អានតួអត្ថបទ
កម្ពុជា

អតីត​អ្នក​ភូមិ​បឹង​កក់​នឹង​រៀប​ចំ​ធ្វើ​សន្និសីទ​កាសែត​ពី​ផែនការ​តវ៉ា​បន្ត​

អតីត​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បឹងកក់​​​ នឹងធ្វើ​សន្និសីទកាសែត​នៅ​ថ្ងៃស្អែក ដើម្បី​បញ្ជាក់​ជំហរ​តវ៉ា​របស់​ពួកគេ​។ តំណាង​ប្រជាពលរដ្ឋ​ថ្លែងថា ពួកគេ​នឹង​ដាក់​ផែនការ​ជាថ្មី​ក្នុងការ​ទាមទារ​សំណង​​​បន្ថែម ដោយ​បោះតង់ ហូបចុក និង​ស្នាក់​នៅមុខ​សាលាក្រុង​ភ្នំពេញ។

ការតវ៉ារបស់អ្នកភូមិបឹងកក់នៅមុខសាលារាជធានី នាពេលកន្លងមក
ការតវ៉ារបស់អ្នកភូមិបឹងកក់នៅមុខសាលារាជធានី នាពេលកន្លងមក RFI-Monika
ផ្សាយពាណិជ្ជកម្ម

ក្រុម​អតីត​ប្រជាពលរដ្ឋ​បឹងកក់​ដែល​ធ្លាប់​ត្រូវ​បានបណ្តេញចេញ​ពី​កន្លែង​រស់នៅ​ បានប្រកាស​ឲ្យ​ដឹងថា ពួកគេ​នឹង​រៀបចំ​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី០៥ ខែឧសភា ឆ្នាំ២០១៤ ស្អែក​នេះ​ដើម្បី​បង្ហាញ​ពី​ជំហរ​តវ៉ា​​​របស់​ពួកគេ និង​ចង់​បញ្ជាក់​ពី​វត្ថុបំណង​ច្បាស់លាស់​ថា ពួកគេ​មិនជា​ប់​ពាក់ព័ន្ធ​នឹង​នយោបាយ​ឡើយ។

អ្នកស្រី សយ កូ​ឡាប តំណាង​អតីត​ប្រជាជន​បឹងកក់​​​​មួយរូប​ បាន​ថ្លែងប្រាប់​វិទ្យុ​បា​រាំ​ង​​​អន្តរជាតិ RFI នៅថ្ងៃនេះ​ថា សកម្មភាព​តវ៉ា​របស់​ពួកគេ​គឺ​ក្នុងនាម​ជា​ជនរងគ្រោះ​នៃ​ការ​បណ្តេញ​​​ចេញ ហើយ​ការ​ត្រឡប់មក​តវ៉ា​នាពេលនេះ​គឺ​មិនមានការ​ឡូកឡំ​នឹង​រឿងន​យោ​បាយ​ឡើយ​។ ​ប្រតិកម្ម​តាមរយៈ​ការធ្វើ​សន្និសីទកាសែត​ថ្ងៃ​ចន្ទ​ស្អែក​នេះ គឺធ្វើឡើង​បន្ទាប់ពី​លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​កាលពីដើម​សប្តាហ៍​នេះ បាន​ហៅ​ការ​តវ៉ា​​របស់​ប្រជាជន​​​ទាំងនេះ​ថា​អាច​មានការ​ជម្រុញ​ណាមួយ​ពី​នយោបាយ។

កាលពី​ថ្ងៃ​ចន្ទ​ទី២៨ មេសា កន្លងទៅនេះ សហគមន៍​អតីត​បឹងកក់​​ បាន​អះអាងថា​ពួកគេ​មាន​គ្នា៦០០នាក់ ហើយ​មាន​គម្រោង​ធ្វើការ​តវ៉ា​ដោយ​បោះតង់​នៅខាងមុខ​សាលាក្រុង​ទាំងថ្ងៃ​ទាំងយប់​​រយៈពេល​បី​ថ្ងៃ ដើម្បី​ទាមទារ​សំណង​បន្ថែម ចំនួន ២ម៉ឺន​ដុល្លារ និង​ស្នើសុំ​ដី​ទំហំ​៥ម៉ែត្រ គុណ​នឹង១៦ម៉ែត្រ ចម្ងាយ​ប្រមាណ​ពី៣ទៅ៥គីឡូម៉ែត្រ​ពី​តំបន់​អភិវឌ្ឍន៍​បឹង​​កក់។ ​ក៏ប៉ុន្តែ ​ការប៉ុនប៉ង​នេះ​មិនអាច​ធ្វើទៅ​រួច​ឡើយ ដោយសារតែ​មានការ​ប្រមូល​ផ្តុំ​តិចតួច ហើយ​ម្យ៉ាងទៀត​ សាលា​រាជធានី​ភ្នំពេញ​ក៏បាន​ទទួលយក​សំណើ​របស់​អ្នក​តវ៉ា​ទៅ​ពិចារណា​ដែរ។

នៅថ្ងៃនេះ​ដែរ អ្នកស្រី សយ កូ​ឡាប បាន​អះអាងថា ​ការតវ៉ា​នឹងមិន​បញ្ចប់​ឡើយ។ បន្ទាប់ពី​ការប្រកាស​ប្រាប់​មហាជន​ថា ការតវ៉ា​របស់​អតីត​អ្នក​បឹងកក់​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ហើយ ពួកគេ​នឹងដាក់​កាលបរិច្ឆេទ​ជាថ្មី​ដើម្បី​ធ្វើការ​ទាមទារ​នៅមុខ​សាលាក្រុង ​តាម​គម្រោង​ដដែល ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ណាមួយ​នោះទេ។ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​មិនមាន​​ការពន្យល់​អ្វី​ឡើយ​ទាក់ទង​ទៅនឹង​សកម្មភាព​របស់​អតីត​អ្នក​បឹងកក់​ទាំងនេះ។

សូមបញ្ជាក់ថា កាលពី៥ ទៅ​​៦ឆ្នាំមុន អតីត​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​បឹងកក់​ជាច្រើន​គ្រួ​សា​រ ត្រូវបាន​បណ្តេញចេញ​ឲ្យ​ទៅ​រស់នៅ២០គីឡូម៉ែត្រ​ក្រុង ដោយ​ផ្តល់នូវ​សំណង ៨៥០០​ដុល្លារ ក្នុង​មួយ​គ្រួសារ។ ក៏ប៉ុន្តែ​ ​ភាគច្រើន​នៃ​ប្រជាជន​ទាំងនោះ​បាន​វិល​ត្រលប់មក​ជួល​ផ្ទះ​គេ​នៅ​ភ្នំពេញ​វិញ​ ​ដើម្បី​រក​ប្រកប​របរ​​ចិញ្ចឹមជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ