អានតួអត្ថបទ
កម្ពុជា

លោក​​ហ៊ុន សែន ចេញ​ទៅ​ពង្រឹង​នយោបាយ​ការ​បរទេស​នៅ​ចិន​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ២២​មីនា​នេះ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ ចេញ​ទៅ​ប្រទេស​ចិន ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ចំនួន ២​។ កិច្ច​ប្រជុំ​ទាំង ២​នោះ សុទ្ធ​តែ​ធ្វើ​ឡើង​ក្នុង​ខេត្ត​ហៃ​ណាន ដោយ​រួម​មាន កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡាន​ឆាង លើក​ទី​១ នៅ​ទី​ក្រុង​សាន​យ៉ា និង​សន្និសីទ​ប្រចាំ​ឆ្នាំ ២០១៦​នៃ​វេទិកា​បូ​អាវ (​Boao​) នៅ​ទី​ក្រុង​បូ​អាវ​។ ក្រៅ​ពី​កិច្ច​ប្រជុំ​រយៈពេល ៣​ថ្ងៃ​ហើយ​ លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ នឹង​ជួប​ពិភាក្សា​ដើម្បី​ពង្រឹង​ចំណង​មិត្ត​ភាព​ការបរទេស ជាមួយ​នឹង​នាយក​រដ្ឋ​មន្ត្រី​ចិន និង​ឧបនាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​។

លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា។
លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃ​ទី ២២ ដល់​ថ្ងៃ​ទី ២៤​មីនា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​មាន​អម​ដំណើរ​ដោយ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស និង​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដទៃ​ទៀត ត្រូវ​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡាន​ឆាង លើក​ទី​១ និង​សន្និសីទ​ប្រចាំ​ឆ្នាំ ២០១៦ នៃ​វេទិកា​បូអាវ​សម្រាប់​អាស៊ី​។ ជា​ការ​ចូលរួម ដើម្បី​ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន លី ខឺឈាង (Li Kequiang)​។ 

ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡាន​ឆាង​លើក​ទី​១ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន នឹង​ថ្លែង​សុន្ទរកថា ក្រោម​មូល​បទ «​ការ​ចែក​រំលែក​ទន្លេ-ការ​ចែក​រំលែក​អនាគត​»​។ ហើយ​បន្ទាប់​ពី​នោះ ប្រមុខ​ដឹក​នាំ​កម្ពុជា ព្រម​ជាមួយ​មេ​ដឹកនាំ​ប្រទេស​ក្នុង​តំបន់​មេគង្គ និង​ចិន នឹង​រួម​គ្នា​អនុម័ត​សេចក្តី​សម្រេច​ចំនួន ៣ ក្នុង​កិច្ច​ប្រជុំ​នោះ​។ កិច្ច​ប្រជុំ​កំពូល នឹង​អនុម័ត លើ​សេចក្តី​ថ្លែង​ការណ៍​ទី​ក្រុង​សាន​យ៉ា​នៃ​កិច្ច​ប្រជុំ​កំពូល​សហប្រតិបត្តិ​ការ​មេគង្គ-ឡាន​ឆាង លើក​ទី​១​។ សេចក្តី​ប្រកាស​រួម​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សមត្ថភាព​ផលិតកម្ម​នៃ​បណ្តា​ប្រទេស​មេគង្គ-ឡាន​ឆាង និង​គម្រោង​ឆាប់​ទទួល​បាន​ផល​ភ្លាម​ៗ​នៃ​កិច្ច​សហប្រតិបត្តិមេគង្គ​-​ឡាន​ឆាង​។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី ២៤​មីនា លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ នឹង​ថ្លែង​សុន្ទរកថា ក្នុង​ពិធី​បើក​វេទិកា​ពេញ​អង្គ​សន្និសីទ​ប្រចាំ​ឆ្នាំ ២០១៦​នៃ​វេទិកា​បូអាវ សម្រាប់​អាស៊ី ក្រោម​ប្រធាន​បទ «​អនាគត​ថ្មី​របស់​អាស៊ី​៖ ​កម្លាំង​ចលករ​ថ្មី និង​ចក្ខុ​វិស័យ​ថ្មី​»​។ សូម​បញ្ជាក់​ថា វេទិកា​បូ​អាវ ត្រូវ​បាន​បង្កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ ២០០១ ដើម្បី​រៀប​ចំ​វេទិកា​សន្ទនា សម្រាប់​វិស័យ​សាធារណៈ ឯកជន និង​បណ្ឌិត​សភា ក្នុង​ការ​ពិភាក្សា និង​ផ្លាស់​ប្តូរ​ទស្សនៈ ដោះ​ស្រាយ​លើ​បញ្ហា​សេដ្ឋកិច្ច សង្គម​ បរិស្ថាន និង​បញ្ហា​បន្ទាន់​ផ្សេង​ៗ​។

ក្រៅ​ពី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ទាំង ២​នេះ ប្រមុខ​ដឹក​នាំ​កម្ពុជា ក៏​ឆ្លៀត​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន លី ខឺឈាង និង​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី Arkady Dvorkovich ដើម្បី​ពង្រឹង​ចំណង​មិត្ត​ភាព​ការ​បរទេស ក៏​ដូចជា​ដើម្បី​ពិភាក្សា ពី​ការ​ពង្រឹង​ទំនាក់ទំនង លើ​គ្រប់​វិស័យ ដែល​ប្រទេស​ទាំង ៣ កំពុង​តែ​មាន​សហប្រតិបត្តិ​ការ​ជាមួយ​គ្នា​។

សូម​បញ្ជាក់​ថា កិច្ច​ប្រជុំ នៅ​ក្នុង​ប្រទេស​ចិន នា​ពេល​នេះ ធ្វើ​ឡើង​ខណៈ​ដែល​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​លំដាប់​ទី ២​នេះ កំពុង​តែ​មាន​បញ្ហា​ជម្លោះ​ដែន​ទឹក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ជាមួយ​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន​។ យ៉ាង​ណា​ក៏​ដោយ កម្ពុជា​ដែល​ជា​មិត្ត​ដ៏​ស្និទ្ធ​ស្នាល​មួយ​របស់​ចិន បាន​ប្រកាស​រក្សា​ជំហរ​កណ្តាល ចំពោះ​បញ្ហា​នេះ​ជានិច្ច​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ