អានតួអត្ថបទ
កម្ពុជា

អ្នកភូមិ​ឡ​ពាង​ ហែ​ក្បួន​ថ្មើរ​ជើង ​ទៅកាន់​តុលាការ​ខេត្ត​កំពង់​ឆ្នាំង

នៅព្រឹកថ្ងៃអង្គារនេះ ក្រុមអ្នកភូមិឡពាង ដោយមានការចូលរួមពីព្រះសង្ឃ និងប្រជាពលរដ្ឋ បឹងកក់ សរុបជាង ១០០ នាក់ បានដើរហែក្បួន ចេញពីភូមិ តាមផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់​តុលាការ​ខេត្ត​កំពង់ឆ្នាំង​។ ​ក្រុម​អ្នក​ភូមិ ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ​KDC ​ចំនួន​ ៨ នាក់ ​ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​ចូលខ្លួន​ ទៅ​បំភ្លឺ​តុលាការ ​នៅ​ព្រឹក​ថ្ងៃទី​៥​សីហា​នេះ​។ សកម្មជន​សិទ្ធិមនុស្ស​ ដែល​បាន​តាម​ឃ្លាំមើល​ក្បួន​ដង្ហែ​រ​បស់​អ្នកភូមិ ​បារម្ភ​ថា ​អ្នកភូមិ​ទាំង ​៨ ​នាក់ ​នឹងត្រូវ​ចៅក្រម ​ចាប់​ឃុំខ្លួន ​ខណៈដែល​អ្នកភូមិ​ពីរ​នាក់​ហើយ ​ត្រូវបាន​ចៅក្រម​ ចាប់​ឃុំ​ខ្លួន​​ដោយសារ​តែ​ជម្លោះ​ដីធ្លី​នោះ​។

អ្នក​ភូមិ​ឡពាង​ដង្ហែរ​ក្បួន​ទៅ​កាន់​តុលាការ​ខេត្ត​កំពុង​ឆ្នាំង​។​
អ្នក​ភូមិ​ឡពាង​ដង្ហែរ​ក្បួន​ទៅ​កាន់​តុលាការ​ខេត្ត​កំពុង​ឆ្នាំង​។​ @Facebook
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីព្រឹកព្រលឹម ថ្ងៃអង្គារ ទី៥សីហានេះ ក្រុមអ្នកភូមិឡពាង និងអ្នកភូមិបឹងកក់ នៅឃុំ​តាជេស ស្រុកកំពង់ត្រឡាច រួមទាំងប្រជាពលរដ្ឋបឹងកក់ និងព្រះសង្ឃបណ្តាញឯករាជ្យ ទៅ​ពី​ភ្នំពេញ សរុបជាង ១០០ នាក់ បានហែក្បួនថ្មើរជើង លើកបដា ស្រែកមេក្រូ ឆ្ពោះទៅកាន់​តុលាការ​ខេត្តកំពង់ឆ្នាំង។

ក្នុងចម្ងាយផ្លូវជាង ៣០ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៥ ក្បួនដង្ហែរបស់អ្នកភូមិ ត្រូវបាន​ឃ្លាំមើល​ដោយ​សកម្មជនសិទ្ធិមនុស្ស និងអាជ្ញាធរសមត្ថកិច្ច តែមិនមានការរារាំងនោះទេ។

 
ក្រុមអ្នកភូមិឡពាង និងអ្នកភូមិបឹងកក់ ចំនួន ៨ នាក់ ត្រូវចៅក្រម កោះហៅឲ្យចូលបំភ្លឺ នា​ព្រឹកថ្ងៃទី៥សីហានេះ ពាក់ព័ន្ធនឹងជម្លោះបង្កហឹង្សា រវាងអ្នកភូមិ និងក្រុមកម្មករក្រុមហ៊ុន KDC របស់លោកស្រី ជា ខេង ភរិយាលោកស៊ុយសែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាល​ពី​ថ្ងៃទី១៧កក្កដា។

បន្ទាប់ពីកើតជម្លោះនោះ ក្រុមកម្មករ បានដាក់ពាក្យប្តឹងទៅតុលាការ ប្តឹង​អ្នកភូមិ​ពីបទ​ប្រើ​អំពើ​ហិង្សា និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។ រឿងក្តីនោះ ត្រូវបានចៅក្រម​ចាត់ការ ហើយបរុសអ្នកភូមិ ២ នាក់ ត្រូវបានចាប់ឃុំ។

សកម្មជនអង្គការអាដហុក លោកចាន់សុវ៉េត ដែល​បាន​ចុះ​ទៅឃ្លាំមើល​សកម្មភាព​ហែក្បួន​របស់អ្នកភូមិ បានបង្ហាញក្តីបារម្ភ ខ្លាចចៅក្រម សម្រេចឃុំខ្លួនអ្នកភូមិទាំង ៨ នាក់ ព្រោះ​សំណុំរឿងក្តីនោះ មានអ្នកភូមិ ២ នាក់ហើយ ត្រូវបានចាប់ឃុំខ្លួន។

ចំណាត់ការលឿនរបស់តុលាការខេត្តកំពង់ឆ្នាំង ត្រូវបានលោក ស្ងួន ញឿន អ្នកភូមិឡពាង ស្ថិតក្នុងចំណោមអ្នកភូមិ ៨ នាក់ ដែលត្រូវចូលបំភ្លឺតុលាការ បានចាត់ទុកចៅក្រម លម្អៀង​ទៅរកភាគីក្រុមហ៊ុន ព្រោះបណ្តឹងរបស់អ្នកភូមិ ប្តឹងក្រុមហ៊ុន KDC ធ្វើរបងលើដី ដែលមាន​ជម្លោះ បែរជាតុលាការមិនចាត់ការទេ ទោះបីជាមានលិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះ​ថ្ងៃ​ទី១កក្កដា បង្វិលសំណុំរឿងតវ៉ារបស់អ្នកភូមិ ទៅអោយតុលាការខេត្តកំពង់ឆ្នាំង ពិនិត្យ និងចាត់ការក៏ដោយ។

រហូតដល់ពេល ជម្លោះដីរវាងអ្នកភូមិ និងក្រុមហ៊ុន KDC ត្រូវបានតំណាងអ្នកភូមិ អះអាងថា នៅសល់ប្រជាពលរដ្ឋនៅភូមិឡពាង ១៦ គ្រួសារទៀត មិនទាន់ដោះស្រាយចប់។ ចំណែក​នៅ​ភូមិបឹងកក់ មាន ២៣ គ្រួសារ បានប្តឹងទាមទារសំណងបន្ថែម ហើយប្រជាពលរដ្ឋ ៤៣ គ្រួសារ នៅភូមិបឹងកក់ បានប្តឹងតវ៉ានៅក្រៅប្រព័ន្ធតុលាការ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ