អានតួអត្ថបទ
កម្ពុជា

លោក​ សុខ ​អាន ​ផ្តល់​ដំបូន្មាន​ឲ្យ​យុវជន​ចេះ​របៀប​ដោះ​ស្រាយ​បញ្ហា​សង្គម ​និង​បរិស្ថាន​

លោក​ សុខ ​អាន ​ដែល​ជា​​ឧបនាយក​រដ្ឋមន្ត្រី​ និង​​ជា​​រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ បាន​លើក​ឡើង​​នូវ​​ដំបូន្មាន​៣​ចំណុច ​សម្រាប់​​ឲ្យ​យុវជន​​​ពិចារណា ​ពេល​​បើក​​សន្និសីទ​​អន្តរ​ជាតិ​​លើក​​ទី៥​ ស្តី​ពី​​ភាព​ជា​​អ្នក​ដឹកនាំ​​នៃ​​បញ្ញវន្ត​​ឆ្នើម​​ឆ្នាំ​២០១៤ ​ក្រោម​​ប្រធាន​បទ​«រៀ​ន​គិត​ រៀប​ផែនការ​​ និង​​អនុវត្តន៍​» ​កាល​ពី​​ថ្ងៃ​​សៅរ៍ ​នៅ​​រាជ​ធានី​ភ្នំពេញ​។ ​នោះ​​ជា​ការ​​ផ្តល់​​គំនិត​ខ្លះ​ៗ ​នៅ​​ចំពោះមុ​ខ​​បញ្ហា​​នានា ​ពាក់ព័ន្ធ​​នឹង​​ការ​អភិវឌ្ឍន៍​​​សមត្ថភាព​​យុវជន ​និង​​ការ​ពង្រឹង​​តួនាទី​​យុវជន​​ក្នុង​​ការងារ​​សង្គម​ និង​​បរិស្ថាន​។​

លោក​ សុខ ​អាន ​ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ ។
លោក​ សុខ ​អាន ​ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ ។ @Google
ផ្សាយពាណិជ្ជកម្ម

ជាបឋម លោក សុខ អាន បាន​ជម្រុញ​យុវជន​ជំនាន់​ក្រោយ​ឱ្យ​រួបរួមគ្នា ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ ដើម្បី​ធានា​សន្តិភាព និង​ស្ថិរភាព ដែលជា​សមិទ្ធផល​របស់​«មេដឹកនាំ​​បច្ចុប្បន្ន» បន្ទាប់ពី​កម្ពុជា​បាន​ឆ្លងកាត់​ជម្លោះ សង្គ្រាមស៊ីវិល អំពើហិង្សា និង​របប​ប្រល័យពូជសាសន៍​​ជាច្រើន​ទសវត្សរ៍។ ត្រង់ចំណុច​នេះ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើកឡើង​​ថា វឌ្ឍនភាព​សង្គម និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ បានកើត​ឡើង​ហើយ។ លោក សុខ អាន បន្ថែមថា តាមរយៈ​កំណែទម្រង់​ស៊ីជម្រៅ យើង​គួរតែ​សកម្ម​ឡើង ដើម្បី​ផ្លាស់ប្តូរ​​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត។    

បន្ទាប់មក រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​រូបនេះ បាន​អះអាងថា មិន​ខុសពី​ប្រជាជន​អាស៊ី​ជាទូទៅ​ទេ ប្រជាជន​កម្ពុជា​គោរព​បញ្ញវន្ត​ជានិច្ច ហើយដោយ​ហេតុនេះ បញ្ញវន្ត​ទាំងឡាយ​គឺជា​អ្នកទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការផ្ទេរ​ចំណេះដឹង សំដៅ​ដោះស្រាយ​បញ្ហា​របស់​សង្គម ក៏ដូចជា​​ក្នុង​ការធ្វើ​គំរូ​ទាក់ទង​នឹង​ភាពជា​អ្នកដឹកនាំ»។ បើតាម​លោក សុខ អាន ការណ៍​នេះ​ទាមទារ​ឱ្យ​បញ្ញវន្ត​ឆ្នើម និង​អ្នកដឹកនាំ ត្រូវមាន​ភាពចាស់ទុំ គតិបណ្ឌិត និង​ការឆ្លុះបញ្ចាំង ដែល​អាច​ស្តែងចេញ​តាមរយៈ​តួនាទី​នៅក្នុង​សង្គម។

ចុងក្រោយ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែងថា ពាក្យ«រៀន​គិត រៀប​ផែនការ និង​អនុវត្តន៍» ដែលជា​ប្រធានបទ​នៃ​សន្និសីទ​អន្តរជាតិ​លើក​ទី៥ស្តីពី​ភាពជា​អ្នកដឹកនាំ​នៃ​បញ្ញវន្ត​ឆ្នើម​ឆ្នាំ២០១៤ គឺជា​ការ​ជម្រុញ​ទឹកចិត្ត​យុវជន​ឱ្យ​ប៉ងប្រាថ្នា​ខ្ពស់។ ដោយ​បង្ហាញ​គំរូ​ជាក់ស្តែង​ក្នុង​ការងារ​រដ្ឋាភិបាល លោក សុខ អាន បានផ្តល់​គំនិត​ថា ដើម្បី​សម្រេច​ឆន្ទៈ​ធំ យុវជន​ត្រូវធ្វើ​កិច្ចការ​ជាច្រើន តាម​ដំណាក់កាល ក្នុងនោះ ត្រូវ​ប្តូ​រកា​រៀន​គិត ឬ​ចក្ខុវិស័យ ឱ្យទៅជា​ការរៀប​ផែនការ ក្នុង​ទម្រង់​ជា​យុទ្ធសាស្ត្រ គោលនយោបាយ ផែនការមេ ផែនការ​សកម្មភាព និង​កាលបរិច្ឆេទ​សម្រាប់ធ្វើ​សកម្មភាព មុននឹង​អនុវត្ត​ផែនការ​ទាំងនោះ តាមរយៈ​ច្បាប់ និង​បទបញ្ញត្តិ។

ក្នុងពេល​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បាន​ដាស់តឿន​យុវជន​ឱ្យ​ចងចាំ​ថា សេចក្តីប្រាថ្នា​ទាំងឡាយ​នោះ ត្រូវតែ​ផ្សារភ្ជាប់​ទៅនឹង​ផលប្រយោជន៍​ប្រជាពលរដ្ឋ សហគមន៍ និង​បរិស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ