អានតួអត្ថបទ
កម្ពុជា

ប្រាក់​មួយ​លាន​ដុល្លារ​សម្រាប់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​គឺ​ស្មើ​នឹង​ការ​ចំណាយ​៨​ថ្ងៃ​ប៉ុណ្ណោះ​

កាកបាទក្រហមកម្ពុជា​បានប្រកាស​ផ្តល់​ជំនួយ១លាន​ដុល្លារ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ពេល​ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម លើក​ទី១៥១ នៅ​ភ្នំពេញ​កាល​ម្សិល​មិញ។ ដោយ​រៃអង្គាស​ប្រាក់​បាន​ច្រើនជាង១៤លាន​ដុល្លារ ស្ថាប័ន​មនុស្ស​ធម៌​​ជាតិ​នេះ បាន​សម្រេច​រំលែក១លាន​​​ដុល្លារ​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា​ ដែល​កំពុង​ត្រូវការ​ថវិកា​ដ៏​សន្ធឹក​សន្ធាប់​ សម្រាប់​ព្យាបាល​ប្រជាជន​កម្ពុជា ដោយ​ឥតគិតថ្លៃ។ ប៉ុន្តែ ជំនួយ១លាន​ដុល្លារ​នេះ គឺ​ស្មើនឹង​ការចំណាយ​របស់​មន្ទីរ​ពេទ្យ​តែ៨ថ្ងៃ​ប៉ុណ្ណោះ។

លោក Beat Richner និងក្មេងៗអ្នកជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។
លោក Beat Richner និងក្មេងៗអ្នកជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។ @Google
ផ្សាយពាណិជ្ជកម្ម

កាកបាទក្រហមកម្ពុជា​បានប្រកាស​ផ្តល់ជំនួយ​ឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ត្រូវបាន​បង្កើតឡើង និង​គ្រប់គ្រង ដោយ​លោក​វេជ្ជបណ្ឌិត​ជនជាតិ​ស្វី​ស​ឈ្មោះ Beat Richner ចំនួន១លាន​ដុល្លារ​សម្រាប់​ឆ្នាំ២០១៤នេះ។ កាលពី​ឆ្នាំ២០១២ និង២០១៣ កាកបាទក្រហមកម្ពុជា ដែល​ដឹកនាំ​ដោយ​លោកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​ថវិកា២លាន​ដុល្លារ​រួចហើយ។

ចំពោះ​មន្ទីរពេទ្យ​គន្ធបុប្ផា ថវិកា១លាន​ដុល្លារ​គឺ​ស្មើនឹង​ការចំណាយ​តែ៨ថ្ងៃ​ប៉ុណ្ណោះ។ នៅ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ លោក Beat Richner ដែល​បាន​អំពាវនាវ​រក​ជំនួយ​ពី​ប្រជាពលរដ្ឋ​កម្ពុ​ជាទូទៅ និង​ពី​សប្បុរសជន​អន្តរជាតិ​ផង បាន​ប្រាប់​ឱ្យដឹងថា មន្ទីរពេទ្យ​គន្ធបុប្ផា​ចំណាយ​ប្រាក់១សែន២ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ព្យាបាល​ជម្ងឺ និង​ផ្តល់​ថ្នាំសង្កូវ​ឱ្យ​របស់​ប្រជាជន​កម្ពុជា​ដែល​ភាគច្រើន​ក្រីក្រ ដោយ​ឥតគិតថ្លៃ។

បច្ចុប្បន្ន បើតាម​លោក​វេជ្ជបណ្ឌិត​រូបនេះ មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ត្រូវបាន​សាងសង់​ក្នុង​ឆ្នាំ១៩៩២ ព្យាបាល​ជម្ងឺ​របស់​កុមារ​កម្ពុជា៨៥% ហើយ​មន្ទីរពេទ្យ​នេះ​ព្យាបាល៩២%នៃ​កុមារ​ដែល​កើត​គ្រុនឈាម។ បើតាម​របាយការណ៍​ឆ្នាំ២០១៣របស់​មន្ទីរពេទ្យ ក្នុងចំណោម​អ្នក​ជម្ងឺ​រាប់សែន​នាក់ កុមារ​ច្រើនជាង៦សែន៨ម៉ឺន៧ពាន់​នាក់​ត្រូវបាន​ព្យាបាល ហើយ​ស្ត្រី​មាន​ផ្ទៃពោះ​ច្រើនជាង១សែន១ម៉ឺន​នាក់​ត្រូវបាន​ពិនិត្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ