អានតួអត្ថបទ
កម្ពុជា

សហគមន៍​អន្ដរជាតិ ថ្កោល​ទោស​​កង​សមត្ថកិច្ច ដែល​​ប្រើ​វិធានការ​បង្ក្រាប​ហួសហេតុ លើ​បាតុករ

ការ​បង្ក្រាប​បាតុកម្ម​ដោយ​ហិង្សា រហូត​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ កាល​ពី​ថ្ងៃម្សិលមិញ បាន​ធ្វើ​ឲ្យ​កក្រើក​រញ្ជួយ​ដល់​សហគមន៍​អន្ដរជាតិ។ ប្រតិកម្មពី​សហគមន៍​អន្ដរជាតិ ព្រម​ទាំង​អង្គការ​សហប្រជាជាតិ ​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់ ថ្កោល​ទោស​​​កង​កម្លាំង​សមត្ថកិច្ច ដែល​ប្រើ​វិធានការ​បង្ក្រាប​ហួស​ហេតុ លើ​ក្រុម​បាតុករ។ក្រៅ​ពី​នេះ ក៏​មាន​ផង​ដែរ សេចក្ដី​​អំពាវនាវ​ឲ្យ​គ្រប់​ភាគី អត់​ធ្មត់ និង​ចៀសវាង​នូវ​សកម្មភាព​ហិង្សា​គ្រប់​ប្រភេទ។

​សមត្ថកិច្ច​បង្ក្រាប​ក្រុម​កម្មករដែល​ធ្វើបាតុកម្ម​នៅព្រឹក​ថ្ងៃទី​០២ មករា នេះ
​សមត្ថកិច្ច​បង្ក្រាប​ក្រុម​កម្មករដែល​ធ្វើបាតុកម្ម​នៅព្រឹក​ថ្ងៃទី​០២ មករា នេះ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ជីវិត​នៅ​កម្ពុជា ក្នុង​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា រវាង​អ្នក​តវ៉ា និង​កង​កម្លាំង​របស់​រដ្ឋាភិបាល។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ប្រទេស​អាមេរិក លោក​ស្រី Marie Harf មាន​ប្រសាសន៍​បន្ថែម​ថា សហរដ្ឋ​អាមេរិក ថ្កោលទោស​ចំពោះការ​ប្រើ​ប្រាស់​អំពើ​ហិង្សា ជា​មធ្យោបាយ​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​នយោបាយ​ណាមួយ។ លោក​ស្រី បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា អាមេរិក​បាន​ជំរុញ​ឲ្យ​សហជីព និង​រដ្ឋាភិបាល ធ្វើ​ការ​រួម​គ្នា ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ការងារ​នៅ​កម្ពុជា​​ដោយ​សន្តិវិធី។ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ទាំង​អស់ ត្រូវ​អត់ធ្មត់​ឲ្យ​បាន​ជា​អតិបរមា ព្រម​ទាំង​ត្រូវ​បង្ហាញ​នូវឆន្ទៈ​​​គោរព​ច្បាប់។ 

ចំណែក​អង្គការ​លើក​លែង​ទោស​អន្ដរជាតិ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ដើម្បី​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​កង​កម្លាំង​សន្តិសុខ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​កម្មករ​អ្នក​​តវ៉ា។ សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​លើក​ឡើង​ពី​ច្បាប់​អន្ដរជាតិ​ដែល​ថា ការ​ប្រើ​ប្រាស់​គ្រាប់​ពិត​ដោយ​កង​កម្លាំង​សមត្ថកិច្ច អាច​ធ្វើ​ទៅ​បាន ក្នុង​ស្ថានភាព​ដែល​មិន​អាច​ចៀស​​​បាន ដើម្បី​ការពារ​ជីវិត​ខ្លួន​តែ​ប៉ុណ្ណោះ។

ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​ចុង​ក្រោយ​នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​អ្នក​រាយការណ៍​ពិសេស អ.ស.ប.​ទទួល​​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​ស៊ូរីយ៉ា ស៊ូបេឌី ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៣​មករា លោក​ស៊ូបេឌី បាន​​បញ្ជាក់​ថា ការ​ប្រើ​ប្រាស់​កង​កម្លាំង​របស់​រដ្ឋាភិបាល ត្រូវ​អនុលោម​ទៅ​តាម​គោលការណ៍​នៃ​ភាព​ស្រប​ច្បាប់ ចាំបាច់ និង​សមាមាត្រ​ទៅ​នឹង​កម្លាំង​អ្នក​តវ៉ា។ លោក​បាន​ថ្លែង​អំពាវនាវ​ដល់​អាជ្ញាធរ ឲ្យ​អត់ធ្មត់​នៅ​ចំពោះ​មុខ​អ្នក​តវ៉ា។ ​ចំណែក​​អ្នក​តវ៉ា​ដែល​បាន​ប្រើ​ហិង្សា គប់​ដុំ​ថ្ម​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈនិង​ឯកជន ក៏​ត្រូវ​បានលោក​ស៊ូបេឌី ​អំពាវនាវ​ឲ្យ​បង្កើន​ការ​អត់ធ្មត់​ផង​ដែរ។

អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ​ក្នុង​នាម​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទាំង​អស់​នៅ​កម្ពុជា បានថ្កោលទោស​​ចំពោះ​ការ​ប្រើគ្រាប់​ពិត​ទៅ​លើ​អ្នក​តវ៉ា រហូត​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ជា​ច្រើន ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ។ មន្ដ្រី​តំណាង​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​ដល់​អាជ្ញាធរ ​អោយ​បញ្ឈប់​ការប្រើប្រាស់​គ្រាប់កាំភ្លើង​ពិត ដើម្បី​​ទប់ទល់​ការ​តវ៉ា។ ចំណែក ​តំណាង​កម្មករ និយោជក ព្រមទាំង​អាជ្ញាធរ​ ត្រូវ​បាន​អំពាវ​នាវ​ឲ្យ​​ព្យាយាម​ស្វែងរក​យន្តការ​នៃ​ការចរចា ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​តែ​កើត​មាននេះ។

ដោយ​ឡែក​ប្រតិភូ​សហភាព​អឺរ៉ុប ទើប​តែ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ទី​៤​មករា​នេះ ដោយ​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង អំពី​បាតុកម្ម​ហិង្សា ដែល​បាន​កើត​មាន​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ។ សេចក្ដី​ថ្លែងការណ៍​ដដែល បាន​សម្ដែង​ការ​សោក​ស្ដាយ ចំពោះ​សកម្មភាព​របស់​កង​កម្លាំង​សន្តិសុខ ដែល​បាន​ប្រើ​ប្រាស់​កម្លាំង​ហួសប្រមាណ បង្ក្រាប​ទៅ​លើ​ក្រុម​កម្មករ​អ្នក​តវ៉ា។ ប្រតិភូ​សហភាព​អឺរ៉ុប បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ការងារ​ទាំង​អស់ ឲ្យ​បញ្ឈប់​អំពើ​ហិង្សា ហើយ​ងាក​មក​ពិភាក្សា​គ្នា​នៅ​លើ​តុ​ចរចា ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ