អានតួអត្ថបទ
កម្ពុជា

ព្រះ​មហាក្សត្រ​យាង​តាម​ព្រះទីនាំង​រថភ្លើង​ជា​លើក​ទី១ ទៅ​ខេត្ត​ព្រះសីហនុ

ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា និង​សម្តេច​ម៉ែ រួមទាំង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី៣០ ​ធ្នូ​នេះ បាន​យាង និង​ធ្វើដំណើរ​តាម​ព្រះទីនាំង​រថភ្លើង​ពី​រាជាយស្ម័យយានក្នុង​​រាជធានី​ភ្នំពេញ​ ទៅកាន់​ខេត្ត​ព្រះសីហនុ។ ជា​ព្រះរាជ​ដំណើរ​ដើម្បី​ប្រារព្ឋ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី ប៉ុន្តែ​ទន្ទឹមនឹង​នោះ​ព្រះមហាក្សត្រ​បាន​ឈាង​ចុះ​សួរ​សុខ​ទុក​ប្រជាពល​រដ្ឋ ​នៅតាម​ស្ថានីយ​រថភ្លើង​ចំនួន​បី​កន្លែង​ផ្សេងគ្នា​គឺ​ស្ថានីយ​ខេត្ត​តាកែវ កំពត និង​ព្រះសីហនុ។

ព្រះករុណា នរោត្តម សីហមុនី និងសម្តេចម៉ែ ពេលយាងចុះ​នៅស្ថានីយ​រថភ្លើងខេត្តតាកែវ
ព្រះករុណា នរោត្តម សីហមុនី និងសម្តេចម៉ែ ពេលយាងចុះ​នៅស្ថានីយ​រថភ្លើងខេត្តតាកែវ @SPM
ផ្សាយពាណិជ្ជកម្ម

នេះ​គឺជា​យាង​ព្រះរាជ​ដំណើរ​របស់​ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ តាម​ព្រះ​ទីនាំង​រថ​ភ្លើង​លើក​ទី១​តាំងពី​ក្រោយ​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ខែ​មេសា។ តាំងពី​ម៉ោង​ប្រមាណ​៧និង​៣០​នាទី ព្រះមហាក្សត្រ​ដោយ​មាន​ការ​ហែហម​ពី​មន្ត្រី​រដ្ឋាភិបាល​បានធ្វើ​ដំណើរ​តាម​ព្រះទីនាំង​រថភ្លើង​ពណ៌​ទឹកក្រូច​ដែល​បាន​ដោត​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទង់​ព្រះបរមរាជវាំង។

នៅ​ម៉ោង​ប្រមាណ១០ និង៣០នាទី​ព្រះទីនាំង​រថភ្លើង​បាន​ទៅដល់​ស្ថានីយ​រថភ្លើង​ខេត្តតាកែវ ដោយមាន​ការរង​ចាំ​ទទួល​ព្រះរាជដំណើរ​ពី​ប្រជានុរាស្ត្រ​ក្មេង​ចាស់​ប្រុស​ស្រី មន្ត្រីរាជកា​ជាច្រើន​រយ​នាក់​ដែល​នៅក្នុង​នោះ​ក៏មាន​ព្រះសង្ឃ​ផងដែរ។ នៅ​ទីនោះ​ហើយ​ដែល​ព្រះករុណា​ព្រះមហាក្សត្រ​ទ្រង់មាន​ព្រះរាជឱង្ការ​ទៅកាន់​ប្រជានុរាស្ត្រ​ព្រះអង្គ​ប្រមាណ២នាទី​មុន​នឹង​បន្ត​ព្រះរាជដំណើរ​ទៅកាន់​ស្ថានីយ​ខេត្ត​កំពត និង​មុន​នឹង​ឆ្លង​ចូល​ខេត្ត​ព្រះសីហនុ។ ខេត្ត​ព្រះសីហនុ​ដែល​ព្រះអង្គ​និង​អ្នក​ចូលរួម​នឹង​ប្រារព្ឋ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ២០១៧នៅ​ទីនោះ។  

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា ការ​យាង​ព្រះរាជ​ដំណើរ​របស់​ព្រះមហាក្សត្រ​តាមផ្លូវ​រថភ្លើង​នេះ គឺជា​ការ​ចង់​ឱ្យ​ព្រះ​មហាក្សត្រ​បាន​ទត​ឃើញ​នូវ​ស្នា​ព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ​ព្រះ​បរម​រតនៈ​កោដ្ឋ​ដែល​បាន​កសាង​ខ្សែ​រថភ្លើង​នេះ​ក្នុង​ទសវត្សរ៍ទី៦០។

បន្ថែម​ពីនេះ ការ​យាង​ព្រះរាជ​ដំណើរ​នេះ​ត្រូវបាន​គេ​មើល​ឃើញថា​ជាការ​លើក​ទឹក​ចិត្ត​ប្រជា​ពលរដ្ឋ​ទាំងអស់​ឱ្យធ្វើ​ដំណើរ​តាម​ផ្លូវ​រថភ្លើង។ លោក ស៊ុន ចាន់ថុល បាន​លើក​ឡើង​ថា​ការធ្វើ​ដំណើរ​តាមផ្លូវ​រថភ្លើង​គឺមាន​តម្លៃ​ថោក សុវត្ថិភាព និង​ជាការ​លំហែ​កាយ​ផងដែរ បើទោះបីជា​ត្រូវធ្វើ​ដំណើរ​ច្រើន​ម៉ោង​បន្តិច​ក៏ដោយ។ ខ្សែ​រថភ្លើង​ទេសចរណ៍​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ដែលមាន​ចំងាយ២៦៦​គីឡូម៉ែត្រ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​កាលពី​ខែមេសា​ឆ្នាំ២០១៦ ។

ក្រៅពី​ខ្សែ​រថភ្លើង​នេះ កម្ពុ​ជាមាន​ខ្សែ​រថភ្លើង​មួយទៀត​ពី​ភ្នំពេញ​ទៅកាន់​ក្រុង​ប៉ោយប៉ែត ដែលមាន​ចំងាយ​ប្រមាណ៣៨៥គីឡូម៉ែត្រ​ដែល​ត្រូវបាន​កសាង​នៅ​ឆ្នាំ១៩២៩ ។ រថភ្លើង​ទាំងពីរ​ខ្សែ​ត្រូវបាន​ផ្អាក​ដំណើរ​ការ​អស់​រយៈពេល​ជាង​៣០ឆ្នាំ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​នៅ​កម្ពុជា។ 
 

យ៉ាង​ណា​ក៏​ដោយ ឆ្នាំ​២០០៩ ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ដៃគូរ​អភិវឌ្ឍន៍​នានា បាន​បញ្ចេញ​កញ្ចប់​ថវិកា​ប្រមាណ​១៤១​លាន​ដុល្លារ ដើម្បី​ស្ថាបនា​ផ្លូវ​រថភ្លើង​ទាំងពីរ​នេះ​ឡើងវិញ។ ជាមួយ ព្រះរាជ​វត្តមាន​របស់​អង្គ​ព្រះមហាក្សត្រ​តាម​ព្រះទីនាំង​រថភ្លើង​នាពេល​នេះ គេ​រំពឹង​ថា​ខ្សែ​រថភ្លើង​ទេសចរណ៍​នេះ នឹង​អាច​សកម្មភាព​មមាញឹក​ឡើងវិញ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ