អានតួអត្ថបទ
កម្ពុជា

រដ្ឋា​ភិបាល​មិន​ទាន់​មាន​គំរោង​លុប​ចោល​បំរាម​សិទ្ធិ​ជួប​ជុំ​ធ្វើ​បាតុ​កម្ម

ក្រៅ​ពី​ការ​លើក​ឡើង​ពី​បញ្ហា​ពាណិជ្ជកម្ម ជំនួយ​​អភិវឌ្ឍន៍ និង​​បញ្ហា​​ដី​ធ្លី កិច្ច​ប្រជុំ​លើក​ទី៨ នៃ​គណៈ​​កម្មា​ធិការ​ចម្រុះ កម្ពុជា-សហភាព​អឺរ៉ុប ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ២០១៤ នៅ​ទីក្រុង​ប្រ៊ុច​​សែល ប្រទេស​​ប៊ែល​ហ្សិក ក៍​បាន​លើក​ឡើង​ពី​បញ្ហា​បំរាម​នៃ​ការជួប​ជុំ​បញ្ចេញ​មតិ​នៅ​កម្ពុជា​ផង​ដែរ។ លោក អ៊ុច បូរិទ្ធ រដ្ឋ​លេខាធិ​ការ​ក្រសួង​ការបរទេស​​កម្ពុជា​បាន​ជំរាប​ទៅ​កាន់​គណៈ​ប្រតិភូ​សហភាព​អ៊ឺរ៉ុប​ថា បើ​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា​វិល​មក​រក​ប្រក្រតីភាព​ឡើង​វិញ នោះ​បំរាម​នៃ​ការជួប​ជុំ​ក៍​នឹង​លុប​ចោល​ផង​ដែរ។

ការហែ​ក្បួន​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ​ក្នុង​ពេល​កន្លង​ទៅ។
ការហែ​ក្បួន​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ​ក្នុង​ពេល​កន្លង​ទៅ។ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

បំរាម​នៃ​ការជួបជុំ​បញ្ចេញមតិ រឺ​សិទ្ធិ​ធ្វើបាតុកម្ម​របស់​គណបក្ស​ប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល គឺជា​ប្រធានបទ​មួយ​ក្នុងចំនោម​ប្រធានបទ​ជាច្រើន​ដែល​ត្រូវ​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​លើក​ទី៨ នៃ​គណៈកម្មការ​ចម្រុះ កម្ពុជា-សហភាព​អឺរ៉ុប ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី១០ ដល់​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែ​ល​ហ្សិ​ក។ ប្រធានបទ​ដែល​គណបក្សប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល តែងតែ​ទាមទារ​អោយ​រដ្ឋាភិបាល​លុបចោល។ នេះ​បើតាម​ការបញ្ជាក់​អោយដឹងពី​លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុ​ជា។

លោក អ៊ុច បូរិទ្ធ ដែល​បាន​វិល​ត្រលប់​មកពី​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​ សហភាព​​​អឺរ៉ុប​​​នៅ​​ថ្ងៃ​​សៅ​រិ៍​នេះ បានបញ្ជាក់​ប្រាប់​ក្រុមអ្នកកាសែត​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា បំរាម​នៃ​ការហាមឃាត់​ការជួបជុំ រឺ​សិទ្ធិ​ធ្វើបាតុកម្ម​របស់​ក្រុមកម្មករ សហជីព រឺ​គណបក្ស​ប្រឆាំងនឹង​លុបចោល​ទៅវិញ ប្រសិនបើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​វិល​មករក​ប្រក្រតីភាព​ឡើងវិញ។ លោក អ៊ុច បូរិទ្ធ បញ្ជាក់ថា នោះ​គ្រាន់តែ​ជាការ​ផ្អាក់​បណ្តោះអាសន្ន​ប៉ុណ្ណោះ ពោលគឺ​រដ្ឋាភិបាល​មិនបាន​លុបចោល​នោះទេ។

បំរាម​នៃ​ការជួបជុំ​ត្រូវបាន​ដាក់​ដោយ​ក្រសួងមហាផ្ទៃ នៅក្រោយពេល​មានការ​ប៉ះទង្គិច​គ្នា នៅ​ម្តុំ​ផ្លូវ​វេ​ង​ស្រេង​កាលពីដើម​ខែមករា និង​ការជួបជុំ​ធ្វើបាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រយៈពេល​ជិត១ខែ ដែល​ក្រោយមក​ត្រូវបាន​បង្ក្រាប់​ដោយ​កំលាំង​អាជ្ញាធរ។   

គួរ​បញ្ជាក់ថា នៅក្នុង​ការជួបជុំ​រប​ស់មេ​ដឹកនាំ​សហជីព​កម្មករ កាលពី​ថ្ងៃទី៨មិនា​កន្លងទៅនេះ  ក៍​ត្រូវបាន​រារាំង​ផងដែរ នៅពេលដែល​ពួកគេ​បាន​ព្យាយាម​ប្រមូលផ្តុំ​គ្នា​ធ្វើ​វេទិការ​សាធារណៈ​នៅលើ​ទីលាន​ប្រជាធិបតេយ្យ។ 

យ៉ាងណា​ក៍ដោយ លោក ខៀវ សុ​ភ័​ក្រ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​សៅ​រិ៍​នេះដែរ​ថា ច្បាប់​បាតុកម្ម​នៅតែមាន ហើយ​ប្រសិនបើ​ភាគី​ណាមួយ​ចង់​ជួបជុំ​ណាមួយ​នោះ ត្រូវអនុវត្ត​ន​ទៅតាម​ច្បាប់ ហើយ​ការអនុញ្ញាតិ​រឺ​មិន​អនុញ្ញាតិ​នៅក្នុង កំរិត​ណាមួយ​នោះ នោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពិភាក្សាគ្នា​ជាមុនសិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ