អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​និង​ព្រះ​សង្ឃ​វត្ត​កោះ​ពោធិវង្ស​ប្រើ​​ធម៌​ក្តៅ​វាយ​ទម្លុះ​របង​បុរី​ប៉េង​ហួត​ដើម្បី​កាន់​​កាប់​​ដី​ដែល​មាន​ជម្លោះ​

ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​គង់នៅ​វត្ត​កោះ​ពោធិ​វង្ស ក្នុងភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ប្រមាណ​ជាង ៥០០ នាក់ និង អង្គ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី ១៥ មិថុនា​នេះ​បាន​ផ្ទុះ​ការតវ៉ា​ទាមទារ​ដី​វត្ត​ដែល​បុរី​ប៉េង​ហួត​កំពុង​សាងសង់​លើ។ ការតវ៉ា​នេះ​បាន​កើតឡើង​ក្រោយពី​អាជ្ញាធរ​មិនបាន​ដោះ​ស្រាយ ហើយក៏​ឈានដល់​ការ​វាយ​ទម្លុះ​​របង​បុរី ដើម្បី​កាន់កាប់​ដី។ សាលាក្រុង​ភ្នំពេញ​បាន​ថ្កោល​ចំពោះ​សកម្មភាព​វាយ​បំផ្លាញ​​ទ្រព្យសម្បត្តិ​ឯកជន​នេះ។ យ៉ាង​ណា​ក៏ដោយ ការតវ៉ា​នេះ​មិនមាន​ការប៉ះទង្គិច​គ្នា ឫ អំពើហិង្សា​ណាមួយ​កើតឡើង​នោះទេ។ 

ប្រជាពលរដ្ឋវាយទម្លុះរបងបុរីប៉េងហួតនៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០១៤។
ប្រជាពលរដ្ឋវាយទម្លុះរបងបុរីប៉េងហួតនៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០១៤។ RFI/ Vann sokunthea
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ម៉ោង​ប្រមាណ​ជិត ១០ ព្រឹក ក្រុម​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត និង ព្រះសង្ឃ​នៅ​វត្ត​កោះ​ពោធិ​វង្ស​បានចាប់ផ្តើម​វាយ​ទម្លុះ​របង​បុរី​ប៉េង​ហួត។ ជាការ​វាយ​ទម្លុះ​ដើម្បី​ចូលទៅ​កំណត់ចំណាំ​ទីតាំង​ដី​វត្ត​ដែល​ត្រូវបាន​អ្នកមានអំណាច​រំលោភ​យ​ក​លក់​ឲ្យ​បុរី​ប៉េង​ហួត​ទាំង​មិនមាន​ដំណោះស្រាយ។

ព្រះ​តេជគុណ ពឿ​យ មេត្តា ព្រះចៅអធិការ​វត្ត​កោះ​ពោធិ​វង្ស ដែល​ដឹកនាំ​ការតវ៉ា និង វាយរបង​បុរី​ប៉េង​ហួត​នេះ​បាន​មាន​សង្ឃដីកា​ថា ទំនាស់​ដីធ្លី​នេះ​បានកើត​នៅក្នុង​ឆ្នាំ ២០១៣ ដោយ លោក​ឧក​ញ្ញ៉ា ឈាង ប៉ាក់​សួរ និង លោក ជា ខេ​មា អភិបាលរងខណ្ឌ​សែន​សុខ​បាន​រំលោភបំពាន​យក​ដី​វត្ត​ទៅ​លក់​ឲ្យ​បុរី​ប៉េង​ហួត។ បើតាម​ព្រះចៅអធិការ​វត្ត​រូបនេះ ផ្ទៃដី​វត្ត​ដែល​បាន​បាត់បង់​មាន​ទំហំ ៣០ ម៉ែត្រ គុណ ១៧០ ម៉ែត្រ និង ដី​ផ្លូវ​ចាស់​ចូល​វត្តមាន​ទទឹង១២ ម៉ែត្រ និង បណ្តោយ ២៤៨ ម៉ែត្រ ដែល​បុរី​ប៉េង​ហួត​កំពុងតែ​សាងសង់​លើ។

ព្រះ​តេជគុណ ពឿ​យ មេត្តា​បាន​បន្តថា ព្រះអង្គ​បាន​ស្វែងរក​ដំណោះស្រាយ​ជាមួយ​លោក​ឧក​ញ្ញ៉ា ឈាង ប៉ាក់​សួរ លោក ជា ខេ​មា បុរី​ប៉េង​ហួត និង អាជ្ញាធរ​ជាច្រើនលើក​មកហើយ ក៏ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល​នោះទេ គឺ​ទទួល​បានតែ​ការ​គម្រាមកំហែង និង ការព្រងើយកន្តើយ​ទៅវិញ។ ព្រះអង្គ​បានលើកឡើង​បន្ថែមថា ព្រះសង្ឃ និង ពុទ្ធ​បរិ​ស័ទ មិនមាន​ជម្រើស​អ្វី​ក្រៅពី​ការ​វាយ​ទម្លុះ​របង​កាន់កាប់​ដី ដើម្បី​ជា​ថ្នូ​រ​ទៅនឹង​ការស្វែងរក​ដំណោះស្រាយ​នោះឡើយ។

ការផ្ទុះ​ការតវ៉ា​របស់​ព្រះសង្ឃ និង ប្រជាពលរដ្ឋ​នៅថ្ងៃនេះ​ក៏​វត្តមាន លោក លី សា​វេត អភិបាលខណ្ឌ​សែន​សុខ​ផងដែរ ក៏ប៉ុន្តែ​លោក មិន​បានធ្វើ​អន្តរាគមន៍​អ្វី​នោះទេ ដោយ គ្រាន់តែ​ស្នើ​ដល់​ព្រះសង្ឃ និង ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​អ្វី​ស្របតាម​ច្បាប់ និង កុំ​ឲ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​អ្នកដទៃ​តែប៉ុណ្ណោះ។

ដោកឡែក លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្កោលទោស​សកម្មភាព​របស់​ព្រះសង្ឃ និង ប្រជាពលរដ្ឋ​ដែល​បាន​វាយ​ទម្លុះ​របង​បុរី​ប៉េង​ហួត ដើម្បី​កាន់កាប់​ដី។លោក លើកឡើងថា ព្រះសង្ឃ​គឺជា​អ្នក​អប់រំ​មនុស្ស តែ​មិនគួរ​ដឹកនាំ​ប្រជាពលរដ្ឋ​ប្រព្រឹត្តិ​អំពើ​ខុសច្បាប់​បែបនេះ​ឡើយ។ អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ​ធ្លាប់បាន​ចុះទៅ​សម្របសម្រួល​ជាមួយ​ព្រះសង្ឃ​ចំពោះ​បញ្ហា​ដី​វត្ត​នេះដែរ ក៏ប៉ុន្តែ​ព្រះ​ស​ង្ឃ​ហាក់​មិនមាន​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​ទេ ហើយ​ថែមទាំង​នៅតែ​ទាមទារ​នូវអ្វី​ដែល​មិនអាច​ទៅរួច​ថែមទៀត។

យ៉ាងណាក៏ដោយ ព្រះចៅអធិការ ពឿ​យ មេត្តា នៅ​ថ្ងៃអាទិត្យ​នេះដែរ បា​នស​សេរ​ពាក្យបណ្តឹង​មួយច្បាប់ តែ​មិនមែន​សម្រាប់​ដាក់​ទៅកាន់​តុលាការ​នោះទេ គឺ​ដាក់​ទៅកាន់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​ជួយ​ពិនិត្យ និង ដោះស្រាយ​យក​ដី​ដែល​បាត់បង់​នោះ មក​ប្រគល់​ឲ្យ​វត្ត​កោះ​ពោធិ​វង្ស​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ