អានតួអត្ថបទ
កម្ពុជា-អាមេរិក

ពលរដ្ឋ​ខ្មែរ​៧០​នាក់​ត្រូវ​អាមេរិក​បញ្ជូន​មក​កម្ពុជាវិញ​គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៩

យ៉ាង​ហោច​ណាស់ ពលរដ្ឋ​ខ្មែរ​អាមេរិកាំងចំនួន​៧០នាក់ ដែល​ធ្លាប់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​​នៅ​សហ​រដ្ឋ​អាមេរិក ត្រូវបាន​បញ្ជូន​មកដល់​ប្រទេសកម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​៤​ខែ​កក្កដា ឆ្នាំ២០១៩​នេះ។ រាប់​ចាប់​តាំង​ពី​ការចុះកិច្ច​ព្រម​ព្រៀ​ង​​រវាង​កម្ពុជា​អាមេរិក នៅ​ក្នុងឆ្នាំ​២០០២ រហូត​មក​ទល់​ពេល​នេះ អាមេរិក​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ត្រឡប់​មកកម្ពុជា​វិញ ជាង​៧០០​នាក់​ហើយ​។

កម្ពុជា និង អាមេរិក (រូបភាពតំណាង)
កម្ពុជា និង អាមេរិក (រូបភាពតំណាង) @Twitter
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃ​អាទិត្យ​នេះ មន្ត្រី​ជាន់​ខ្ពស់​ផ្នែកអត្តសញ្ញាណកម្ម​បាន​គូស​​បញ្ជាក់​ថា ៦ខែ​ក្នុង​ឆ្នាំ​២០១៩ ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​៧០​នាក់​ ត្រូវ​អាមេរិក​បញ្ជូន​មក​កម្ពុជា​វិញ ដោយ​លើក​ទី​មួយ​មាន​ចំនួន​៣៣​នាក់​ បញ្ជូន​មក​កាល​ពី​ដើម​ឆ្នាំ​២០១៩​ ខណៈ​លើក​ទីពីរ ៣៧​នាក់​​មក​ដល់​នៅ​ដើម​ខែ​កក្កដានេះ។ បើតាមភ្នាក់​ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​អាមេរិក​ ពល​​រដ្ឋខ្មែរ​៣៧នាក់​​បញ្ជូន​មក​នេះ ភាគ​ច្រើន​ជាប់​ពាក់ព័ន្ធ ​នឹង​ការប្រ​ព្រឹត្តបទ​ឧក្រិដ្ឋកម្ម ដោយ​ក្នុង​នោះ​រួមមាន ​ឃាតកម្ម ​រំលោភបំពាន​លើ​កុមារ បង្កហិង្សា​ក្នុង​គ្រួសារ ជួញ​ដូរ​និង​ប្រើប្រាស់​គ្រឿង​ញៀន​ជាដើម​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​ក្រោយ​មក​ដល់​ប្រទេស​កម្ពុជា អាជ្ញាធរ​នឹង​ធ្វើ​សមាហរណកម្ម​ពួក​គេ​ជា​មួយ​ពលរដ្ឋ​ខ្មែរ​ទូទៅ ដោយ​ផ្ដើម​ដំបូង​គឺ ផ្ដល់​សំបុត្រ​កំណើត សៀវភៅ​ស្នាក់នៅ និង​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ជាដើម។ ចំណែក​ពលរដ្ឋ​ខ្មែរ​ដែល​បណ្តេញ​ចេញ​ពី​សហរដ្ឋ​អាមេរិក​មួយ​ក្រុមមុន បាន​រៀប​ចំ​ធ្វើ​យុទ្ធនា​ការ រៃ​អង្គាស​ប្រាក់​សម្រាប់​ជួយ​ផ្គត់ផ្គង់​ដល់​អ្នក​៣៧​នាក់​ដែល​ទើប​បញ្ជូ​ន​មក​ថ្មី។

ទោះ​ជា​បែប​នេះ​ក្ដី អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch កាល​ពី​ថ្ងៃ​ទី​៥​ខែកក្កដា បាន​ស្នើ​ឲ្យ​អាមេរិក​បញ្ឈប់​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​កម្ពុជា​ទៀត​ទៅ ចំពោះ​អ្នក​ដែល​បាន​ស្តារ​នីតិសម្បទា​រួច។ សម្រាប់ Human Rights Watch ការ​ចាប់​បញ្ជូន​បែបនេះ​ ដូចជា​ធ្វើ​ឲ្យ​ពួក​គាត់​ទទួល​រង​ទណ្ឌកម្ម​ទ្វេ​ដង តាមរយៈ​ការទទួលទោស​ដោយ​ជាប់​ពន្ធនាគារ​នៅ​ស​ហរដ្ឋអាមេរិក​ម្ដងហើយ ដល់​ចុង​ក្រោយ​ក៏​ត្រូវ​និរទេស​ខ្លួន​អស់​មួយ​ជីវិត​ ទៅ​រស់នៅ​ប្រទេស​កម្ពុជា។ ​

សូមជម្រាបថា គិត​មក​ដល់​ពេល​នេះ ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ជាង​៧០០​នាក់​ហើយ ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា បន្ទាប់​ពីកម្ពុជា​និង​អាមេរិក ចុះ​កិច្ច​ព្រម​ព្រៀង​រួម​គ្នា​ក្នុង​ឆ្នាំ​២០០២។ក្នុងចំណោម​ពួក​គេ មួយ​ចំនួន​បាន​ក្លាយ​ខ្លួន​ជា​អ្នក​ជំនួញ និង​គ្រូ​បង្រៀន​ភាសា​អង់​គ្លេស​ជាដើម។ នេះ​បើ​តាម​អង្គការ|​KV​AO៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ