អានតួអត្ថបទ
កម្ពុជា

កម្ពុជា​​នាំ​​ចេញ​​អង្ករ​​បាន​​ជាង​៣៤​ម៉ឺន​តោន កើន​ជិត​៥០​ភាគរយ​ក្នុង​ពេល​៨​ខែ​ឆ្នាំ​២០១៥

កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន ចំនួន​ជាង ៣៤​ម៉ឺន​តោន នៅ​ក្នុង​រយៈពេល​៨​ខែ ក្នុង​ឆ្នាំ២០១៥​នេះ។ ចំនួន​នេះ កើន​ឡើង​៤៦.៣០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី ឆ្នាំ២០១៤ ដែល​មាន​ចំនួន​ជាង​២៣​ម៉ឺន​តោន។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១០ កញ្ញា​នេះ។

ប្រភេទអង្កររបស់កម្ពុជាដែលដាក់តាំងលក់នៅលើទីផ្សារ។
ប្រភេទអង្កររបស់កម្ពុជាដែលដាក់តាំងលក់នៅលើទីផ្សារ។ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា ឬ Cambodia Rice Federation (CRF) បាន​បង្ហាញ​ថា ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០១៥​នេះ កម្ពុជា​នាំ​អង្ករ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​បាន​ច្រើន​ជាង​គេ បន្ទាប់​មក​មាន​ប្រទេស​បារាំង​ស្ថិតក្នុង​លំដាប់​ទី​២ និង​ប្រទេស​ប៉ូឡូញ​ស្ថិត​ក្នុង​លំដាប់​ទី៣​។ កម្ពុជា​បាន​នាំ​អង្ករ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ចំនួន ជាង​៥០ នៅ​ទូទាំង​ពិភពលោក។ អង្ករ​ដែល​កម្ពុជា​នាំចេញ​ច្រើនជាងគេ មាន​អង្ករ​ផ្កាម្លិះ អង្ករ​សែន​ក្រអូប និង​អង្ករ​អ៊ីអែរ​ជាដើម។

របាយ​ការ​របស់​CRF ក៏បាន​បង្ហាញ​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​កម្ពុជា​មាន​ចំនួន​ជាង ៧០​ក្រុមហ៊ុន ហើយ​ក្នុងនោះ​មាន​ក្រុមហ៊ុន​ចំនួន ២០ ដែល​នាំចេញ​អង្ករ​កម្ពុជា​បាន​ច្រើន​ជាង​គេ ទៅ​កាន់​បណ្តា​ប្រទេស​នានា នៅ​ក្នុង​រយៈពេល​៨​ខែ ឆ្នាំ ២០១៥នេះ។ ក្រុមហ៊ុន​ទាំងនោះ​មាន​ដូច​ជា AMRU Rice (Cambodia) ក្រុមហ៊ុន​Khmer Foods Group និង​ក្រុមហ៊ុន Golden Rice (Cambodia) ជាដើម។

សូម​រំលឹក​ជូន​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់​បាន​លើក​ឡើង​ថា កម្ពុជា​ត្រូវតែ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​១​លាន​តោន ក្នុង​ឆ្នាំ ២០១៥​នេះ ប៉ុន្តែ​គោល​នយោបាយ​នេះ ហាក់​ដូច​ជា​មិន​អាច​ទៅរួច​នោះទេ ខណៈដែល​អ្នកជំនាញ​ខាង​ផ្នែក​អង្ករ​នេះ ធ្លាប់​បាន​អះអាង​មកហើយ​ថា កម្ពុជា​នៅ​មិន​ទាន់​មាន​លទ្ធភាព ផលិត​អង្ករ​នាំចេញ​ឲ្យ​បាន១លាន​តោន​នៅក្នុង​ឆ្នាំនេះ នោះទេ ខណៈ​រយៈ​ពេល​៨​ខែ​ដើម​ឆ្នាំ ២០១៥នេះ កម្ពុជា​ទើប​តែ​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ត្រឹម​តែ​ជាង ៣៤​ម៉ឺន​តោន​ប៉ុណ្ណោះ​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ