អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប​បន្ថែម​ទៀត ​ត្រូវ​បាន​ឃុំ​ខ្លួន​

ក្រោយ​​ការ​សាក​សួរ​​ដេញ​ដោល​រ​យៈ​​ពេល​​មួយ​​ព្រឹក​ តុលាការ​ក្រុង​​ភ្នំពេញ​ នៅ​​ព្រឹក​​ថ្ងៃ​ទី​១៨​ កក្ក​ដា​​នេះ ​បាន​សម្រេច​​ឃុំ​ខ្លួន​​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​​មក​ពី​​គណបក្ស​​សង្គ្រោះ​​ជាតិ​ លោក​ ឡុង​ រី ​និង​​លោក ​នុត ​រំដួល ​បន្ថែម​​ទៀត​ហើយ​។ ​ការ​ឃុំ​ខ្លួន​​នេះ ​គឺ​​តុលាការ​​បាន​​ចោទ​ប្រកាន់​​លើ​​បទ​ល្មើស​​ចំនួន​៣ ​ដូច​គ្នា​​ទៅ​នឹង​​តំណាង​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ចំនួន​៥​រូប​​ផ្សេង​ទៀត​​ផង​ដែរ​។​

លោក ​ឡុង​ រី​ និង​ លោក ​នុត ​រំដួល ​( ពាក់វ៉ែនតា)។
លោក ​ឡុង​ រី​ និង​ លោក ​នុត ​រំដួល ​( ពាក់វ៉ែនតា)។
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត​លោក ឡុង រី និង​លោក នុត ​រំដួល ដែលជា​តំណាងរាស្ត្រ​ជាប់ឆ្នោត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិនអាច​គេច​ផុតពី​ការឃុំខ្លួន​នៅ​ពន្ធនាគា​ព្រៃ​ស​ដូច​សហកា​រី​ទាំង៥នាក់​របស់ ខ្លួន​​នោះទេ។

តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​តំណាងរាស្ត្រ​ទាំង២រូបនេះ ក្រោម​បទល្មើស​​ចំនួន៣ដូច​តំណាងរាស្ត្រមុនៗផងដែរ។ ទី១-បទ​ចោទ​ដឹកនាំ​កុបកម្ម ទី២-បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើហិង្សា និង​បទល្មើស​ទី៣ បទ​ផ្តើមគំនិត​បង្ក​អំពើហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស។ នេះ​បើតាម​លោក​មេធាវី កែ​ត ឃី ​ដែលជា​អ្នកការពារ​ក្តី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។

សូម​រំលឹកថា ​លោក ឡុង រី និង​លោក នុត រំដួល ត្រូវបាន​អាជ្ញាធរ​ស្លៀក​សម្លៀកបំពាក់​ស៊ីវិល​នាំខ្លួន​ទៅកាន់​ស្នងការ​ក្រុង​កាលពី​ម្សិលមិញ ​នៅ​គេហដ្ឋាន​លោក​ឡុង រី ក្នុង​សង្កាត់​ចោមចៅ។​ សូមប​​ញ្ជា​ក់​ផងដែរ​ថា ការសួរដេញដោល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ​រូបនេះ គឺ​មិនមាន​ស្ថានការណ៍​អ្វី​តានតឹង​នោះទេ។ ពោលគឺ​មិនមាន​ការដាក់​កម្លាំង​បិទផ្លូវ និង​ការប្រមូលផ្តុំ​ទ្រង់ទ្រាយ​ធំ​ពី​អ្នកគាំទ្រ​របស់​គណបក្សស​ង្គ្រោះ​ជាតិ​ឡើយ។

ទាក់ទង​នឹង​ការឃាត់ខ្លួន​តំណាងរាស្ត្រ​ជា​បន្តបន្ទាប់​នេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា​ដែល​ត្រូវបាន​តុលាការ​​ចេញ​ដីកា​កោះហៅ​ដែរនោះ បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​កុំឲ្យមានការ​តក់ស្លុត និង​ទៅ​ឃ្លាំមើល​ការ​សួរ​ដេញដោល​​របស់​លោក​ នៅ​ថ្ងៃទី២៥កក្កដា​ខាងមុខនេះ​ផងដែរ។ ប៉ុន្តែ ​ជាការ​ជួបជុំ​ឃ្លាំមើល​ដោយ​​អហិង្សា ​នេះ​បើតាម​លោក កឹម សុខា​ដដែល។ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​ធ្លាប់​ជាប់ពន្ធនាគារ​ព្រៃ​សម្ត​ង​ហើយ​នោះ បាន​អះអាងថា​ ខ្លួន​មិនមាន​ការតក់ស្លុត​ចំពោះ​ព្រឹត្តិការណ៍​​ដែល​គណបក្សប្រឆាំង​កំពុងតែ​ប្រឈម​នោះទេ។

រហូតមកដល់​ថ្ងៃទី១៨ កក្កដា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន៧រូប និង​សកម្មជន​១រូប​ហើយ​ត្រូវបាន​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​តុលាកា​រចោទ​ពីបទ​ជាប់​ពាក់ព័ន្ធ​​នឹង​អំពើហិង្សា​បង្ហូរឈាម​កាលពី​ថ្ងៃទី១៥កក្កដា​ នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ ការ​ឃុំខ្លួន​​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន២រូប​បន្ថែម​ទៅ​ពន្ធនាគារ​ព្រៃ​ស​នេះ គឺ​ធ្វើឡើង​​ខណៈដែល​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​នឹង​វិល​មកកាន់​កម្ពុជា​​វិញ​ នៅ​ថ្ងៃទី១៩ កក្កដា​ស្អែក​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ