អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​ត្រៀម​ប្រឆាំង​តបត​​អ្នក​ចង់​ទម្លាក់​រដ្ឋាភិបាល

ថ្លែងពី​ខេត្ត​ក្រចេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រៀមខ្លួន​ក្រោកឈរ​ឡើង​ប្រឆាំង​ជាមួយ​ក្រុម​អ្នកប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល។ ដោយ​មិនបាន​សំដៅ​ឲ្យចំៗ​ទៅលើ​គណបក្ស​ណា ប៉ុន្តែលោក​នាយក​រដ្ឋមន្ត្រី​បាន​ហៅ​ការប៉ុនប៉ងនោះ​​ថា​ជា​ទង្វើ​ខុស​ច្បាប់​ដែល​មិនអាច​បណ្តាយ​បាន។ ប៉ុន្តែ គណបក្ស​ប្រឆាំង​បដិសេធ​ថា ខ្លួន​មិន​ដែល​ប៉ុនប៉ង​រំលំ​រដ្ឋាភិបាលទេ។

លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន​​
លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន​​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​ប្រកាស​​អំពាវនាវ​​ជា​​សាធារណៈ​នៅ​ថ្ងៃ​​សៅរ៍​​នេះ​​ដល់​អ្នក​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ឲ្យ​ត្រៀម​ខ្លួន​ប្រឆាំង​តបត​វិញ​ចំពោះ​ទង្វើ​ខុស​ច្បាប់​ទាំង​ឡាយ​ណា​ដែល​ឈាន​ទៅ​ដល់​ការ​ធ្វើ​រដ្ឋ​ប្រហារ​ខុស​ច្បាប់ និង​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ។ លោក​បញ្ជាក់​ថា គណបក្ស​​ប្រឆាំង​​ក៏​​មិន​​អាច​​យក​​ប្រទេស​​កម្ពុជា​​ធ្វើ​​ជា​ចំណាប់​​ខ្មាំង​​បាន​​ដែរ។

ការថ្លែង​​បែប​នេះ​​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ភូមិ​កុមារ​អន្តរជាតិ SOS ក្នុង​ខេត្ត​ក្រចេះ។ វត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​ខេត្ត​ក្រចេះ​នៅ​ពេល​នេះ​អាច​ចាត់​ទុក​ជា​ការបង្ហាញ​មុខ​ដោយ​កម្រ​ម្តង​ទៀត​នៅ​តាម​ខេត្ត​ចាប់​តាំង​ពី​ក្រោយ​ការបោះ​ឆ្នោត​កាលពី​ខែកក្កដា​ឆ្នាំ ២០១៣ មក។ ការ​បោះ​ឆ្នោត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​បង់​អស់​ ២២ កៅអី​​ពី​​ក្នុង​​រដ្ឋសភា។ មិនតែ​ប៉ុណ្ណោះ គណបក្ស​ប្រឆាំង​នៅ​តែ​មិន​ទទួល​យក​លទ្ធផល និង​បាន​​ចោទ​​គណបក្ស​​កាន់​អំណាច​ថា​បាន​លួច​បន្លំ​សន្លឹក​ឆ្នោត។

នេះ​ក៏​ជា​លើក​ទី១​ដែរ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​ថ្លែង​​សារ​​នយោបាយ​​យ៉ាង​ធ្ងន់ៗ​​​ទៅ​​កាន់​បក្ស​ប្រឆាំង​បន្ទាប់​ពី​ស្ថិត​នៅ​ស្ងាត់​ស្ងៀម​ជា​ច្រើន​ខែ​មក។ លោក​បាន​ព្រមាន​ថា កម្ពុជា​មិនមែន​ដូច​នៅ​អេហ្ស៊ីប ទុយនេស៊ី និង​លីប៊ី ដែល​​គេ​​អាច​​ធ្វើ​​បដិវត្តន៍​​ផ្តួល​​រំលំ​​បាន​​នោះ​ឡើយ។ បើ​ទោះបី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​និយាយ​ចំៗ​ទៅ​លើ​ក្រុម​ណា ប៉ុន្តែ គេ​អាច​យល់​បាន​ថា លោក​​សំដៅ​​ទៅ​​លើ​​គណបក្ស​​ប្រឆាំង​​ដែល​​កំពុង​​បន្ត​​ទាមទារ​​ឲ្យ​មាន​​ការ​បោះឆ្នោត​​ឡើង​វិញ និង​​ឲ្យ​​លោក​​ចុះ​​ចេញ​​ពី​​មុខ​​តំណែង​​តាម​រយៈ​​មហា​​បាតុកម្ម​​ជា​​បន្ត​បន្ទាប់។ លោក​នាយក​រដ្ឋមន្ត្រី​បាន​ហៅ​ការ​ផ្តល់​យោបល់​ទាំង​ឡាយ ដូច​​ជា​​ស្នើ​​សុំ​​ឲ្យ​​ព្រះ​មហាក្សត្រ​​ដាក់​​រាជ​​និង​​ឲ្យ​​ធ្វើ​​ជា​​នាយករដ្ឋ​​មន្ត្រី​​នៃ​​រដ្ឋាភិបាល​​បណ្តោះ​​អាសន្ន​​ជាដើម​​នោះ​​ថា​ជា​​ការញុះ​ញង់។

យ៉ាង​ណា​ក៏ដោយ គណបក្ស​ប្រឆាំង​បាន​បដិសេធ​ថា​ខ្លួន​មិន​ដែល​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ។ លោកយឹម សុវណ្ណ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គណបក្ស​សង្គ្រោះជាតិ​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើង​វិញ​ដើម្បី​រៀបចំ​ឲ្យ​មាន​រដ្ឋាភិបាល និង​រដ្ឋសភា​ស្រប​ច្បាប់ ដែល​ជា​ការ​រក​យុត្តិ​ធម៌​ជូន​ម្ចាស់​ឆ្នោត។ ហើយ​ការទាមទារ​ទាំងនេះ​ធ្វើ​ឡើង​តាម​គោលការណ៍​អហិង្សា​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ