អានតួអត្ថបទ
កម្ពុជា

មេដឹកនាំ​សហជីព​ប្រឆាំង​គ្នា​បង្កើន​ការផ្សព្វផ្សាយ​ដល់​កម្មករ​លើ​រឿង​កូដកម្ម​ទ្រង់ទ្រាយ​ធំ

ក្រុម​​មេដឹកនាំ​​សហជីព​​ដែល​​គាំទ្រ​​នយោបាយ​​របស់​​រដ្ឋាភិបាល​​បាន​​បង្កើន​​នូវ​​យុទ្ធនាការ​​របស់ពួក​គេ ក្នុង​​ការទប់​​ស្កាត់​​កម្មករ​​វិស័យ​​កាត់ដេរ មិន​ឲ្យ​​ចូលរួម​​ធ្វើ​​កូដកម្ម​​ជាមួយ​​នឹង​​ក្រុម​សហ​ជីព​​ចំនួន១៨ នៅ​​ខែ​​មិនា​​ខាង​​មុខ។ កូដកម្ម​​ដែល​​នឹង​​ត្រូវ​​ធ្វើ​​ទូទាំង​​ប្រទេស​​ដើម្បី​​ទាមទារ​​ឲ្យ​មាន​​ការដោះលែង​​​អ្នក​​ជាប់​​ឃុំ​​ចំនួន​២១នាក់ និង​​តំឡើង​​ប្រាក់​ខែ​​គោល​១៦០​ដុល្លារ ក្នុង​​មួយ​ខែ។ ការបង្កើន​​ល្បឿន​​ផ្សព្វផ្សាយ​​របស់​​មេដឹកនាំ​​សហជីព​​ខាងលើ បាន​​ធ្វើ​​ឡើង​​ខណៈ​​ដែល​សហជីព​រៀបចំ​​បាតុកម្ម​​កំពុង​​បន្ត​​សកម្មភាព​​របស់​​ខ្លួន​​ផ្សព្វផ្សាយ​​ដល់​​កម្មករ​​ឲ្យ​ចូលរួម​បាតុកម្ម និងពហិការ​​ការងារ​ថែម​ម៉ោង។

កម្មករកម្មការិនីកម្ពុជា។
កម្មករកម្មការិនីកម្ពុជា។ RFI
ផ្សាយពាណិជ្ជកម្ម

 

ក្រុម​អ្នក​សហជីព​ដែល​គាំទ្រ​នយោបាយ​របស់​រដ្ឋាភិបាល​បាន​បង្កើន​ការផ្សព្វផ្សាយ​របស់​ពួកគេប្រឆាំងនឹង​គម្រោង​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​ចំនួន១៨ ដែល​នឹង​កំណត់​ធ្វើ​នៅ​ថ្ងៃទី ១២ខែ​មិនា ខាងមុខ។ កូដកម្ម​ដើម្បី​តវ៉ា​ឲ្យ​មានការ​ដោះលែង​សកម្មជន​សហជីព​និង​កម្មករ ដែល​បាន​​ចាប់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​ដោយ​បង្ហូរឈាម​មួយ​កាលពីដើម​ខែមករា កន្លង​ទៅ​នេះ​ក្នុង​គោលដៅ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៦០ដុល្លារ នៅក្នុង​វិស័យ​កាត់ដេរ។

លោក​សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​បាន​ថ្លែងថា លោក​មាន​ជំនឿរ
តិចតួច​ពី​ការចូលរួម​កូដកម្ម​របស់​កម្មករ​នៅក្នុង​វិស័យ​កាត់ដេរ ដោយសារ​ពួកគេ​បាន​ខាតបង់​ម្តង​ហើយ​កាលពី​អំឡុង​ធ្វើ​កូដកម្ម​កាលពី​ខែមករា។ អំឡុង​ពេលនោះ​កម្មករ​បាន​បាត់បង់​សរុប​​ប្រមាណ​ជា៧លាន​ដុល្លារ​អាមេរិក​ពី​ការផ្តាច់​ប្រាក់​អត្ថប្រយោជន៍ផ្សេងៗពី​ថៅកែ​រោងចក្រ។ លោក​ថា ស្វាគមន៍​ចំពោះ​ការទាមទារ​តម្លើង​ប្រាក់ខែ​ឲ្យ​បាន​ច្រើន ក៏ប៉ុន្តែ​ត្រូវធ្វើ​ទៅតាមយន្ត​ការចរចា​ត្រីភាគី។ 

ជាមួយគ្នានេះ នៅក្នុង​លិខិត​មួយ​របស់លោក​ជួន មុំ​ថុល ប្រធាន​សហភាព​សហ​ម្ព័​ន្ធ​សហជីព​ជាតិ​កម្ពុជា ដែល​ស្និ​ទ្ធិ​នឹង​រដ្ឋាភិបាល កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ ដែល​រួម​មាន៤​ចំណុច​​បាន​អំពាវនាវ​ដល់ក​ម្មករ ទាំងអស់​កុំ​ឲ្យ​ចូលរួម​ធ្វើ​កូដកម្ម ព្រោះ​ពួកគេ​នឹង​ប្រឈម​ការ​កាត់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ដទៃទៀត និង​ស្នើ​ឲ្យ​មានការ​ធ្វើការ​បន្ថែម​ម៉ោង ប្រសិនបើ​មាន​សុខភាព​ល្អ ដើម្បី​បាន​ប្រាក់ចំណូល​បន្ថែមទៀត។

លោក​ជួន មុំ​ថុល ដែល​អះអាងថា​មាន​សមាជិក៣០ម៉ឺន​នាក់​នោះ បន្ត​តាម​សេចក្តីអំពាវនាវ​របស់​ខ្លួន​ថា ករណី​ជនជាប់ចោទ​ទាំង២១នាក់​គឺជា​ភារៈកិច្ច​របស់​តុលាការ ពួកគេ​នឹង​រួចខ្លួន​បើ​តុលា​ការរក​ទៅ​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស។ ជាមួយគ្នានេះ​សេចក្តីប្រកាស​ក៏បាន​ប្រាប់​ពី​ការប្រជុំ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា នៅ​ឆ្នាំ២០១៥ផងដែរ ដោយ​ភ្ជាប់​ជាមួយនឹង​សំណូមពរ​ដល់​រដ្ឋា​ភិ​បា​ឲ្យ​ចាត់វិធានការ​ផ្លូវច្បាប់​តឹងរឹង​ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។

ផ្ទុយទៅវិញ​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែល​បាន​ដឹកនាំ​ផែនការ​កូដកម្ម​នេះ បាន​អះអាងថា​ក្រុម​សហជីព​សម្ព័ន្ធ​និង​លោក​នៅតែ​បន្ត​អនុវត្ត​កម្មវិធី​កូដកម្ម​របស់ខ្លួន​ដូច​ការគ្រោងទុក។សម្រាប់​ពេលនេះ​ពួកគេ​នៅតែ​បន្ត​ចែក​ខិតប័ណ្ណ​ជាច្រើន​ម៉ឺន​សន្លឹក​បន្ថែម​ទៀត​ទៅដល់​កម្មករ ដោយ​មិនមាន​ការបង្ខិតបង្ខំ​ឲ្យ​ចូលរួម​ឡើយ នេះ​បើតាម​លោក អាត់ ធន់។

មន្ត្រី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា(GMAC)មិនមាន​ការធ្វើ​អត្ថាធិប្បាយ​ទេ​នៅថ្ងៃនេះ ក៏ប៉ុន្តែ​កាលពីពេលថ្មីៗនេះ លោក វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម GMAC បានផ្តល់​បទសម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា រោងចក្រ​នឹង​បិទ​ប្រមាណ​ជា៨០ភាគរយ ប្រសិន​ជាមាន​កូដកម្ម​បន្ត​ជាច្រើន​ខែ​ទៅមុខ។

សូមបញ្ជាក់ថា​កម្មករ​និង​សកម្មជន​ចំនួន២៣នាក់​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​ដោយ​ហឹ​ង្សា​រ​កាលពី​ថ្ងៃទី២ទី៣ ខែមករា នៅក្នុង​ការតវ៉ា២កន្លែង​ផ្សេងគ្នា​នៅ​ក្រុងភ្នំពេញ​ដើម្បី​សុំ​តម្លើង​ប្រាក់ខែ​អប្បបរមា ១៦០ដុល្លារ​ក្នុង​មួយខែ។ព្រឹត្តិការណ៍​នោះ​ធ្វើ​ឲ្យ​អ្នក​តវ៉ា ៤នាក់​ស្លាប់​ផងដែរ។ក្រោយមក​មនុស្ស២នាក់​ត្រូវបាន​ដោះលែង​នៅក្រៅ​ឃុំ។ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​អ្នក២១នាក់​បន្ថែមទៀត សហជីព​ទាំង១៨ បានជ្រើសរើស​យក​វិធី​កូដកម្ម​មក​ធ្វើ​ជាម​ធ្យោ​យ​ដែល​ត្រជាក់​និង​មិន​មានការ​ប្រឈម​ដូច​កន្លងមក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ