក្សា​គ្នា​។ តែចំពោះ​លោក លោក​នឹង​ស្នើ​សុំនិង​សួរ​​ឲ្យ​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ជួយ​អន្តរាគមន៍​ ហើយបើនៅតែ​​គ្មាន​ការ​ជួប​អង្គុយ​ចរចា​គ្នា​ដោយ​សន្តិវិធី​រវាង​អ្នក​ក្បាល​ម៉ាស៊ីន​នយោបាយ​​នោះទេ ​ជម្រើស​ចុង​ក្រោយ គឺមានតែ​ការ​ធ្វើ​​មហាបាតុកម្ម​។ លោក កឹម សុខា លើកឡើង​ដែរថា មិន​អាច​ទ្រាំ​អត់​ធ្មត់​ឲ្យ​គេ​មើល​ងាយ​ ប្រមាថ និង​មិន​អើពើ​ ត​ទៅទៀត​ឡើយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ