អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ មិន​អនុញ្ញាត​ឲ្យ​អង្គការ​មាតា​ធម្មជាតិ​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ផ្សព្វផ្សាយ​ពី​តំបន់​អារ៉ែង​នៅ​ភ្នំ​ពេញ​

សាលា​​រា​ជ​ធានី​​ភ្នំពេញ​​មិន​​អនុញ្ញាត​​ឲ្យ​​អង្គការ​​មាតា​​ធម្មជាតិ​​ធ្វើ​​យុទ្ធនាការ​​ជិះ​​កង់​​ជុំ​វិញ​​ទី​ក្រុង​​ភ្នំ​ពេញ​​នៅ​​ថ្ងៃ​អាទិត្យ​​ស្អែក​​នេះ​​ទេ ​ហើយ​​ថែម​ទាំង​​ព្រមាន​​ថា ​នឹង​​ចាត់​វិធាន​ការ​​តាម​ផ្លូវ​​ច្បាប់​​ប្រសិន​​អង្គការ​​នេះ​​នៅ​តែ​​ចចេស​​ធ្វើ​​នោះ​។ ​យ៉ាង​ណា​ក៏​ដោយ ​លោក​ អេ​ឡិច ​ចាន់​ដ្រូ ​ប្រធាន​​អង្គការ​​មាតា​​ធម្មជាតិ​​នៅ​តែ​​អះ​អាង​ថា ​អង្គការ​​រប​ស់​លោក​​នៅ​​តែ​​ធ្វើ​​យុទ្ធនាការ​​នេះ​​ដូច​​ការ​គ្រោង​ទុក​​ដដែល​​បើ​​ទោះ​​មាន​ការ​​ព្រមាន​​បែប​នេះ​​ក្តី​។​ 

អង្គការមាតាធម្មជាតិ។
អង្គការមាតាធម្មជាតិ។ @ Mother Nature Cambodia
ផ្សាយពាណិជ្ជកម្ម

សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​មិន​អនុញ្ញាត​ឲ្យ​អង្គការ​មាតា​ធម្មជាតិ​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ជា​ក្រុម​នៅ​រសៀល​ថ្ងៃអាទិត្យ ស្អែក​នេះ​នោះទេ។ នេះ​បើតាម​លោក ឡុង ឌី​ម៉​ង់ អ្នក​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​បញ្ជាក់ប្រាប់​វិទ្យុ​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី ១៦ សីហា​នេះ។

លោក ឡុង ឌី​ម៉​ង់ បាន​លើក​ហេតុផល​ថា ដោយសារតែ​អង្គការ​មាតា​ធម្មជាតិ​មិនបាន​ដាក់ពាក្យ​ស្នើសុំ​ត្រឹមត្រូវ​មកកាន់​សាលា​រាជធានី​ភ្នំពេញ។ ក៏ប៉ុន្តែ លោក អេ​ឡិច ចាន់​ដ្រូ ប្រធាន​មាតា​ធម្មជាតិ​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​នេះដែរ​ថា លោក​បានដាក់​លិខិត​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​តាំងពី​ថ្ងៃ​ចន្ទ។ ទោះជា​យ៉ាងនេះ​ក្តី លោក ឡុង ឌី​ម៉​ង់ បាន​អះអាងថា យុទ្ធនាការ​បែបនេះ អង្គការ​មាតា​ធម្មជាតិ​ត្រូវដាក់​ពាក្យស្នើសុំ​មក​សាលា​រាជធានី​ភ្នំពេញ មិនមែន​ជូនដំណឹង​នោះទេ។ ដូច្នេះហើយ​ទើប​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ធ្វើ។

លោក អេ​ឡិច ចាន់​ដ្រូ លើកឡើងថា ទោះបី​អាជ្ញាធរ​មិន​អនុញ្ញាត​ក៏ដោយ ក៏​អង្គការ​មាតា​ធម្មជាតិ​នៅតែ​ធ្វើ​យុទ្ធនាការ​នេះ​តាម​ការគ្រោងទុក​ដដែល។ ក៏ប៉ុន្តែ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ព្រមាន​ថា អាជ្ញាធរ​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ចំពោះ​រឹងទទឹង​នេះ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃ​សុក្រ អង្គការ​មាតា​ធម្មជាតិ​បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការធ្វើ​យុទ្ធនាការ​ជិះ​កង់​ជា​ក្រុម​ជុំវិញ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​អាទិត្យ ទី ១៧ សីហា វេលា​ម៉ោង ៣ រសៀល។ យុទ្ធនាការ​ជិះ​កង់​នេះ នឹងមាន​អ្នកចូលរួម​ប្រមាណ ៤០ នាក់ ក្នុង​គោលបំណង ដើម្បី​សុខភាព និង បរិស្ថាន និង ផ្សព្វផ្សាយ​អំពី​ទេសភាព​តំបន់​អា​រ៉ែ​ង។ តំបន់​អា​រ៉ែ​ង​នៅក្នុង​ខេត្តកោះកុង ដែល​កំពុង​រង​ការ​គម្រាមកំហែង​ពី​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ