អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋអំពាវនាវ​ឲ្យ​តំណាង​រដ្ឋាភិបាល​ចូលរួម​ពិភាក្សា​នឹង​ស្តាប់​ក្តីកង្វល់​ក្នុង​ឱកាស​សមាជ​ប្រជាជន​កម្ពុជា​លើក​ទី​៥​

តំណាង​ប្រជា​ពលរដ្ឋដែល​ចូលរួម​រៀបចំ​សមាជ​ប្រជាជន​កម្ពុជា​លើក​ទី​៥ ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៥ និង​ទី​១៦ វិច្ឆិកា​ខាង​មុខ​នេះ ​បាន​អំពាវនាវ​ និង​សំណូមពរ​ឲ្យ​តំណាង​រដ្ឋាភិបាល​ចូលរួម​ស្តាប់​ និង​ឆ្លើយ​តបរាល់​បញ្ហា​របស់​ប្រជាពល​រដ្ឋដែល​បាន​លើកឡើង​នៅ​ក្នុង​ឱកាស​នោះ។​ ជាការ​ឆ្លើយតប​ ដែល​តំណាង​ប្រជាពលរដ្ឋយល់​ឃើញ​ថា ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ និង​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ប្រជាពល​រដ្ឋ​នៅ​អាណត្តិ​ក្រោយ​។

សមាជប្រជាជនកម្ពុជាលើកទី៥ ។
សមាជប្រជាជនកម្ពុជាលើកទី៥ ។ @ Facebook
ផ្សាយពាណិជ្ជកម្ម

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ផ្ទះ​មេត្តាហៅស៍ ​នៅ​រសៀល​ថ្ងៃ​ទី​ ១២ វិច្ឆិកានេះ​ តំណាង​ប្រជាពល​រដ្ឋ​មក​ពី​បណ្តាញ​ពហុវិស័យ​បាន​អំពាវ​នាវ​ឲ្យ​តំណាង​រដ្ឋាភិបាល​ចូលរួម​នៅ​ក្នុង​សមាជ​ប្រជាជន​កម្ពុជា​លើក​ទី​៥ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ​និងទី​១៦ ​វិច្ឆិកា ​ខាង​មុខ​នេះ ក្រោម​ប្រធាន​បទ ​«សមាហរណកម្ម​អាស៊ាន​៖កិច្ច​សន្ទនារ​វាង​រា​ស្ត្រ​ និង​រដ្ឋ​ដើម្បី​ទទួល​បាន​ដំណោះ​ស្រាយ​រួម​»​។

លោក​កន សុខុម​ តំណាង​មក​ពីសិល្បៈ​សហគមន៍​នៃ​សមាគម​កសិករ​ឯករាជ្យ​ដើម្បី​អភិវឌ្ឍន៍​សហគមន៍​ បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ​សមាជ​ប្រជាជន​កម្ពុជា​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ពី​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋដែល​រង​គ្រោះពិត​ប្រាកដ​ ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល ​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​។ លោក​បាន​បន្ត​ថា ​វត្ត​មាន​របស់​មន្ត្រី​រដ្ឋាភិបាល​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​កម្ម​វិធី​នៅ​ថ្ងៃ​ទី ​១៦ ​វិច្ឆិកា​ខាង​មុខ​នៅ​ឯទីលាន​ប្រជាធិបតេយ្យ​ ព្រោះ​ជា​ពេល​មួយ​ដែល​មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​ពីភាព​យកចិត្ត​ទុកដាក់​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន​ ហើយ​ក៏ដើ​ម្បី​បង្កើត​ទំនុក​ចិត្តនិង​ទាក់ទាញ​ប្រជា​ប្រិយភាព​ពី​ប្រជា​ពលរដ្ឋបាន​​ផងដែរ​​។

ក្រុម​ការងារ​របស់​បណ្តាញ​ពហុវិស័យ​បានដាក់​លិខិត​អញ្ជើញ​តំណាង​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ចូលរួម​នៅ​ក្នុង​សមាជ​ប្រជា​ជន​លើក​ទី​៥ ទៅ​កាន់​ក្រសួង​ចំនួន​១០ ចាប់​តាំង​ពី​ថ្ងៃទី​ ៥​ វិច្ឆិកា​មក​។ ប៉ុន្តែ​រហូត​មក​ដល់​នឹង​ថ្ងៃ​នេះ​មាន​តែ​ក្រសួង​ពីរ​ទេ ដែល​បាន​ឆ្លើយ​តប​ ហើយ​ការ​ឆ្លើយ​តប​នោះ​គឺ​បញ្ជាក់​ថា រដ្ឋមន្ត្រី​ក្រសួង​ទាំងពីរ​នោះ​មិន​អាច​អញ្ជើញ​ចូលរួម​បាន​នោះ​ទេ ​ដោយ​ជាប់​បំពេញ​បេសសកម្ម​ទៅ​ក្រៅ​ប្រទេស​។ ក្រសួង​ទាំងពីរ​នោះ​មាន​ក្រសួង​បរិស្ថាន​ និង​ក្រសួង​កិច្ច​ការនារី​។ ដោយឡែក​ក្រសួង​៨​ផ្សេង​ទៀត ​ដែល​មាន​ក្រសួង​មហាផ្ទៃ​ ក្រសួង​សុខាភិបាល ​ក្រសួង​អប់រំ​ យុវជន​និងកី​ឡា ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​ក្រសួង​សង្គមកិច្ច និង​អតីត​យុទ្ធជន ក្រសួង​ដែនដី នគរូបនីយកម្មនិង​សំណង់ ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ និង​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​នៅ​មិនទាន់​បាន​ឆ្លើយ​តប​នៅ​ឡើយ​នោះទេ​។

លោក​កន សុខុម បាន​បញ្ជាក់​ថា ប្រសិន​បើ​មន្ត្រី​រដ្ឋាភិបាល​មិន​ចូលរួម​នៅ​ក្នុង​សមាជ​នៅ​ថ្ងៃ​ទី ​១៦ វិច្ឆិកា​នោះទេ តំណាង​ប្រជាពល​រដ្ឋ​នឹង​នាំគ្នា​ទៅ​ដាក់ញត្តិ​ដល់​ក្រសួង​នោះ​ផ្ទាល់​តែ​ម្តង​ ដើម្បី​ទទួល​បាន​ដំណោះ​ស្រាយ​ជា​បន្តទៀត​។

គួរ​ជម្រាប​ជូន​ផង​ដែរ​ថា លោក​ស្រី​យិន ប៉ិច​ជា​សកម្មជន​និង​តំណាង​បណ្តាញ​ភ្នំគុក​នៅ​ខេត្ត​កំពង់​ឆ្នាំង បានប​​ង្ហាញ​ថា ការ​ធ្វើ​សមាជ​ប្រជាជន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ឃើញ​ថា​ទទួល​បាន​លទ្ធ​ផល​ល្អ ​ព្រោះ​មាន​អាជ្ញាធរ​នៅ​ក្នុង​តំបន់ខ្លះ​បាន​ចូលរួម​សហការ​ស្តាប់​ពី​ទុក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ ហើយ​ក៏​បាន​ផ្តល់​ដំណោះ​ស្រាយ​ជា​ទី​គាប់​ប្រសើរ​។ លោក​ស្រី​បាន​លើក​ឧទាហរណ៍​ទាក់ទង​នឹង​ការកាត់​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ជូន​ដល់​ប្រជាពល​រដ្ឋ​ជាដើម​។

ក្រុម​បណ្តាញ​ព​ហុវិស័យ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ​នៅ​រាល់​កម្មវិធី​ បណ្តាញ​ពហុវិស័យ​សង្កត់ធ្ងន់​លើ​គោលជំហរ​ និង​ហេតុផល​របស់​ប្រជា​ពល​រដ្ឋ​សម្រាប់​​ការ​ចូលរួម​ក្នុង​សកម្មភាព​ប្រជាជន​ពិតប្រាកដ​។ បណ្តាញ​ពហុវិស័យ​មិន​ប្រឆាំង​និង​រដ្ឋាភិបាល ​មិន​ចូលរួម​និង​គណបក្ស​នយោបាយ​ណាមួយ​ ហើយ​ប្រកាន់​ខ្ជាប់​គោលការណ៍​សន្តិភាព និង​អហិង្សា​។ គោលដៅ​សំខាន់​របស់​ក្រុម​នេះ​គឺ​លើក​ឡើង​ពី​បញ្ហា​របស់​ប្រជាជន និង​ការ​ទាមទារ​ដំណោះស្រាយ​ពិត​ប្រាកដ​ក្នុង​ភាព​យូរ​អង្វែង​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ