អានតួអត្ថបទ
កម្ពុជា

គណបក្ស​ប្រឆាំង​កំពុង​មមាញឹក​ធ្វើ​របាយការណ៍​ស្តីពី​ការ​បោះ​បង្គោល​ព្រំដែន

រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ​ គណបក្ស​សម រង្ស៊ី​នៅ​មិន​ទាន់​បញ្ចប់​របាយការណ៍​ស្តីពី​ការ​បោះ​បង្គោល​ព្រំដែន​ដែល​ខ្លួន​គ្រោង​នឹង​ផ្ញើ​ទៅ​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។ ​ក្រោយ​ពី​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​ក្នុង​ស្រុក​មេមត់​ខេត្ត​កំពង់ចាម​កាលពី​ពាក់កណ្តាល​ខែ​ធ្នូ ​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​បាន​ប្រកាស​ពី​ការ​បាត់បង់​ភូមិ​ខ្មែរ​ចំនួន​១៤​ចូល​ទឹកដី​វៀតណាម។​ គណបក្ស​សម រង្ស៊ី​កំពុង​តាក់តែង​របាយការណ៍​នេះ​ឲ្យ​បាន​ហ្មត់ចត់​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​រដ្ឋាភិបាល។ ​ប៉ុន្តែ ​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ពួកគេ​នឹង​មិន​ឈឺ​ក្បាល​ចំពោះ​របាយការណ៍​របស់​បក្ស​ប្រឆាំង​ឡើយ។

តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​អះអាង​ថា ភូមិខ្មែរ​យ៉ាងតិច ១៤​ត្រូវ​បាត់បង់​ទៅខាង​វៀតណាម
តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​អះអាង​ថា ភូមិខ្មែរ​យ៉ាងតិច ១៤​ត្រូវ​បាត់បង់​ទៅខាង​វៀតណាម © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

02:20

សេចក្តី​រាយការណ៍​របស់​ប៉ែន បូណា​ពី​ទីក្រុង​ភ្នំពេញ

គណបក្ស​សម រង្ស៊ី ​ដែល​បាន​ប្រកាស​ថា​នឹង​ដាក់​របាយការណ៍​ស្តីពី​បញ្ហា​ព្រំដែន​ជូន​រដ្ឋាភិបាល​នៅ​ចុង​សប្តាហ៍​នេះ​ នៅ​មិន​ទាន់​បញ្ចប់​របាយការណ៍​របស់​ខ្លួន​នៅ​ឡើយ​ទេ​ រហូត​មក​ទល់​នឹង​ថ្ងៃ​អាទិត្យ​នេះ។ ​លោក​យឹម​ សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​សម រង្ស៊ី​ បាន​ឲ្យដឹង​នៅ​ថ្ងៃ​នេះ​ថា ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​របស់​លោក​កំពុង​ធ្វើ​កិច្ចការ​នេះ​យ៉ាង​សកម្ម​និង​សុំ​មិន​ទាន់​ធ្វើអត្ថាធិប្បាយ​អំពី​ខ្លឹមសារ​នៃ​របាយការណ៍​នេះ​ទេ។

តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី​ចំនួន​១៨​នាក់​បាន​ចុះ​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​នៅ​ក្នុង​ស្រុក​មេមត់​ខេត្ត​កំពង់ចាម​កាលពី​ថ្ងៃ​ទី​១៤​ធ្នូ។ ​បន្ទាប់​ពី​ការ​ត្រឡប់​ពី​ទី​នោះ​វិញ​ ពួកគេ​បាន​ប្រកាស​ថា​មាន​ភូមិ​ខ្មែរ​យ៉ាង​ហោច​ណាស់​១៤​ដែល​បាន​បាត់​បង់​ចូល​ទៅ​ក្នុង​ទឹកដី​វៀតណាម​ដោយសារ​ការ​បោះ​បង្គោល​ព្រំដែន។ ​ពួកគេ​សន្យា​ថា​នឹង​ធ្វើ​របាយការណ៍​ជាក់លាក់​មួយ​ស្តីពី​បញ្ហា​នេះ​ដាក់​ជូន​រដ្ឋាភិបាល។

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​រ៉ុង ឈុន​បាន​ដាក់​របាយការណ៍​មួយ​រួច​ហើយ​កាលពី​ដើម​ខែ​ធ្នូ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ស្តីពី​ការ​បាត់បង់​ទឹកដី​នៅ​ស្រុក​មេមត់​នេះ​ដែរ។ ​ប៉ុន្តែ ​នៅ​មិន​ទាន់​មាន​ចម្លើយ​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។ ​លោក​រ៉ុង ឈុន​បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា​ ក្រុម​របស់​លោក​គ្រោង​នឹង​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​១០៨ និង​១០៩​ក្នុង​ស្រុក​កំចាយមា​ ខេត្ត​ព្រៃវែង​ទៀត​ នៅ​ដើម​ឆ្នាំ​២០១១។

ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​បាន​និង​កំពុង​តែ​ក្លាយជា​កម្មវត្ថុ​នៃ​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​បក្ស​ប្រឆាំង​និង​ក្រុម​សង្គម​ស៊ីវិល​មួយ​ចំនួន។ ​បន្ទាប់​ពី​ការ​ប្រទាំង​ប្រទើស​គ្នា​មួយ​ឈុត​ដែល​ធ្វើ​ឲ្យ​លោក​សម រង្ស៊ី​មេដឹកនាំ​បក្ស​ប្រឆាំង​ត្រូវ​និរទេស​ខ្លួនឯង​​ទៅ​ក្រៅ​ប្រទេស ​ដើម្បី​គេច​ផុត​ពី​ការ​ចាប់​ដាក់​ពន្ធនាគារ​មក ​គណបក្ស​សម រង្ស៊ី​ងាក​មក​ធ្វើ​របាយការណ៍​ដើម្បី​តវ៉ា​តាម​ផ្លូវ​ច្បាប់​វិញ​ម្តង​នៅ​ពេល​នេះ។

ប៉ុន្តែ ​របាយការណ៍​របស់​គណបក្ស​សម រង្ស៊ី​ក៏​ដូច​ជា​របស់​ក្រុម​លោក​រ៉ុង ឈុន​ដែរ​ទំនង​ជា​គ្មាន​ឥទ្ធិពល​អ្វី​ទៅលើ​រដ្ឋាភិបាល​ឡើយ។ ​លោក​វ៉ា គឹមហុង​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​បាន​បញ្ជាក់​ទុក​ជាមុន​រួច​ហើយ​ថា​រដ្ឋាភិបាល​នឹង​មិន​ឈឺ​ក្បាល​ចំពោះ​ការ​រិះគន់​របស់​ក្រុម​ប្រឆាំង​ឡើយ ​ពីព្រោះ​តែ​រដ្ឋាភិបាល​បាន​ធ្វើ​កិច្ចការ​នេះ​យ៉ាង​ត្រឹមត្រូវ​ទៅ​តាម​ផែនទី​ខ្នាត​១​/​១០០ ០០០​ របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ។ ​លោក​អះអាងថា​ មាន​តែ​ក្រុម​ប្រឆាំង​តែ​ប៉ុណ្ណោះ​ដែល​មិន​សប្បាយ​ចិត្ត​ចំពោះ​ការងារ​នេះ​ដោយសារ​ហេតុផល​នយោបាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ