អានតួអត្ថបទ
កម្ពុជា

បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំ​នេះ ​ប្រារព្ធ​ឡើង​ក្រោម​ការ​​រឹត​បន្តឹង​សន្តិសុខ​ខ្លាំង​ជាង​សព្វ​មួយ​ដ​ង

០៩ វិចិ្ឆកា ១៩៥៣ - ០៩ វិចិ្ឆកា ២០១៩​។ ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​នេះ គឺជាខួប​គម្រប់​៦៦ឆ្នាំគត់ ដែល​ប្រទេស​កម្ពុជា បាន​ទទួល​ឯករាជ្យ​ពេញ​បរិបូណ៌​ពី​សាធារណរដ្ឋ​បារាំង ក្រោម​ព្រះរាជ​បូនីយកិច្ច​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរមរតន​កោដ្ឋ អតីត​ព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា​។ នៅ​​ទីក្រុង​ភ្នំពេញ ពិធី​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ជា​ផ្លូវ​ការ​នៅ​ឯវិមានឯករាជ្យ ក្រោម​ព្រះ​រាជាធិបតី​ភាព​របស់​ព្រះ​មហាក្សត្រ​កម្ពុជា និងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា រួមនឹងប្រជាពលរដ្ឋ។ តែបុណ្យឯករាជ្យជាតិឆ្នាំនេះ ប្រារព្ធឡើងក្រោម​ការ​រឹត​បន្តឹង​សន្តិសុខខ្លាំង​ជាង​សព្វ​មួយ​ដង ដោយ​សារ​តែ​ការ​ប្រកាស​វិល​ចូល​ស្រុក​របស់ លោក សម រង្ស៊ី​។

ការ​ប្រារព្ធ​ពិធី​បុណ្យ​ឯក​រាជ្យ​ជាតិលើកទី៦៦ ឆ្នាំ​២០១៩ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ជា​ផ្លូវ​ការ​នៅ​ឯវិមាន​ឯករាជ្យ​
ការ​ប្រារព្ធ​ពិធី​បុណ្យ​ឯក​រាជ្យ​ជាតិលើកទី៦៦ ឆ្នាំ​២០១៩ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ជា​ផ្លូវ​ការ​នៅ​ឯវិមាន​ឯករាជ្យ​ FB: ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
ផ្សាយពាណិជ្ជកម្ម

ដូចរាល់ឆ្នាំដែរ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​ឆ្នាំ​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​ឱឡារិក​ ក្រោម​ព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង​ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក​ និង​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា និង​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករនៅវិមានឯករាជ្យ។ ​ព្រះមហាក្សត្រ​កម្ពុជា​បាន​យាង​ថ្វាយ​ភ្លើង​ជ័យ នៅ​ក្នុង​ថ្ងៃ​ប្រវត្តិសាស្រ្ត​នៃ​ទិវាបុណ្យ​ឯករាជ្យ​ជាតិ​លើកទី​ ៦៦​។

ជា​ការ​កត់​សម្គាល់ ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​នា​ឆ្នាំ​នេះ ធ្វើ​ឡើង​ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ​ខ្លាំង​ជាង​សព្វ​មួយ​ដង​។ កង​កម្លាំង​ប្រដាប់​អាវុធ ក្រៅ​ពី​មាន​​ដាក់​ពង្រាយ​នៅ​បរិវេណ​ប្រារព្ធ​ពិធីនា​វិមាន​ឯករាជ្យ​ហើយ ក៏​មាន​ផង​ដែរ នៅ​តាម​ទីតាំង​ផ្សេង​ៗ​ទៀត​ក្នុង​ទីក្រុង​ភ្នំពេញ ពិសេស​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី មុខ​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង និង​ត្រង់​ចំណុច​ទីស្ដីការ​គណៈរដ្ឋ​មន្ដ្រី​។ ​កង​កម្លាំង​ចំរុះ​ទាំង​នេះ ត្រូវ​បាន​ចែក​ចេញ​ជា​កម្លាំង​ប្រចាំ​ការ​តាម​គោល​ដៅ​សំខាន់ៗ កម្លាំង​ចល័ត ដែល​មាន​ឯក​សណ្ឋាន និង​មាន​បំពាក់​អាវុធ​ផង​ដែរ​។ ការ​ត្រៀម​ពង្រាយ​កម្លាំង ចំហរ និង​សម្ងាត់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដូច្នេះ ត្រូវ​បាន លោក ខៀវ សុភ័ក អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លើក​ឡើង​ថា គឺដើម្បី​ទប់​ស្កាត់​ការ​គម្រាម​កំហែង​សន្តិ​សុខ​ជាតិ ដែល​មាន​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​គ្រោង​ចូល​មក​អុក​ឡុក​របស់​លោក សម រង្ស៊ី និង​អ្នក​គាំទ្រ ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ៩វិច្ឆិកា ឆ្នាំ២០១៩​នេះ។

គួរ​រំលឹក​ថា ប្រទេស​កម្ពុជា បាន​ទទួល​ឯករាជ្យ​ពេញ​បរិបូរណ៌​ពី​អាណានិគម​និយម​បារាំង នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ក្រោម​ព្រះ​រាជ​បូជនីយកិច្ច​របស់​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ​។ នៅ​ពេល​បាន​ទទួល​ឯករាជ្យ ព្រះ​មហាវីរក្សត្រ ព្រះ​បរម​រតនកោដ្ឋ បាន​​សរសេរ​លិខិត​ផ្លូវ​ការ​ទៅ​រដ្ឋាភិបាលបារាំង ដោយ​អះអាង​ថា ចាប់​ពី​ថ្ងៃ​ទី ៩​វិច្ឆិកា ឆ្នាំ​១៩៥៣ ​ត​ទៅ គឺ​កម្ពុជា ជា​ប្រទេស​ឯករាជ្យ​មួយ មិន​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​ប្រទេស​ណា​មួយ​នោះ​ឡើយ​ ហើយ​កម្ពុជា នឹង​ស្រលាញ់​រាប់​អាន​បារាំង​ ក្នុង​ឋានៈ​ជា​ប្រទេស​ឯករាជ្យ​ដូច​គ្នា។ បណ្តាញ​សង្គមរបស់​ព្រះបរាម​រាជវាំង Royal du Cambodge បាន​ដក​ស្រង់​នូវ​ព្រះរាជ​ឱង្ការ​នៃ​អតីត​ព្រះមហាក្សត្រ​កម្ពុជា ដែល​មាន​អត្ថន័យ​យ៉ាង​ដូច្នេះ​ថា “ខ្ញុំជឿ​ជាក់​ថា ការ​រួបរួម​គ្នា​របស់​យើង​ជា​ធ្លុង​មួយ​នេះ​នឹង​ជួយ​ស្រោចស្រង់​ប្រទេស​យើង និង​ឯករាជ្យ​យើង​ឲ្យ​ឆ្លង​សមុទ្រ​គ្រោះ​ថ្នាក់ ដែល​មាន​នៅ​មុខ​យើង​នេះ បាន​ផុត​ស្រឡះ​ដោយ​ជ័យ​មង្គល​”។​

ចំណែក លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន វិញ បន្ទាប់​ពី​បាន​ចូលរួម​អបអរ​សាទរ​​ទិវា​បុណ្យ​ឯករាជ្យ​ជាតិនា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោក​​បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេស​បុក​ផ្លូវ​ការ​របស់​ខ្លួន​​ថា “ប្រជាពលរដ្ឋខ្មែរ នៅ​ថ្ងៃ​នេះ មានតែអំណរសាទរ និង​ក្តី​សប្បាយ​រីករាយ​ចំពោះ​មោទនៈភាព​ជាតិ ដែល​មិន​ត្រូវ​អោយ​មាន​អ្វី​មក​រំខាន​ដល់​សេចក្តី​សុខ និង​សន្តិភាព​របស់​កម្ពុជា​តទៅ​ទៀត​ឡើយ​”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ