អានតួអត្ថបទ
កម្ពុជា

សកម្មជន​បរិស្ថាន​ទាម​ទារ​ឱ្យ​រដ្ឋា​ភិបាល​ការពារ​​ព្រៃ​ឈើ​

ប្រជាពលរដ្ឋ​ប្រមាណ​ជា៣០០នាក់​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ទី៥ មិថុនា​នេះ បាន​ប្រមូល​ផ្តុំគ្នា​នៅលើ​កំណាត់​ផ្លូវ​ជិត​ស្ថានទូត​រុស្ស៊ី ដើម្បី​សម្តែង​ពី​ទុក្ខកង្វល់​ ក្នុងការ​កាប់បំផ្លាញ​ព្រៃ​ឈើ ​និង​​សុំ​​អន្ត​រា​គម​ន៍​​ពី​​រដ្ឋា​ភិ​បាល​​ដើម្បី​​ការ​ពា​រ​ព្រៃ​ឈើ​។​ ដោយ​ឡែក ​​រដ្ឋា​ភិ​បាល​​ក៏​បាន​​ប្តេជ្ញា​​រឹត​បន្តឹង​​ការ​អនុវត្ត​​ន៍​ច្បាប់​ ប្រឆាំង​​​​ការ​កាប់​បំផ្លាញ​​ព្រៃ​ឈើ​​ផង​ដែរ​។  

សកម្មជនបរិស្ថានជួបជុំនៅព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៤។
សកម្មជនបរិស្ថានជួបជុំនៅព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៤។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ថ្ងៃ​ទិវា​បរិស្ថាន​នេះ សកម្មជន​បរិស្ថាន បាន​សុំ​កិច្ច​អន្តរាគមន៍​ចំនួន៥ចំណុច​ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទប់ស្កាត់​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ និង​ធនធានធម្មជាតិ។ សំណើទាំងនោះ​រួមមាន ការពិនិត្យ​ទៅលើ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច សម្បទាន​រ៉ែ​នៅ​តំបន់​ព្រៃ​ឡង់ ការបញ្ឈប់​សកម្មភាព​រាល់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​កើតមាន និង​ការស្នើ​លុបចោល​គម្រោង​សាងសង់​ទំ​បន់​វា​រី​អគ្គីសនី ស្ទឹង​ជាយ​អា​រែង និង​ទំនប់​សេ​សាន​ក្រោម២ រួមទាំង​ការបញ្ឈប់​ការ​គម្រាមកំហែង​គ្រប់​រូបភាព​មកលើ​សក​ម្ម​ជន​ការពារ​បរិស្ថាន​ជាដើម។

ក្នុង​ការជួបជុំ​ប្រមូលផ្តុំ​នៅ​ជិត​ស្ថានទូត​រុស្ស៊ី​នៅ​ព្រឹក​នេះ លោក ទឹម ​ម៉ាឡៃ ​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ដែលជា​អ្នករៀបចំ​ការប្រមូលផ្តុំ​នេះ បាន​ហៅ​ការជួបជុំ​សកម្មជន​បរិស្ថាន​នេះ គឺជា​សារ​មួយ​ដាស់តឿន​ដល់​មន្ត្រី​រដ្ឋាភិបាល​ឱ្យ​គិតគូរ​ពី​ការទាមទារ​របស់​ប្រជាពលរដ្ឋ។ ក្នុង​សេចក្តីថ្លែងការណ៍​រួម​ដែលមាន​ការគាំទ្រ​ពី​សហគម និង​សង្គម​ស៊ីវិល ប្រមាណ​​ជិត៣០ស្ថាប័ន បណ្តាញ​យុវជន​ដែលជា​អ្នករៀបចំ​ការជួបជុំ​នេះ បានលើកឡើង​ថាបើ​ទោះបី​ជា​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ច្បាប់​ព្រៃឈើ និង​ច្បាប់​ស្តីពី​ការការពារ​បរិស្ថាន​ក៏ដោយ ប៉ុន្តែ​សកម្មភាព​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅតែ​បន្ត​កើតមាន ក្រោមរូបភាព​ដី​សម្បទា​ន​សេដ្ឋកិច្ច សម្បទាន​ព្រៃឈើ សម្បទាន​រ៉ែ និង​ទំនប់​វា​រី​អគ្គិសនី។

សកម្មជន​បរិស្ថាន​ដែលមាន​សំលៀកបំពាក់​អាវ ពណ៌​បៃតង បានស្នើ​យ៉ាង​ទ​ទួ​ច​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ចាត់វិធានការ​ជាបន្ទាន់ ប្រសិនបើ​រដ្ឋាភិបាល​មិនបាន​ចាត់វិធានការ​ជាបន្ទាន់​នោះទេ ព្រៃឈើ និង​ធនធានធម្មជាតិ រួម​សត្វព្រៃ​នៅ​កម្ពុជា នឹង​ឈានទៅដល់​ការវិនាស​សាបសូន្យ។ ហើយ​បញ្ហា​នេះ នឹង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ដែល​នៅ​អាស្រ័យ​នឹង​ធម្មជាតិ​ទាំងនោះ។

ថ្លែង​ដើម្បី​ឧទ្ទិស​ដល់​ថ្ងៃ​ទិវា​បរិស្ថាន​ពិភពលោក​លើក​ទី៤២នេះ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សាយ សំ​អាល់ បាន​លើកឡើងថា ក្រសួង​បាននិងកំពុង​សហការ​គ្នា ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​និង​រាល់​សកម្មភាព​បំផ្លិចបំផ្លាញ​ព្រៃឈើ រួមទាំង​ការទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់​ផងដែរ។ ក្រៅពីនេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ព្រមាន​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ត្រូវតែ​ជៀសវាង​ឱ្យ​ផុតពី​ការពាក់ព័ន្ធ​បទល្មើស​បំផ្លិចបំផ្លាញ​ព្រៃឈើ និង​ការទន្ទ្រាន​កាន់កាប់​ដីធ្លី។

សូមបញ្ជាក់ថា ការជួប​ជុំគ្នា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ត្រូវបាន​រំសាយ​ទៅវិញ​នៅ​ម៉ោង​ប្រមាណ​ជា១១ព្រឹក​បន្ទាប់ពី​សកម្មជន​បរិស្ថាន​ទាំងអស់​បាន​ក៏បាន​ដាក់​ញត្តិ​ចំនួន៤ផ្សេងគ្នា​ទៅកាន់​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ស្ថានទូត​ចិន និង​ស្ថានទូត​វៀតណាម។ ហើយ​ការជួបជុំ​នេះ មិនមាន​ការប៉ះទង្គិច​គ្នា​នោះទេ បើទោះបីជា​មានការ​រាំង​មិនឱ្យ​ដង្ហែរ​ក្បួន ពី​ក្រុម​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​សន្តិសុខ​ក៏ដោយ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ