អានតួអត្ថបទ
ធនធានធម្មជាតិ

កម្ពុជា​ព្រមាន​ក្រុមហ៊ុនអាមេរិកាំង Chevron ចំពោះ​ការរុករក​ប្រេង

រដ្ឋាភិបាល​កម្ពុជា​ព្រមាន​លុប​កិច្ចសន្យា​រុករក​ប្រេង​ជាមួយ​ក្រុមហ៊ុន​ អាមេរិក Chevron ប្រសិនបើ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ មិន​អាច​ផលិត​ប្រេង នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា នៅ​ត្រឹម​ឆ្នាំ​២០១២។ តំណាង​ក្រុមហ៊ុន Chevron បាន​សន្យា​ថា ​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​តាម​ការ​ទាមទារ​របស់​រដ្ឋាភិបាល​។

នាយករដ្ឋមន្រ្តីខ្មែរ​តម្រូវ​ឲ្យ​ក្រុមហ៊ុន Chevron ផលិតប្រេង​ឲ្យ​បាន​មុន​ដំណាច់​ឆ្នាំ ២០១២
នាយករដ្ឋមន្រ្តីខ្មែរ​តម្រូវ​ឲ្យ​ក្រុមហ៊ុន Chevron ផលិតប្រេង​ឲ្យ​បាន​មុន​ដំណាច់​ឆ្នាំ ២០១២ ©អ.ប.ជ.ក.
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលម្ង៉ៃ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ព្រមាន​ជា​សាធារណៈ​ថា ក្រុមហ៊ុន Chevron ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​របស់​អាមេរិក​អាច​នឹង​បាត់បង់​សិទ្ធិ​រុករក​ប្រេង នៅ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ប្រសិនបើ ក្រុមហ៊ុន​នេះ​មិន​អាច​ផលិត​ប្រេង នៅ​ដំណាច់​ឆ្នាំ​២០១២។

ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​កសិកម្ម លោក​ប្រមុខ​រដ្ឋាភិបាល​ហ៊ុន សែន​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ឲ្យ​ក្រុមហ៊ុន Chevron ផលិត​ប្រេង​ឲ្យ​បាន​នៅ​ដំណាច់​ឆ្នាំ​២០១២ បើ​មិន​ដូច្នេះ​ទេ រដ្ឋាភិបាល​កម្ពុជា​នឹង​លុប​ចោល​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​អាមេរិក​មួយ​ នេះ។

ចំពោះ​ការព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ខាងលើ ត្រូវ​បាន​តំណាង​ក្រុមហ៊ុន Chevron អះអាង​ថា ក្រុមហ៊ុន​នឹង​ប្រឹងប្រែង​ធ្វើតាម​ការចង់​បាន​របស់​រដ្ឋាភិបាល ដើម្បី​ផលិត​ប្រេង​នៅ​ប្លុក A​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

រដ្ឋាភិបាល ​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្រាប់​ការរុករក​ប្រេង​នៅ​ប្លុក A កាល​ពី​ឆ្នាំ​២០០២-២០០៣ ដើម្បី​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​អាមេរិក Chevron និង​ក្រុមហ៊ុន​ដៃគូ​មួយ​ចំនួន​ទៀត។ ប្លុក A ជា​តំបន់​ដែល​អាច​ផលិត​ប្រេង​បាន​ច្រើន​ជាង​គេ ក្នុង​ចំណោម​តំបន់​មាន​ប្រេង​ចំនួន ៦​ប្លុក នៅ​ដែន​សមុទ្រ​កម្ពុជា។

អាជ្ញាធរ ​ជាតិ​ប្រេងកាត​កម្ពុជា​បាន​ប្រកាស កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បន្ទាប់​ពី​ការខួង​អណ្តូង​សាកល្បង កាល​ពី​ឆ្នាំ២០០៧ ក្រុមហ៊ុន​អាមេរិក Chevron បាន​ព្យាករណ៍​ថា នៅ​ប្លុក A អាច​មាន​ប្រេងឆៅ​ពី ៤០០ ទៅ ៧០០ លាន​ធុង។

យ៉ាង​ហោច​ណាស់ មាន​ក្រុមហ៊ុន​ជាង ១០ មក​ពី​ប្រទេស​អាមេរិក ជប៉ុន ចិន កូរ៉េ បារាំង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សឹង្ហបូរី និង​ប្រទេស​ថៃ​បាន​ចុះ​កិច្ច​ព្រមព្រៀង​វិនិយោគ​រុករក​ប្រេង​ក្នុង​ដែន​ សមុទ្រ​កម្ពុជា​ទាំង ៦​ប្លុក។

ការប៉ាន់ស្មាន​បាន​បង្ហាញ​ថា ក្នុង​បាត​សមុទ្រ​កម្ពុជា​អាច​ទាញ​យក​ប្រេងឆៅ រហូត​ដល់​២ ពាន់​លាន​ធុង ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​ចេញ​ផុត​ពី​ភាពក្រីក្រ និង​បញ្ឈប់​ការពឹង​ផ្អែក​ប្រាក់​ជំនួយ​បរទេស។ ក៏​ប៉ុន្តែ ព័ត៌មាន​នៃ​ដំណើរ​ការរុករក​ប្រេង និង​ឧស្ម័ន​នៅ​កម្ពុជា​មិន​ត្រូវ​បាន​បើក​ទូលាយ​ប៉ុន្មាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ