អានតួអត្ថបទ
កម្ពុជា

សាលា​ក្រុង​ភ្នំពេញ​នឹង​បើក​យុទ្ធនាការ​ប្រមូល​ក្មេង​អនាថា​នៅ​តាម​ដង​ផ្លូវ​ជា​ថ្មី​នៅ​ដើម​ខែ​ក្រោយ​

នៅ​​ដើម​ខែ​​កក្កដា​ ខែ​ក្រោយ​​នេះ ​សាលា​​រាជ​ធានី​​ភ្នំ​ពេញ​​នឹង​​បើក​យុទ្ធ​នា​ការ​ប្រមូល​​ក្មេង​​អនាថា​​នៅ​តាម​​បណ្តា​​ដង​ផ្លូវ​​នា​នា​​នៅ​ក្នុង​​រាជ​ធានី​​ភ្នំ​ពេញ​។ ​នេះ​​បើ​តាម​​លោក​ ឡុង ​ឌី​​ម៉​​ង់ អ្នក​នាំ​ពាក្យ​​សាលា​​រាជ​ធានី​​ភ្នំ​ពេញ​​ដែល​​​បាន​​ថ្លែង​ប្រាប់​​វិទ្យុ​​បារាំង​​អន្តរជាតិ​ នៅ​​ព្រឹក​​ថ្ងៃ​ អាទិត្យ​ ទី ​២៩​ មិថុនា​​​នេះ​​ ។ ​ក្មេង​​អនាថា ​ដែល​​ផ្ញើ​​វាសនា​​នៅ​លើ​​ដង​ផ្លូវ​​តាម​រយៈ​​ការ​សុំ​​ទាន​ និង ​លក់​​ផ្កា​​ជា​ដើម​​នោះ​ គឺ​ នៅ​តែ​​​មាន​​ដដែល​ បើ​ទោះ​បីសាលា​​រាជ​ធានី​​ភ្នំ​ពេញ​​ធ្លាប់​បាន​​ប្រមូល​​ម្តង​​រួច​មក​ហើយ​​ក៏​ដោយ​។​

ក្មេងៗ​ ដែលត្រូវបានប្រមូលនៅតាមដងផ្លូវនាពេលកន្លងមក។
ក្មេងៗ​ ដែលត្រូវបានប្រមូលនៅតាមដងផ្លូវនាពេលកន្លងមក។ លីកាដូ
ផ្សាយពាណិជ្ជកម្ម

ចាប់ពី​ខែកក្កដា​ខាងមុខនេះ​ទៅ ក្មេងៗអនាថា​ដែល​កំពុង​លក់​ផ្កា និង សុំទាន​នៅតាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ នឹង​លែងមាន​វត្តមាន​ទៀតហើយ។ លែងមាន​ ដោយសារ​សាលា​រាជធានី​ភ្នំពេញ កំពុង​រៀបចំ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ដើម្បី​ប្រមូលក្មេងៗទាំងនោះ យកទៅ​បណ្តុះបណ្តាល និង អប់រំ​នៅតាម​បណ្តា​អង្គការ​កុមារ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា នៅ​សប្តាហ៍​ក្រោយនេះ។

លោក ឡុង ឌី​ម៉​ង់ អ្នក​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០១៤ ថា នេះ​គឺជា​យុទ្ធនា​ការលើក​ទី​ពីរ​ហើយ​របស់​សាលា​រាជធានី​ភ្នំពេញ​ក្នុងការ​ប្រមូល​ក្មេង​អនាថា​នៅតាម​ដងផ្លូវ។ លោក បន្តថា សាលា​រាជធានី​ភ្នំពេញ​ធ្វើការ​ប្រមូលក្មេងៗអនាថា​ទាំងនោះ គឺ ទីមួយ ដើម្បី​សុវត្ថិភាព​របស់​ពួកគេ ទី​ពីរ ដើម្បី​ការពារ​មិន​ឲ្យ​មានការ​កេង​ប្រ​វ័​ញ្ច​កម្លាំង​ពលកម្ម​កុមារ និង ការជួញដូរ។ ទី​បី ដើម្បី​សោ​ភ័ណ្ឌ​ភាព​ទីក្រុង​ភ្នំពេញ ដោយ​មិន​ឲ្យ​មានក្មេងៗសុំទាន ឫ លក់​ផ្កា​ជាដើម នៅតាម​ស្តុ​បនីមួយៗ ហើយ​ទី​បួន គឺ​ដើម្បី​ឲ្យក្មេងៗទាំងនោះ បាន​ចូលរៀន និង ទទួល​ការបណ្តុះបណ្តាល​ជំនាញ  ដើម្បី​ជា​ទុន​ចិ​ញ្ចឺ​ម​ជីវិត​នៅពេល​អនាគត​ផងដែរ។

បើតាម​លោក ឡុង ឌី​ម៉​ង់ ក្មេងៗដែល​ប្រមូលបាន សាលា​រាជធានី​ភ្នំពេញ​នឹង​បញ្ជូន​ទៅកាន់​អង្គការ​សហការ​មួយចំនួន​ដូចជា អង្គការ​ស្នាមញញឹម​នៃ​កុមារ​ អង្គការ​មិត្តសំឡាញ់ អង្គការ​គ្រួសារ​ថ្មី និង អង្គការ​អាស​ស្ពេ​កា ។ ហើយ​អង្គការ​ទាំងនេះ នឹង​ចិញ្ចឹម និង បណ្តុះបណ្តាល​ជំនាញ​ដល់ក្មេងៗទាំងនោះ។

សូមបញ្ជាក់ថា កាលពីដើម​ខែមិថុនា​នេះ សាលា​រាជធានី​ភ្នំពេញ​ធ្លាប់បាន​ប្រមូលក្មេងៗសុំទាន និង លក់​ផ្កា​នៅតាម​ស្តុ​ប​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​ចំនួន ជាង ១០ នាក់ ហើយ​បញ្ជូន​ក្មេង​ទាំងនោះ​ទៅកាន់​អង្គការ​ធ្វើការ​ពាក់ព័ន្ធ​ខាង​កុមារ ដើម្បី​មើលថែ និង បណ្តុះបណ្តាល​ជំនាញ​ដល់​ពួកគេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ