អានតួអត្ថបទ
កម្ពុជា

អង្គការ​សង្គម​ស៊ីវិល​ ស្វែង​រក​មធ្យោបាយ​តាម​ដាន​ការ​អនុវត្តន៍​អនុសាសន៍​ UPR​ របស់​រដ្ឋាភិបាល​កម្ពុជា​

តំណាង​​អង្គការ​​សង្គម​​ស៊ីវិល​​ប្រមាណ​​ជា​៤០​ទៅ​៥០​នាក់ ​បាន​​ចំណាយ​ពេល​​ពីរ​​ថ្ងៃ​ ចាប់​ពី​​ថ្ងៃ​ទី​១៧​កក្កដា​​មក​ ដើម្បី​​ជួប​ជុំ​គ្នា​​ពិភាក្សា ​និង​​មធ្យោបាយ​ផ្សេង​ៗ ​ដើម្បី​​តាម​ដាន​​ការ​អនុវត្តន៍​ អនុ​សា​សន៍ ​យូ​ភី​អ​ (UPR)​របស់​​រដ្ឋាភិបាល​​កម្ពុ​ជា​។ ​ជា​​អនុសាសន៍​​របស់​​ក្រុម​​ប្រឹក្សា​​​សិទ្ធិ​​មនុស្ស​​​អង្គការ​​សហ​​ប្រជា​ជាតិ​​ ដែល​​​បាន​​​ដាក់​​ជូន​​​រដ្ឋាភិបាល​​​កម្ពុជា​​​អនុវត្តន៍​​​កាល​​ពី​​​ឆ្នាំ​​២០១៣​​។

សង្គមស៊ីវិលជួបជុំគ្នានៅព្រឹកថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០១៤។
សង្គមស៊ីវិលជួបជុំគ្នានៅព្រឹកថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០១៤។ RFI
ផ្សាយពាណិជ្ជកម្ម

កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ដែលមាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី១៧ដល់​ថ្ងៃទី១៨កក្កដា​នេះ គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ដំណើរការ​ក្នុងចំនោម អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ធានាអោយមាន​ការតស៊ូ​មតិ​ជា​ប្រព័ន្ធ​ក្នុងការ​តាមដាន​ទៅលើ​ការអនុវត្ត​អនុសាសន៍​របស់​រដ្ឋាភិបាល​កម្ពុជា​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ដើម្បី​រក​មធ្យោបាយ​ក្នុងការ​តាមដាន​ទៅលើ ការអនុវត្ត​អនុសាសន៍ យូ​ភី​អ (UPR) របស់​រដ្ឋាភិបាល។ នេះ​បើតាម​កញ្ញា សន រ៉ា​មណា អ្នកសម្របសម្រួល​គម្រោង​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR។ កញ្ញា សន រ៉ា​មណា បាន​ថ្លែងថា ការចូលរួម​តាមដាន​រាល់​ការអនុវត្តន៍​អនុសាសន៍​របស់​រដ្ឋាភិបាល គឺជា​ការចាំបាច់។

UPR គឺជា​កិច្ចដំណើរការ​ត្រួតពិនិត្យ​ជា​សកល​តាម​ពេលវេលា​កំណត់ ដែលជា​យន្តការ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បង្កើតឡើង ដើម្បី​ត្រួតពិនិត្យ​ទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ជា​សមាជិក ដោយ​ប្រើ​យន្តការ​រដ្ឋ​ជា​សមាជិក​វាយតម្លៃ​ទៅលើ​រដ្ឋ​ជា​សមាជិក​ផ្សេងទៀត។ តួយ៉ាង​ដូចជា​ប្រទេស​កម្ពុជា កាលពី​ខែមករា​ឆ្នាំ២០១៣ ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ប្រទេស​ចំនួន៧៦ ដោយ​ផ្អែកទៅលើ​របាយការណ៍​មកពី​ប្រភព​ចំនួន៣ ទី១ជា​របាយការណ៍​ដែល​ផ្ញើរ​មក​ដោយ​រដ្ឋាភិបាល ទី២របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល និង​ទី៣ជា​របាយការណ៍​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ស្ថិតនៅក្នុង​ប្រទេស​កម្ពុជា។ កាលណោះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ទទួលយក​អនុសាសន៍​ចំនួន៩១ ដែល​ផ្តល់​ដោយ​ប្រទេស​ជា​សមាជិក​ជុំវិញ​កង្វះខាត​នៃ​ការអនុវត្តន៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប៉ុន្តែ​ភាគច្រើន​នៃ​អនុសាសន៍​ទាំងនោះ មិនត្រូវ​បាន​កែរ​លម្អរ​អោយ​ប្រសើរឡើង​នោះទេ។

យ៉ាងណា​ក៏ដោយ នៅក្នុង​ដំណាក់កាល​ទី២នៃ​ការអនុវត្តន៍ UPR រឺ​កិច្ចដំណើរការ​ត្រួតពិនិត្យ​ជា​សកល​តាម​ពេលវេលា​កំណត់​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ រដ្ឋាភិបាល​កម្ពុជា បានសំរេច​ទទួលយក​អនុសាសន៍​ចំនួន១៦៣ និង​កត់សំគាល់​អនុសា​សន៍​ចំនួន៤២ តាមរយៈ​កិច្ចប្រជុំ​លើក​ទី២៦ កាលពី​ខែមិថុនា​ឆ្នាំ២០១៤ ដើម្បី​កែរ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​រងចាំ​មើល​ថា​តើ រាល់​អនុសាសន៍​ទាក់ទង​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នេះ រដ្ឋាភិបាល​បាន​កែរ​លម្អរ​អោយ​ប្រសើរឡើង​រឺទេ។ ការវាយតម្លៃ​នឹងធ្វើ​ឡើង​រយៈពេល២ឆ្នាំ​ម្តង នៅឯ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ ស្ថិតនៅក្នុង​ទីក្រុង​សឺ​ណែវ​ប្រទេស​ស្វី​ស៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ