អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

សំណុំ​រឿង​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​វៀតណាម​បោះ​ឆ្នោត៖ អាជ្ញាធរ​សង្ស័យ​ថា អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ជា​អ្នក​នៅ​ពី​ក្រោយ

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃ​ទី​១៨​កក្កដា​នេះ បាន​ដាក់​ការ​សង្ស័យ​ជំហាន​បឋម​ថា អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ទំនង​ជា​នៅ​ពី​ក្រោយ​ការ​ប្រឌិត​ព័ត៌មាន​ដែល​ថា សមាគម​វៀតណាម អំពាវនាវ​ឲ្យ​ពលរដ្ឋ​វៀតណាម​ ចូល​រួម​បោះ​ឆ្នោត​នៅ​កម្ពុជា។ ជុំវិញ​ការ​សន្និដ្ឋាន​នេះ មន្រ្តី​ជាន់​ខ្ពស់​នៃ​អតីត​បក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​អ្នក​គាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ​គ្មាន​ផ្លូវ​នយោបាយ​ទុច្ចរិត​បែប​នេះ​ដែរ។

លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ @សហការី
ផ្សាយពាណិជ្ជកម្ម

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃ​ទី​១៨​ខែ​កក្កដា​នេះ​ថា អាជ្ញាធរ​កំពុង​បើក​ការ​ស៊ើប​អង្កេត​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​ក្រោយ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ជំហាន​បឋម​ថា អ្នក​គាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ ឬ​ក៏​អ្នក​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ប្រឌិត​ព័ត៌មាន​ដែល​ថា សមាគម​វៀតណាម អំពាវនាវ​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​រួម​បោះ​ឆ្នោត​នៅ​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​គូស​បញ្ជាក់​ថា ការណ៍​ដែល​អាជ្ញាធរ​ហ៊ាន​សន្និដ្ឋាន​ដូច្នេះ​គឺ​ដោយ​សារ​តែ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក​ភាគ​ច្រើន​ដែល​ជា​អ្នក​គាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ការ​ចែក​រំលែក​ព័ត៌មាន​នេះ​តាម​គ្នា។ ហើយ​ប្រសិន​បើ​អាជ្ញាធរ​រក​ឃើញ​អ្នក​ប្រឌិត​ព័ត៌មាន​នៅ​ក្នុង​ប្រទេស ពួក​គេ​ច្បាស់​ជា​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​ពួក​គេ​មាន​សញ្ជាតិ​ពីរ គឺ​អាជ្ញាធរ​នឹង​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​បែប​ផ្សេង។ នេះ​បើ​តាម​លោក ខៀវ សុភ័គ។ សម្រាប់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ព័ត៌មាន​នេះ​គឺ​ជា​រូបភាព​ញុះ​ញង់​រាំង​ខ្ទប់​ដំណើរ​ការ​បោះ​ឆ្នោត និង​រើស​អើង​ជាតិ​សាសន៍។

យ៉ាង​ណា​ក៏​ដោយ លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន គ្មាន​ផ្លូវ​ធ្វើ​នយោបាយ​ទុច្ចរិត កេង​បន្លំ ដូច​ការ​សន្និដ្ឋាន​របស់​អាជ្ញាធរ​ឡើយ។ សម្រាប់ លោកអ៊ូ ច័ន្ទរ័តុ្ន ផ្ទាល់ លោក​បញ្ជាក់​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​ដែរ​ពេលឃើញ​ការ​អំពាវនាវ​របស់​សមា​គម​វៀតណាម ឲ្យ​ពលរដ្ឋ​វៀតណាម​ចូល​រួម​បោះ​ឆ្នោត​នៅ​កម្ពុជា។ បើ​ទោះ​ជា​ព័ត៌មាន​នេះ​មិន​មែន​ជា​ការ​ពិត​ក៏​ដោយ លោក អ៊ូ ច័ន្ទរ័ត្ន​បាន​ចោទ​សួរ​ទៅ​កាន់​អាជ្ញាធរ​ថា តើ​ការ​អនុវត្ត​ច្បាប់​សញ្ជាតិ​នៅ​កម្ពុជា ពិត​ជា​ដូច​ទៅ​នឹង​ការ​ចុះ​ផ្សាយ​នេះ​ដែរ​ទេ?

គួរ​រម្លឹក​ថា សារ​ដែល​សមាគម​វៀតណាម​នៅ​កម្ពុជា​អះអាង​ថា ជា​ព័ត៌មាន​ប្រឌិត​នោះ​បាន​ជម្រុញ​ពលរដ្ឋ​ឲ្យ​ទៅ​បោះ​ឆ្នោត​ដោយ​មាន​ភ្ជាប់​លក្ខខណ្ឌ​ចូល​សញ្ជាតិ។ តាម​រយៈ​សារ​អម​ដោយ​រូបភាព​ឃោសនា​បោះ​ឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​លើ​ផ្ទៃ​ទឹក​នេះ ប្រធាន​​សមាគម​ខ្មែរ វៀតណាម បាន​ចាត់​ទុក​ថា ការ​ប្រឌិត​ព័ត៌មាន​បែប​នេះ គឺ​ជា​ការ​ញុះ​ញង់ ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​សមាគម​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ