អានតួអត្ថបទ
កម្ពុជា

លោក​ ស ខេង​ ប្រាប់​លោក​ស៊ូប៊ែឌី ថា​រដ្ឋាភិបាលកម្ពុជា​គ្មាន​បំណង​ហាមឃាត់​ការជួបជុំ​បញ្ចេញមតិ​ទេ

ដូច​ការ​គ្រោង​ទុក​ លោក​ ស ​ខេង ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ​ បាន​ទទួល​​ជួប​​លោក​​សូរិ​​យា​ ​ស៊ូ​ប៊ែ​ឌី​ អ្នក​រាយការណ៍​​ពិសេស​​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​​កម្ពុជា​ កាល​ពី​​រសៀល​​ថ្ងៃ​សុក្រ​​នេះ​។ ​ក្នុង​​កិច្ច​ប្រ​ជុំ​​ដោយ​​បិទ​ទ្វារ​នៅ​​ក្រសួង​មហា​ផ្ទៃ​ ត្រូវ​បាន​​​អ្នក​នាំ​ពាក្យ​​អះ​អាង​ថា ​លោក​​ ស​ ខេង​ បាន​បញ្ជាក់​​ជា​ថ្មី​ទៀតទៅ​កាន់​​លោក​​ស៊ូ​ប៊ែ​ឌី​​ថា​ រដ្ឋា​ភិបាល​​កម្ពុជា ​មិន​មាន​​បំណង​ហាម​ឃាត់ឬ​​ធ្វើ​​ច្បាប់​​បិទ​​សិទ្ធិ​សេរីភាព​ក្នុង​ការ​​ជួប​ជុំ ​ធ្វើ​បាតុ​កម្ម​​បញ្ចេញ​មតិ​​នោះ​ទេ​។​  

លោក ស ខេង ជួបជាមួយលោក ស៊ូប៊ែឌី នៅរសៀលថ្ងៃ ទី ២០ មិថុនា ឆ្នាំ ២០១៤។
លោក ស ខេង ជួបជាមួយលោក ស៊ូប៊ែឌី នៅរសៀលថ្ងៃ ទី ២០ មិថុនា ឆ្នាំ ២០១៤។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល មិនមាន​ការហាម​ប្រាម​នូវ​ការជួបជុំ ធ្វើបាតុកម្ម​បញ្ចេញមតិ​អ្វី​ទេ។ ប៉ុន្តែ​ការ​ប្រើប្រាស់​​ទីលាន​ប្រជាធិបតេយ្យ ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ដោយសារតែ​កន្លងមក មិនមាន​ការគោរព​ច្បាប់​ត្រឹមត្រូវ។ នេះ​បើតាម​លោក ស ខេង បានបញ្ជាក់​ទៅកាន់​លោក​ស៊ូ​ប៊ែ​ឌី ក្នុង​កិច្ចប្រជុំ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ។

លោក ប៉ោ ភ័ក្ត្រ អគ្គលេខាធិការរង និង​ជា​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​កិច្ចការ​អន្តរជាតិ នៃ​ក្រសួងមហាផ្ទៃ បាន​នាំពាក្យ​ពី​កិច្ចប្រជុំ ប្រាប់​ក្រុមអ្នកកាសែត បន្ទាប់ពី​កិច្ចប្រជុំ​ថា អំពី​ច្បាប់​អង្គការ​សង្គម​ស៊ីវិល NGO និង​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ អ៊ិនធើណេ​ត Ciber Crime ត្រូវបាន​លោក ស៊ូ​ប៊ែ​ឌី លើកឡើងថា ច្បាប់​នេះ ត្រូវតែមាន​ហើយ តែ​ធ្វើយ៉ាងណា កុំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​នៃ​ការបញ្ចេញមតិ។ ឆ្លើយតប​នឹង​បញ្ហា​នេះ លោក ស ខេង បាន​លើកឡើងថា ចេតនា​របស់​រដ្ឋាភិបាល មិន​ចង់​ធ្វើ​អ្វី ដើម្បី​កម្រិត​សិទ្ធិ នៃ​ការបញ្ចេញមតិ​ទេ តែ​ក្នុងនាម​ប្រទេស ដែលមាន​អធិបតេយ្យភាព គឺ​ត្រូវតែ​ធ្វើ​ច្បាប់​ទាំងអស់នេះ ពិសេស​ច្បាប់ NGO ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

បញ្ហា​ពលករ​កម្ពុជាដែល​ថៃ ចាប់បញ្ជូន​ត្រលប់​មកវិញ​ពេលនេះ ក៏​ជា​ប្រធានបទ​នៃ​កិច្ចប្រជុំ រវាង​លោក ស ខេង និង​លោក ស៊ូ​ប៊ែ​ឌី ផងដែរ។ លោក​ស ខេង បានលើកឡើង​ពី​ការជួយ​របស់​រដ្ឋាភិបាល​ដល់​ពលករ រួមមាន​ការផ្តល់​ម្ហូបអាហារ និង​ដឹកជញ្ជូន​ពលករ ទៅកាន់​ភូមិកំណើត ជាដើម។ ក្នុងនោះ រដ្ឋាភិបាល ក៏​កំពុងតែ​គិតគូ ជាពិសេស​ទៅលើ​លិខិតស្នាម សម្រាប់ធ្វើ​ដំណើរ​របស់​ពលករជៀសវាង​នៅ​ថ្ងៃក្រោយ មាន​បញ្ហា។

ការចរចា​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំណែទម្រង់​គជប ជម្លោះ​ដីធ្លី កើតចេញពី​កា​រប​ណ្តេញ​ចេញ ក៏ត្រូវ​បានលើកឡើង​ផងដែរ។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា ត្រូវបាន​លោក ប៉ោ ភ័ក្ត្រ ប្រាប់​ក្រុមអ្នកកាសែត​ថា លោក ស៊ូ​ប៊ែ​ឌី បានលើកឡើង​ចំពោះមុខ​លោក ​ស ខេង​ថា បានល្អ​ប្រសើរ​ច្រើន។ លោក​ ស ខេង ក៏បាន​គូសបញ្ជាក់​ទៅកាន់​លោក​ស៊ូ​ប៊ែ​ឌី​ថា ការចរចា​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្ត ដើម្បី​ស្វែងរក​ដំណោះស្រាយ​មួយ ដែល​អាច​ទទួល​យកបាន​ទាំងអស់គ្នា។

លោក ស៊ូ​ប៊ែ​ឌី នៅ​ល្ងាច​ម៉ោង ៥ ថ្ងៃទី២០មិថុនា​នេះ បាន​ជួប​ជាមួយនឹង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ បញ្ហា​សិទ្ធិមនុស្ស ការកែទម្រង់​ប្រព័ន្ធតុលាការ និង​ការបោះឆ្នោត បញ្ហា​ពលករ​ចំណាកស្រុក ដែល​ថៃ​ចាប់បញ្ជូន​ត្រលប់​មកវិញ គឺជា​ប្រធានបទ​ក្នុង​កិច្ចពិភាក្សា​រវាង​គណបក្ស​​សង្គ្រោះ​ជាតិ ជាមួយ​លោក ស៊ូ​ប៊ែ​ឌី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ