អានតួអត្ថបទ
កម្ពុជា

សេចក្តី​ព្រាង​ច្បាប់​ថ្មី​ បន្ថែម​ទម្ងន់​ទោស​និង​ប្រាក់​ពិន័យ​ ​ពិសេស​លើ​អ្នក​ស្រវឹង​និង​អ្នក​បើកប​រ​ហួស​ល្បឿន​កំណត់​

អ្នក​បើក​បរ​​ក្នុង​ស្ថាន​ភាព​​ស្រវឹង ​និង ​អ្នក​បើក​បរ​​លើស​​ល្បឿន​​កំណត់​​នឹង​​ទទួល​ទោស ​និង​ការ​​ផាក​​ពិន័យ​​ធ្ងន់​ធ្ងរ​​ជាង​​មុន​។​ រី​ឯ​​អ្នក​​មិន​​ពាក់​មួក​​សុវត្ថិភាព​​ក៏​ត្រូវ​​ប​ង់ប្រាក់​​ពិន័យ​​ច្រើន​ជាង​​មុន​​ផង​ដែរ​។ ​នេះ​​បើ​តាម​អគ្គ​លេខា​ធិការ​​នៃ​​គណៈ​កម្មា​ធិការ​​ជាតិ​​សុវត្ថិភាព​​ចរាចរណ៍​​ផ្លូវ​គោក​ដែល​​បាន​​ថ្លែង​ប្រាប់​​វិទ្យុ​​បារាំង​​នៅ​​ព្រឹក​​ថ្ងៃ​​សៅរ៍​​នេះ​ ដោយ​យោង​​តាម​សេចក្តី​ព្រាង​ច្បាប់​​ថ្មី​​ស្តី​ពី​​ចរាចរណ៍​​ផ្លូវ​គោក​។​

គ្រោះ​ថ្នាក់​ចរាចរណ៍​​ដែល​កើត​មាន​នា​ពេល​កន្លង​មក​។​
គ្រោះ​ថ្នាក់​ចរាចរណ៍​​ដែល​កើត​មាន​នា​ពេល​កន្លង​មក​។​ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តីព្រាងច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ទោស​សម្រាប់​អ្នកបើកបរ​ក្នុងស្ថានភាព​ស្រវឹង​និង បើកបរ​ហួស​ល្បឿន​កំណត់ មិន​ធូរស្រាល​ដូច​ច្បាប់​ចាស់​ឡើយ។

លោក ពៅ ម៉ាលី អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់ថា អ្នកបើកបរ​ក្នុងស្ថានភាព​ស្រវឹង បើតាម​សេចក្តីព្រាងច្បាប់​ថ្មី ជន​នោះ​នឹងត្រូវ​ជាប់ពន្ធនាគារ​ពី១ខែ​ទៅ១ឆ្នាំ និង ផាក​ពិន័យ ពី ៨០ម៉ឺន​រៀល ដល់ ៤លាន​រៀល។ ចំណែក ​អ្នក​ដែល​បើកបរ​ហួស​ល្បឿន​កំណត់ ក្រៅតែពី​ការបង់ប្រាក់​ពិន័យ ប៉ូលីស​នឹង​ដក​ពិន្ទុ​ប័​ណ្ណ​បើកបរ​របស់​ជន​នោះ ទៅតាម​ល្បឿន​ដែល​បាន​បើក​ហួសកំណត់។

រីឯ​ចំពោះ បញ្ហា​ពាក់មួក​សុវត្ថិភាព តាម​សេចក្តីព្រាងច្បាប់​ថ្មី មិន​ត្រឹមតែ​អ្នកបើកបរ​នោះទេ​ដែល​ត្រូវ​ពាក់មួក ប៉ុន្តែ​អ្នករួមដំណើរ​ក៏​ត្រូវតែ​ពាក់មួក​ដើម្បី​ការពារ​សុវត្ថិភាព​ខ្លួនឯង​ដែរ។

លោក ពៅ ម៉ាលី បាន​ឲ្យដឹងទៀតថា  បន្ទាប់ពី​សេចក្តីព្រាងច្បាប់​ថ្មី​នេះ​ត្រូវបាន​អនុ​ម័ត​រួច​រាល់​​ហើយ ពួកលោក​នឹង​ពិភាក្សា​អំពី​អនុក្រឹត្យ​ថ្មី​មួយ​ស្តីពី​ការបន្ថែម​ប្រាក់​ពិន័យ​លើ​អ្នក​បើក​បរ​​ដែល​មិន​ពាក់​មូ​ក​សុវត្ថិភាព។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រូបនេះ បានបង្ហាញ​ក្តី​ជឿជាក់ថា សេចក្តីព្រាងច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​សង្កត់ធ្ងន់​លើ​អ្នកបើកបរ​ក្នុងស្ថានភាព​ស្រវឹង និង​បើកបរ​ហួស​ល្បឿន​កំណត់​ដែលជា​មូលហេតុ​ចំបង​នៃ​គ្រោះ​ថ្នាក់លើ​ដងផ្លូវ នឹង​ធ្វើអោយ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាច​ណ៍​អោយបាន៥០% នៅ​បំណាច់​ឆ្នាំ២០២០ ស្របតាម​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ស្តីពី ទស្សវត្ស​ន៍​នៃ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ២០១១-២០២០។

សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រី​កម្ពុជា​បាន​អនុ​ម័ត​សេចក្តីព្រាងច្បាប់​ថ្មី​ស្តីពី​ចរាចរណ៍​ផ្លូវគោក នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី ១៥ សីហា​ម្សិល​មិញ។ យោងតាម​សេចក្តីប្រកាស​ពត៌មាន សេចក្តីព្រាងច្បាប់​ថ្មី​នេះ បាន​កែសម្រួល​លើ​មាត្រា​ចំនួន៦៤មាត្រា​រក្សា​ខ្លឹមសារ​ចាស់១៣មាត្រា បន្ថែម​ថ្មី​ចំនួន១៥មាត្រា និង លុបចោល១៨មាត្រា។ 

ដូច្នេះ​សេចក្តីព្រាងច្បាប់​ថ្មី​ស្តីពី​ចរាចរ​ផ្លូវគោក​នេះ មាន ១២ជំពូក និង ៩២មាត្រា ហើយ​មាន​គោលដៅ​ចម្បង​គឺ​ផ្តល់​ការយល់ដឹង​អំពី​សុវត្ថិភាព​ផ្លូវគោក,  គ្រប់គ្រង​សុវត្ថិភាព និង​រក្សា​សណ្ដាប់ធ្នាប់ចរាចរណ៍​ផ្លូវគោក ជាពិសេស​ទប់ស្កាត់​បទ​ល្មើស​ដែល​បណ្ដាលមកពី​ការប្រើប្រាស់​ផ្លូវថ្នល់៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ