អានតួអត្ថបទ
កម្ពុជា

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថាន​ទូត​វៀតណាម​នៅ​ក​ម្ពុជា​

សហព័ន្ធ​​និស្សិត​​បញ្ញវន្ត​​កម្ពុជា​​កាល​ពី​​ថ្ងៃ​​ពុធ​​ម្សិល​មិញ ​បាន​ប្រកាស​ថា​​នឹង​ធ្វើ​​បាតុកម្ម​អហិង្សា​​មួយ​​នៅ​មុ​ខ​​ស្ថាន​ទូត​​វៀតណាម​​ប្រចាំ​​នៅ​​កម្ពុជា​​នៅ​​ថ្ងៃ​ទី ​០៨ ​កក្កដា ​ខាង​មុខ​នេះ ​ដើម្បី​​ទាម​ទារ​​ឲ្យ​​អ្នក​នាំ​ពាក្យ​​ស្ថាន​ទូត​​ទទួល​ស្គាល់​​ការ​ពិត​​នៃ​​ប្រវត្តិ​សាស្ត្រ​​នៃ​​ការ​បាត់​បង់​​ទឹក​ដី​​កម្ពុជា​​ក្រោម​។​ ​កាល​ពី​​ម្សិល​មិញ​ សហព័ន្ធ​​នេះ​ ក៏​បាន​​ជូន​ដំណឹង​​អំពី​​គម្រោ​ង​​ធ្វើ​បាតុ​កម្ម​​នេះ​​ទៅ​កាន់​​សាលា​​រាជធានី​​ភ្នំពេញ​​ផង​ដែរ​។ ​ប៉ុន្តែ​​សាលា​​ធានី​​ភ្នំពេញ​​មិន​ទាន់​​សម្រេច​​បែបណា​​នៅ​ឡើយ​​នោះ​ទេ ​។​

ចំណែក​ពណ៌​បៃតង គឺ​ជា​ដី​កម្ពុជាក្រោម​ដែល​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម។
ចំណែក​ពណ៌​បៃតង គឺ​ជា​ដី​កម្ពុជាក្រោម​ដែល​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម។
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​គម្រោង​ធ្វើបាតុកម្ម ប្រឆាំង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ជា​លើក​ទី​ពីរ​ហើយ​ជុំវិញ​ប្រវត្តិសាស្ត្រ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម។ក្រុមអ្នកតវ៉ា​បាន​ព្រមាណ​ថា ដរាបណា អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​មិន​សូមទោស​ចំពោះ​ការលើកឡើង​របស់ខ្លួន​នោះទេ ដរាប​នោះ​ការធ្វើ​បាតុកម្ម​ប្រឆាំង​វៀតណាម​លើទឹក​ដី​កម្ពុជា នឹង​អាច​កើតឡើង​នៅពេល​ខាងមុខ។

លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ ទី ០៣ កក្កដា ថា សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​គ្រោង​ជួបជុំគ្នា​ប្រមាណ១០០ នាក់ នៅ​ពីមុខ​ស្ថានទូត​វៀតណាម ដើម្បី​តវ៉ា​ទាមទារ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ទទួលស្គាល់​ការពិត​នៃ​ប្រវត្តិសាស្ត្រ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម។ ប្រធាន​សហព័ន្ធ​រូបនេះ លើកឡើងថា គម្រោង​ធ្វើបាតុកម្ម​ខាងមុខនេះ នឹងធ្វើ​ឡើង​ដោយ​អហិង្សា​ហើយ​អាច​នឹងមាន​ការលើក​ប​ដា​តវ៉ា​ផងដែរ។

រឿង​រាវ​ដែល​នាំ​ឲ្យ​កើតមាន​គម្រោង​ធ្វើបាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ជា​បន្តបន្ទាប់​បែបនេះ គឺ ក្រោយពី​អ្នក​ពាក្យ​ស្ថានទូត​វៀតណាម​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នាពេល​កន្លងមក​ថា ទឹកដី​កម្ពុជា​ក្រោម​មិនមែន​បារាំង​កាត់​ឲ្យ​វៀតណាម​នោះទេ តែ​ជា​ទឹកដី​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ។

លោក ម៉ៅ ពិសេស បាន​ហៅ​ការលើកឡើង​នេះ​ថា ជាការ​បំផ្លើស​ប្រវត្តិសាស្ត្រ​ពិត និង​មើលងាយ​ប្រជាពលរដ្ឋ ជាពិសេស​និស្សិត​បញ្ញវន្ត​ខ្មែរ​នាពេល​ប​ច្ច​ប្បន្ន។

កាលពី​ថ្ងៃ​ពុធ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​បាន​អំពាវនាវ​ឲ្យ សិស្ស និស្សិត បញ្ញវន្ត និង​យុវជន​ខ្មែរ​ទាំងអស់​ចូលរួម​ធ្វើបាតុកម្ម​អហិង្សា​នៅ​ទី ថ្ងៃទី ០៨ កក្កដា​ខាងមុខនេះ​នៅ​ពីមុខ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា។ កាលពី​ថ្ងៃ​ពុធ​ដែរ សហព័ន្ធ​នេះ​ក៏បាន​ជូនដំណឹង​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ​អំពី​គម្រោង​ធ្វើបាតុកម្ម​នេះ។

លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ថា​សាលា​រាជធានី​ភ្នំពេញ​បានទទួល​លិខិត​ជូនដំណឹង​នេះហើយ ប៉ុន្តែ​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ គឺ​កំពុងតែ​ពិចារណា និង ពិនិត្យ​លើ​លិខិត​នេះ។

សូម​រម្លឹក​ឡើងវិញ​ថា សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់​ផងដែរ​ចំពោះ​ការលើកឡើង​របស់​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​នេះ។ ហើយ​កាលពី​ថ្ងៃ​អង្គារ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បានចេញ​សេចក្តីជូនដំណឹង​មួយ​ដោយ​គ្រោង​នឹង​រៀបចំ​វេទិកាសាធារណៈ​មួយ​ស្តីពី​ទឹកដី​កម្ពុជា​ក្រោម​នៅ​ថ្ងៃទី ០៦ កក្កដា​ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ