អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន មិន​ទទួលយក​ការសុំ​ទោស​ពី​លោក លឺ ឡាយស្រេង

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​សម្តេចក្រុមព្រះ ប្រកាសព្រមៗគ្នា​ថា ប្តឹង​លោក លឺ ឡាយស្រេង អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច បន្ទាប់ពី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សីហា បាន​បញ្ចេញ​សារ​សន្ទនា​មួយ​ដែលថា លោក លឺ ឡាយស្រេង បាន​និយាយ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ។ បើទោះបីជា លោក លឺ ឡាយស្រេង បានចេញ​មុខ​សុំ​អភ័យទោស​ហើយក៏​ដោយ ក៏ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា លោក​មិន​អភ័យទោស​ឲ្យ​នោះទេ។

លោកព្រឹទ្ធាចារ្យ​ លឺ ឡាយស្រេង ​អតីត​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​
លោកព្រឹទ្ធាចារ្យ​ លឺ ឡាយស្រេង ​អតីត​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ @facebook
ផ្សាយពាណិជ្ជកម្ម

លោក គី តិច ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​វិទ្យុ​បារាំង​RFIនៅ​ព្រឹក​នេះ​ថា លោក​មិនទាន់​សម្រេច​ថា​នឹងដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​ពេលណា​នៅឡើយ ហើយក៏​មិនទាន់​អាច​បញ្ជាក់ថា​នឹង​ប្តឹង​ពីបទ​អ្វី និង​ទាម​ទារជំងឺចិត្ត​ប៉ុន្មាន​នោះដែរ​ដោយ​ថា​កំពុង​ប្រជុំគ្នា​នៅឡើយ។

ក៏ប៉ុន្តែ​កាលពី​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​លោក និង​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ នឹងដាក់​ពាក្យ​ប្តឹង​លោក លឺ ឡាយស្រេង ដែល​បាន​ថ្លែង​ប្រមាថ​ព្រះមហាក្សត្រ​តាមរយៈ​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោកស្រី គី លំអង។

ការប្រកាស​ប្តឹង​នេះ​ធ្វើឡើង​តែមួយ​ថ្ងៃ ក្រោយពី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សី ហា បាន​បញ្ចេញ​សំឡេង​សន្ទនា​ឯកជន​តាម​ទូរស័ព្ទ​រវាង​លោក លឺ ឡាយស្រេង និង​លោកស្រី គី លំអង។នៅក្នុង​ការសន្ទនា​នោះ​លោក លឺ ឡាយស្រេង ថ្លែង​ក្នុងន័យ​ថា ឲ្យ​ព្រះមហាក្សត្រ​ដាក់រាជ្យ បើ​ឡាយព្រះហស្តលេខា​លើ​ច្បាប់៤ដែល​អនុម័ត​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រោយពី​មានការ​បញ្ចេញ​សំឡេង​នេះ លោក លឺ ឡាយស្រេង បានចេញ​មុខ​សុំ​ព្រះរាជទាន​លើកលែង​ពី​ទោស​ព្រះមហាក្សត្រ និង​សុំទោស លោក ហ៊ុន សែន។ ប៉ុន្តែ​លោក ហ៊ុន សែន បានបញ្ជាក់​ថា​លោក​មិន​អភ័យទោស​ឲ្យ​លោក លឺ ឡាយស្រេង នោះទេ។

ក្នុង​សារ​សន្ទនា​ដែល​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សីហា ផ្សាយ​នោះ លោក លឺ ឡាយស្រេង ក៏បាន​និយាយ​ជាមួយ​លោកស្រី លំអង អំពី​ការទទួលបាន​កៅអី​រដ្ឋសភា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដោយ​ថា​លោក ហ៊ុន សែន ឲ្យ​លុយ​ជិត ១ លាន ទៅ​សម្តេចក្រុមព្រះ ហើយ​សម្តេចក្រុមព្រះ​ទារលុយ​ពី​សមាជិក​របស់​បក្ស​ទ្រង់ម្នាក់២ម៉ឺន​ដុល្លារ​ទៀត​ដើម្បី​បាន​អង្គុយ​កៅអី​តំណាងរាស្ត្រ។

ក៏ប៉ុន្តែ​លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា លោក​បដិសេធ​ការលើកឡើង​នេះ ហើយ​ថា​គណបក្ស​នេះ​សម្រេច​លោក លឺ ឡាយស្រេង ទៅ​តុលាការ។

លោក លឺ ឡាយស្រេង មិនអាច​ទាក់ទង​បានទេ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ចុះផ្សាយ​នៅព្រឹកនេះ​ថា​គាត់​បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ