អានតួអត្ថបទ
កម្ពុជា-ច្បាប់-សន្តិសុខ

ផ្ទុះអាវុធ១យប់៤ករណីនៅភ្នំពេញបង្កការព្រួយបារម្ភដល់ពលរដ្ឋក្នុងការគ្រប់គ្រងអាវុធ

យ៉ាងហោច​ណាស់ មនុស្សចំនួន​២នាក់​បាន​ស្លាប់ភ្លាមៗ​និង​មួយ​ចំនួន​ទៀត​បាន​រងរបួស​ក្នុង​ហេតុ​ការ​ណ៍​ប្រើប្រាស់​អាវុធ​និង​ផ្ទុះអាវុធ​ចំនួន​៤​ករណី​នៅកន្លែង​ផ្សេងគ្នា​ក្នុង​រាជធានីភ្នំពេញ។​ការ​ផ្ទុះអាវុធ​ទាំង​អស់នេះ​គឺ​កើត​ឡើង​នៅយប់​តែមួយ​គឺ​យប់​ថ្ងៃ​ទី១៨​និង​ឈាន​ចូល​១៩​ខែធ្នូនេះ។ ប៉ុន្តែ​សមត្ថកិច្ច​អះអាង​ថា​នឹង​ចាត់​វិធានការលើ​អ្នក​ប្រើ​ប្រាស់​អាវុធ​បាញ់​បោះ​ដោយ​ខុស​ច្បាប់​ទាំង​នោះទៅ​តាម​ផ្លូវ​ច្បាប់។

បុរសដែលត្រូវបានបាញ់សម្លាប់លើស្ពានស្ទឹងមានជ័យ
បុរសដែលត្រូវបានបាញ់សម្លាប់លើស្ពានស្ទឹងមានជ័យ @សហការី
ផ្សាយពាណិជ្ជកម្ម

ការ​ប្រើប្រាស់អាវុធ​បាញ់​បោះ​ដោយ​ខុសច្បាប់នេះ គឺករណីខ្លះកើតឡើងដោយសារ​ជម្លោះ​បុគ្គល​និង​ករណីខ្លះទៀតជាអំពើប្លន់ប្រដាប់អាវុធ ដែលត្រូវបានគេ​ស្តី​បន្ទោសថា បាន​​បង្ក​ការ​ភ័យ​ខ្លាច​ដល់​សុវត្តិ​ភាព​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ទី​ក្រុង​ភ្នំពេញ។

ករណីទី១ គឺបុរសម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណបានបើករថយន្តតាម បាញ់​១គ្រាប់ពីក្រោយស្លាប់ក្នុងថ្លុកឈាម នៅលើស្ពានអាកាសស្ទឹងមានជ័យ ខណ្ឌចំការមន។ ហេតុការណ៍រន្ធត់នេះ កើតឡើងនៅម៉ោងប្រមាណជាង៣ទៀបភ្លឺ ខណៈដែលជនរង​គ្រោះ​ដែលជាអ្នកចំរៀងបានជិះម៉ូតូចេញពីក្លឹបកំសាន្តរាត្រី។

ករណីទី២គឺការបាញ់ប្លន់ចំនួន២គ្រាប់ ​សង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ បណ្តាលជនរងគ្រោះរបួសជើងផ្នែកខាងឆ្វេង។ ប៉ុន្តែជនសង្ស័យម្នាក់​ត្រូវបានប្រជា​ពលរដ្ឋ​វាយសម្លាប់នៅនឹងកន្លែង។

ករណីទី៣ បុរសម្នាក់ជាមេធាវីម្នាក់ ត្រូវសង្ស័យថា បើករថយន្ត Luxus 470 ទៅឈប់មុខផ្ទះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅម្តុំស្តាតអូឡាំពិក វេលាអាធ្រាធឆ្លងថ្ងៃថ្មី ហើយបានបាញ់ឡើងលើចំនួន២គ្រាប់ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួនបានភ្លាមៗផងដែរ។

រីឯករណីទី៤ គឺបុរសម្នាក់បានរត់ទៅយកកាំភ្លើងអាកា៤៧ ពីមន្រ្តីនគរបាលដែល​កំពុងប្រចាំការ នៅប៉ុស្តិ៍យាមរបស់ស្ថានទូតវៀតណាម ក្នុងខណ្ឌចំការមន ដើម្បី​បាញ់ទៅលើគូជម្លោះ២នាក់ ដោយសារតែខឹងគេវាយរហូតបែកក្បាល។

ចំពោះករណីទាំងអស់នេះធ្វើឲ្យមានការលើកឡើងជាសំណួរពីអ្នកតាមដានសង្គម ស្តីពីសុវត្ថិភាពក្នុងការប្រើប្រាស់អាវុធទាំងត្រូវច្បាប់និងខុសច្បាប់ ព្រមទាំងមានការ ​រិះគន់ផងដែរ ពី​ភាព​កំសោយ​នៃ​គ្រប់​គ្រង​អាវុធជាតិផ្ទុះ។ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍ថា​សមត្ថកិច្ច​នឹង​​ចាត់​វិធានការណ៍​ចំពោះ​ករណីទាំងអស់នេះទៅតាមផ្លូវច្បាប់​ដោយ​មិនមានការ​លើក​លែងនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ