អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការពារ​ជាតិ៖ សំឡេងផ្ទុះ​លើ​អាកាស​ជាសំឡេងផ្ទុះ​យន្តហោះ​ស៊ើបការណ៍​គ្មាន​អ្នក​បើក

ក្រសួងការពារជាតិ​កម្ពុជា​បាន​ប្រកាស​ថា ​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១១ បន្ទាប់ពី​មាន​សូរ​សំឡេង​ផ្ទុះ​ផ្ទួនៗគ្នា​យ៉ាងខ្លាំង​នៅលើ​អាកាស​ ស្ថិតក្នុង​ភូមិសាស្ដ្រ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ សមត្ថកិច្ចចម្រុះ​របស់​ក្រសួង​ការពារជាតិ ​បានចុះទៅពិនិត្យ​ផ្ទាល់​ដល់កន្លែង និង​បាន​រកឃើញ​បំណែក​យន្ដហោះ​ស៊ើបការណ៍​គ្មាន​មនុស្ស​បើកបរ ចំនួន​សរុប​ជាង ៣០​បំណែក នៅ​រាយប៉ាយ​​លើ​តំបន់ ​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៦៤​គ​.​ម​. ពី​តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន ​នៅ​​តំបន់​ប្រាសាទ​ព្រះវិហារ ​ដែល​កំណត់​ដោយ​តុលាការ​យុត្តិធ​ម៌អន្ត​រ​ជាតិ។​

លោក​ទៀ បាញ់ រដ្ឋមន្រ្តី​ការពារជាតិ​កម្ពុជា ក្នុង​សន្និសីទ​សារព័ត៌មាន កាលពីថ្ងៃ​ពុធ ១៧ សីហា ២០១១
លោក​ទៀ បាញ់ រដ្ឋមន្រ្តី​ការពារជាតិ​កម្ពុជា ក្នុង​សន្និសីទ​សារព័ត៌មាន កាលពីថ្ងៃ​ពុធ ១៧ សីហា ២០១១ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ក្នុង​​សេចក្តីប្រកាស​ ចេញថ្ងៃ​ព្រហស្បតិ៍ ១៨ សីហា ២០១១នេះ ក្រសួងការពារជាតិ​បាន​បញ្ជាក់ថា ដោយរដ្ឋាភិបាល​​ថៃ បាន​បដិសេធ​ថា​ ខ្លួន​​ពុំ​បាន​ប្រើប្រាស់​យន្ដហោះ​​គ្មាន​អ្នកបើកបរ​នេះ​ទេ ដូច្នេះ​ ក្រសួង​​ការពារ​ជាតិ​កម្ពុជា​សន្និដ្ឋានថា ឧប្បតិ្តហេតុ​ធ្លាក់​យន្ដហោះ​ស៊ើបការណ៍​​គ្មាន​មនុស្ស​បើក​នោះ ជា​សកម្មភាព​របស់​ក្រុម​ភេ​រវ​កម្ម​ណាមួយ ដែល​សាកល្បង​ប្រើប្រាស់​យន្ដហោះ​ស៊ើប​ការណ៍​​គ្មាន​មនុស្ស​បើកបរ​នេះ ដើម្បី​ប្រព្រឹត្ត​អំពើ​ភេ​រវ​កម្ម​ នៅ​កម្ពុជា នាពេល​អនាគត ។​

ក្រសួង​ការពារជាតិ​​ក៏បានប្រកាសអំពាវនាវ​សុំឲ្យ​មាន​កិច្ច​សហការ​ពី​បណ្ដា​ប្រទេស​ជា​មិត្ត ​ដើម្បី​​ធ្វើការស៊ើបអង្កេត​ ឲ្យបាន​ហ្មត់ចត់​បំផុត​ អំពីឧប្បតិ្តហេតុ​នេះ ដើម្បី​ទប់ស្កាត់​អំពើ​ចារកម្ម ដែល​​មាន​គោលបំណង​បម្រើសកម្មភាព​ភេ​រវ​កម្ម ​ក្នុងប្រទេស​កម្ពុជា និង​នៅ​ទីកន្លែង​ដទៃ​ទៀត។

ក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធិផលការងារក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃ​ព្រហស្បតិ៍​ទី ១៨ សីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បញ្ជាក់​ពី​ការផ្ទុះ​យន្តហោះ​ស៊ើបការណ៍​គ្មាន​អ្នកបើក ហើយ​ថា យន្តហោះ​នោះ​​មិនមែន​ជា​របស់​ប្រទេស​ថៃ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ