អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ចាត់​ទុក​ជំនួប​រវាង​លោក និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​គឺ​ជា​ការលើក​មុខ​មាត់​ជាតិ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៨​ខែ​មីនា​នេះ ក្រោយ​លោក​ដឹក​នាំ​គណៈ​ប្រតិកម្ពុជា​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន អូស្ត្រាលី។ នៅ​ក្នុង​អំឡុង​ពេល​ជួប​ពលរដ្ឋ​ខ្មែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ជំនួបរវាង​លោក និងពលរដ្ឋខ្មែរនៅអូស្រ្តាលី និង ញូវហ្សេលេន គឺជា​ការ​លើក​មុខ​មាត់​ជាតិ។

រូបភាពៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ពលរដ្ឋខ្មែរនៅអូស្រ្តាលី
រូបភាពៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ពលរដ្ឋខ្មែរនៅអូស្រ្តាលី @ទាញចេញពីហ្វេសបុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ផ្សាយពាណិជ្ជកម្ម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចាត់​ទុក​វត្ត​មាន​ពួក​គេ​ជា​កម្លាំង​ចិត្ត​ផង​ដែរ។ ពី​ប្រទេសអូស្រ្តាលី លោក ហ៊ុន សែន បាន​បន្ត​គូស​បញ្ជាក់​ថា ប្រទេស​កម្ពុជា​សព្វ​ថ្ងៃមិន​អាក្រក់​ដូច​ការ​លាប​ព័ណ៌​របស់​បុគ្គល​មួយ​ចំនួន​ឡើយ។ លោក​នាយករដ្ឋមន្ត្រី​បានថ្លែង​បែប​នេះ នៅ​យប់​ថ្ងៃ​ទី ១៧ មីនា ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​ជាមួយ​ពលរដ្ឋខ្មែរ​នៅ​អូស្ត្រាលី។ បន្ថែម​លើ​នេះ លោក​បាន​បង្ហាញ​ពី​ជោគ​ជ័យ​នៅ​លើ​ទឹក​ដី​អូស្ត្រាលីទៅ​កាន់​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ តាមរយៈ​ជំនួយ​របស់​អូស្ត្រាលី​ប្រមាណ​ជាង ៨៧ លានដុល្លារ​មក​អភិវឌ្ឍន៍​កម្ពុជា។ ក៏​មាន​ដែរ ការ​ស្នើ​ឲ្យ​អូស្ត្រាលី ពិចារ​ណា​ក្នុង​ការ​បើក​ជើងហោះហើរ កម្ពុជា-អូស្រ្តាលី ខណៈប្រជាពលរដ្ឋខ្មែររស់នៅអូស្រ្តាលីប្រមា​ណជា៦ម៉ឺននាក់ ។ នេះ​បើ​តាម​លោក​នាយករដ្ឋមន្ត្រី។

នៅ​ចំពោះ​មុខ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី លោក ហ៊ុន សែន ថា កម្ពុជា​បាន​ប្រឹង​ប្រែង​ពី​ប្រទេ​ស​គ្មាន​ចំណូល មក​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នា​ពេល​បច្ចុប្បន្ន ។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្រ្តាលី និង​ញូវហ្សេលេនជួយ​គាំទ្រ តាមរយៈ​ការ​ទិញ​ផលិតផល​កសិផល​របស់​ខ្មែរ​ដែល​បាន​នាំ​យក​ទៅ​លក់នៅ ប្រទេស​អូស្ដ្រាលី។ ការ​ជួយ​គាំទ្រ និង​ទិញ​ផលិត​ផល​របស់​ខ្មែរ​គឺ​ជា​ការ​លើក​ទឹកចិត្ត​ដល់​ការ​ផលិត​​នៅ​ក្នុង​ស្រុក និង​លើក​ស្ទូយ​ជីវភាព​របស់​ពលរដ្ឋ។ នេះ​បើ​តាម​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ។

ទោះជា លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ពី​ជោគជ័យ​ជា​ច្រើន​នៅ​ប្រទេស​អូ​ស្ត្រា​លី​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​លោក​ក៏​បាន​ទទួល​ស្គាល់​ពី​វត្ត​មាន​ជួប​ជុំ​ប្រឆាំង​រូប​ដែរ ដោយ​បាន​ចាត់​ទុក​បាតុករ​ប្រឆាំង​រូប​លោក​តាម​រយៈ ការ​ដុត​រូប​ទិញ​មោង មក​ពី​មានការ​ញុះញង់​ពី​ក្រុម​ប្រឆាំង។ ជុំវិញ​ការ​ធ្វើ​ការ​បាតុកម្ម​ប្រឆាំង​រូប​នេះ​ដែរ លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​អ្នកស្រី ប៊ូ រចនា ភរិយា លោក កែម ឡី កុំ​ចាត់​ទុក​លោក​ជា​សត្រូវ។ការ​ស្នើ​នេះ​បន្ទាប់ពី អ្នកស្រី ប៊ូ រចនា ក៏​ស្ថិត​នៅ​ក្នុង​ការ​ជួប​ជុំ​តវ៉ា​នោះ​ដែរ៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ