អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​ទប់​ទល់​ការ​ប្រែប្រួល​អាកាសធាតុ​

រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​នៅ​ថ្ងៃ​អង្គារ​ទី ៥ វិច្ឆិកា​នេះ ដាក់​ឲ្យ​ប្រើប្រាស់​ផែនការ​យុទ្ធសាស្ត្រ​ដំបូងបង្អស់​របស់​ខ្លួន​ក្នុងការ​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ការ​ប្រកាស​ឲ្យ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ថ្មី​នេះ​បាន​ធ្វើ​ឡើង​នា​ឱកាស​វេទិកា​ជាតិ​លើក​ទី​៣​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បើក​ធ្វើ​នៅ​ឯ​វិមាន​សន្តិភាព ទី​ស្តី​ការគណៈរដ្ឋមន្ត្រី។

ការ​ប្រែប្រួល​អាកាសធាតុ នៅ​ក្នុង​ប្រទេសកម្ពុជា។
ការ​ប្រែប្រួល​អាកាសធាតុ នៅ​ក្នុង​ប្រទេសកម្ពុជា។ RFI/សួង សុខភារី
ផ្សាយពាណិជ្ជកម្ម

ផែនការ​យុទ្ធសាស្ត្រ​លើកដំបូង​ស្តីពី​ការ​ទប់ទល់​ជាមួយនឹង​ការប្រែប្រួល​អាកាសធាតុ​ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​ទី ៥វិច្ឆិកា​នេះ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ផែនការ​យុទ្ធសាស្ត្រ​នេះ​មាន​គោលដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​បង្កឡើង​ដោយ​គ្រោះមហន្តរាយធម្មជាតិ​ដែល​កើតឡើង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ។

ផែនការ​យុទ្ធសាស្ត្រ​នេះ​នឹងត្រូវ​អនុវត្ត​ចន្លោះ​ពី​ឆ្នាំ ២០១៤ ដល់ ឆ្នាំ ២០២៣ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​ដែល​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ការប្រែប្រួល​អាកាសធាតុ​បាន​ក្លាយជា​បញ្ហា​ប្រឈម​ជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ការអភិវឌ្ឍ​ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់។

វេទិកា​ជាតិ​លើក​ទី៣ស្ដីពី​ការប្រែប្រួល​អាកាសធាតុ” បាន​ប្រារព្ធ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៣ នៅ​វិមាន​សន្តិភាព​ទីស្តីការគណរដ្ឋមន្ត្រី។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុងឱកាស​បើក​វេទិកា​នេះ​ថា កម្ពុជា​ចាត់ទុក​និរន្ដរភាព​បរិស្ថាន​ជា​អាទិភាព​នាំ​ផ្លូវ​ដ៏​ត្រឹមត្រូវ​សម្រាប់​យុទ្ធសាស្ដ្រ​ជាតិ​ស្ដីពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង ការលុបបំបាត់​ភាពក្រីក្រ។

សូមបញ្ជាក់ថា វេទិកា​ជាតិ​លើក​ទី ៣ ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​នេះ នឹង​បើកឱកាស​ឲ្យ​ក្រុម​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ពិភាក្សាគ្នា​អំពី​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​ការងារ​គ្រប់គ្រង​ការប្រែប្រួល​អាកាសធាតុ។ អ្នកជំនាញ​ជាង ៧០០ នាក់​មកពី​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ជាច្រើន​ទៀត​បាន​ចូលរួម​ពិភាក្សា​ក្នុង​វេទិកា​នេះ​រហូតដល់​ថ្ងៃទី ៧វិច្ឆិកា។ វេទិកា​នេះ​ក៏បាន​បើក​ធ្វើឡើង​ចំពេល​ដែល​ប្រទេស​កម្ពុជា​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ។

អនុសាសន៍​ទាំងឡាយ​ដែល​កើតចេញពី​ការពិភាក្សា​នេះ​នឹង​បានជា​ប្រយោជន៍​សម្រាប់​គាំទ្រ​កម្ពុជា​ក្នុងការ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ឆ្ពោះទៅ​ការកសាង​សង្គម​បៃតង​ដែល​បញ្ចេញ​ឧស្ម័ន​កាបូន​តិច,ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ មាន​សមធម៌ និង មាន​ភាព​សុខដុម​រវាង​ការរស់នៅ​របស់​មនុស្ស និង បរិស្ថាន។

លោកស្រី ក្លែរ វ៉ាន់​ដ័រ វ៉ា​រ៉េ​ន អ្នក​សម្រប​សម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​គូស​បញ្ជាក់ថា រាល់​សកម្មភាព​ឆ្លើយ​តប​នឹង​អាកាសធាតុ​មិន​គួរ​មើល​រំលង​បញ្ហា​កង្វល់​របស់​ស្ត្រី ដែល​ជា​ក្រុម​អ្នក​ងាយ​រងគ្រោះ​បំផុត​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ