អានតួអត្ថបទ
កម្ពុជា

ប្រឡង​បាក់​ឌុប! ​ថ្លៃឈ្នួល​ផ្ទះសំណាក់​នៅ​តែ​កើន​ឡើង​ដូច​រាល់​ឆ្នាំ!

ថ្ងៃច័ន្ទ ​ទី​២២សីហា ស្អែកនេះ គឺជាថ្ងៃ​ចាប់​ផ្តើមដំបូង​នៃ​​ការ​​ប្រឡង​​សញ្ញា​បត្រមធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប​។ ចំពោះ​សិស្សានុសិស្ស​ដែល​មាន​ផ្ទះ​ឆ្ងាយ​ពី​មណ្ឌល​ប្រឡង ត្រូវ​ជួល​បន្ទប់ ឬ​ផ្ទះ​សំណាក់​ ដើម្បី​ស្នាក់​នៅក្នុង​អំឡុង​ពេល​ប្រឡង​​ ក៏ប៉ុន្តែ​គេសង្កេត​ឃើញ​ ​ថ្លៃឈ្នួល​នៅឡើង​ថ្លៃដូច​រាល់​ឆ្នាំដែរ​ ខណៈពេល​ដែល​អាជ្ញាធរ​ដែន​ដី​តិច​តួច​ណាស់ដែល​ជួយ​សម្រាល​បន្ទុក​រឿង​នេះ។

សិស្សថ្នាក់ទី១២ កំពុងពិនិត្យឈ្មោះចូលប្រលងបាក់ឌុប កាលពីថ្ងៃទី ៤ សីហា ឆ្នាំ ២០១៤។
សិស្សថ្នាក់ទី១២ កំពុងពិនិត្យឈ្មោះចូលប្រលងបាក់ឌុប កាលពីថ្ងៃទី ៤ សីហា ឆ្នាំ ២០១៤។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

ប្រធាន​ស្តីទី​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ អ្នក​ស្រី​ អ៊ុក ឆាយ៉ាវី បាន​បញ្ជាក់​ប្រាប់វិទ្យុ​បារាំងថា ​អាជ្ញាធរ​ដែន​ដី​តិច​តួច​ណាស់ដែល​ជួយ​សម្រាល​បន្ទុក​រឿងថ្លៃ​ឈ្នួល​ផ្ទះ​សំណាក់​សម្រាប់​​សិស្ស​ប្រឡ​ង​បាក់​ឌុបឆ្នាំ​​​នេះ។ ចំពោះ​អ្នក​ស្រី គឺមានតែ​ខេត្ត​កំពង់​ស្ពឺ​មួយ ដែល​មាន​លេច​ឮ​ដំណឹង​ល្អ​ថា បាន​ជួយ​គិត​គូរ​​ហាម​ប្រាម​មិន​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់ ​កុំ​ឲ្យ​ឡើងថ្លៃ​ពេក រួម​ទាំង​ថ្លៃ​ម្ហូប​អាហារ​ជាដើម។ ចំណែក​ខេត្ត​ខណ្ឌ​ដទៃ​ទៀត គឺ​ឃើញតែ​អ្នក​សន្យា​ ថា​ឲ្យ​រង្វាន់​នេះនោះ ទៅដល់​សិស្ស​ដែល​បាន​ប្រឡង​ជាប់​និទ្ទេសល្អ ដែល​ចំពោះ​អ្នកស្រី គឺជា​ការ​រំពឹង​តែ​ប្រជា​ប្រិយភាព​របស់​ខ្លួន​ ច្រើន​ជាង​ខ្វាយខ្វល់ពី​សុខ​ទុក្ខ​របស់​សិស្សានុសិស្ស។

យ៉ាង​ណា​ក៏ដោយ​ចុះ ​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ មើលឃើញថា ​ដំណើរ​ត្រៀម​រៀបចំ​ការ​ប្រឡង​ ប្រព្រឹត្ត​ទៅបាន​រលូន​ល្អ និងមិនទាន់​មាន​អ្វី​ខុស​ប្រក្រីតីនៅឡើយ​​ទេ។ ក៏ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ស្រី​ អ៊ុក ឆាយ៉ាវី គឺ​សុវត្ថិភាព​កូន​សិស្ស និង​ស្មារតី​លោកគ្រូ​អ្នក​គ្រូ​ដែល​​ហាក់​ដូច​ជា​ខ្លាចរអា​ល មិន​ស្រ​ណុកចិត្ត​ ចំពោះក្រុម​​​ក្មេងៗ​អ្នក​សង្កេតការណ៍​ ដែល​ចេញពី​អង្គភាពប្រឆាំងអំពើពុករលួយ!​ រហូត​ដល់​គ្រូៗ​ខ្លះ ប្រាប់​អ្នកស្រីថា មិនចង់​ឲ្យ​ក្មេងៗ​យាម​ពួក​គាត់​ដូច​ជាអ្នក​ទោស​នោះឡើយ​។

សូម​ជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ ACU បាន​ដាក់​អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ប្រមាណ ៦២០០ នាក់។ ចំនួន​នេះ គឺ​កើន​ជាង​១ពាន់​នាក់ បើ​ធៀប​នឹង​ឆ្នាំ​មុន។ ពួក​គេ​ទាំង​នោះ នឹង​ចុះ​ទៅ​គ្រប់​ខេត្ត​ក្រុង​ ដើម្បី​តាម​ដាន និងសង្កេត​ការណ៍​គ្រប់​មណ្ឌល​​ប្រឡង។​

អ្នក​នាំពាក្យ​ក្រសួង​អប់រំ នៅល្ងាច​ថ្ងៃទី​២១សីហា មួយ​ថ្ងៃ​មុន​ប្រឡង វិទ្យុ​RFI មិនអាចទាក់​ទង​សុំ​ការ​អត្ថាធិប្បាយណាមួយ​បាន​ទេ។ ទោះ​ជា​យ៉ាង​នេះក្តី ហ្វែសបុក​របស់​ក្រសួង បាន​ប្រកាស​​ទទួល​រាល់​សំណូមពរ មតិយោបល់ បណ្ដឹង និងសំណួរផ្សេង​ៗពាក់​ព័ន្ធនឹង​ការ​ប្រឡង​នេះ​។

សូម​បញ្ជាក់ដែរ​ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ​មាន ១៥៧ មណ្ឌល​សំណេរ ត្រូវជា៣ .៧៨១បន្ទប់។ នៅក្នុង​នោះ គឺ​មានបេក្ខជនទាំង​ថ្នាក់វិទ្យា​សាស្ត្រ​ពិត​ និងវិទ្យាសាស្ត្រសង្គម សរុបជាង៩ម៉ឺន៣ពាន់នាក់។

នៅ​ក្នុង​សម័យ​កំណែ​ទម្រង់ គឺការប្រឡងបាក់ឌុបឆ្នាំនេះ គឺ​នឹងតែ​បន្ត​តឹងតែងដូចឆ្នាំ​មុន​ៗ​ដែរ​។ គេ​ឃើញថា ចាប់តាំង​ពី​ព្រឹក​ថ្ងៃទី២១ខែសីហា លេខតុ លេខបន្ទប់របស់​បេក្ខជន​ និង​បទ​បញ្ញត្តិ​ផ្សេងៗ បានបិទផ្សាយ​រួច​ស្រេច។ ចំណែក​ធុង​ហិប​វិញ្ញាណ បាន​បញ្ជូនទៅ​គ្រប់​សាលា​រាជ​ធានី ខេត្ត តាំងពី​ថ្ងៃទី​១៩សីហា​មក​ម្ល៉េះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ