គ.ជ.ប នឹងបិទផ្សាយបញ្ជីឈ្មោះអ្នកបោះឆ្នោត និងអ្នកត្រូវបានលុបចេញពីបញ្ជី ចាប់ពីថ្ងៃស្អែក
ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ខែវិច្ឆិកានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគ.ជ.ប នឹងធ្វើការបិទផ្សាយបញ្ជីឈ្មោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតថ្មី និងអ្នកដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត។ ការបិទផ្សាយបញ្ជីឈ្មោះនេះ គឺធ្វើឡើងនៅតាមឃុំ-សង្កាត់ នីមួយៗទូទាំងប្រទេស បន្ទាប់ពី គ.ជ.ប បានបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០១៨ កាលពីជាងពាក់កណ្តាលខែតុលាកន្លងមកនេះ។
ចុះផ្សាយនៅថ្ងៃ៖
យោងតាមសេចក្តីប្រកាសរបស់ គ.ជ.ប អ្នកដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី គឺមានចំនួន១៩៥,៣៨៥នាក់ ហើយអ្នកដែលបានលុបចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតមានចំនួន៥៦,៩៤១នាក់ ខណៈអ្នកដែលបានកែតម្រូវទិន្នន័យមានចំនួន១,៥៥៣នាក់។
សម្រាប់អ្នកដែលត្រូវបានលុបឈ្មោះចេញបញ្ជីបោះឆ្នោត បើតាមគ.ជ.ប គឺមានមូលហេតុមួួយចំនួន ដូចជា អ្នកបោះឆ្នោតនោះ ទទួលមរណៈភាព ឬត្រូវបានដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬផ្លាស់ប្តូរទីលំនៅ ឬមានឈ្មោះច្រើនជាងមួយនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយផ្អែកលើឯកសារសំអាងច្បាស់លាស់។
ប៉ុន្តែគ.ជ.ប អះអាងថា ការបិទផ្សាយបញ្ជីឈ្មោះដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវបានលុបចេញពីបញ្ជីឈ្មោះតាមឃុំ-សង្កាត់ នឹងធានាមិនឲ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះរួចហើយ បាត់បង់សិទ្ធិបោះឆ្នោតនោះទេ។ បើតាម គ.ជ.ប ការបិទផ្សាយបញ្ជីនេះ គឺបើកឲ្យមានការប្តឹងតវ៉ា ឬប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សាឃុំ-សង្កាត់ យ៉ាងយូរ៥ថ្ងៃចាប់ពីថ្ងៃទី២៧ខែវិច្ឆិកានេះដល់ថ្ងៃទី១ខែធ្នូឆ្នាំ២០១៨។
លើសពីនេះទៀត នៅក្នុងករណីអ្នកប្តឹងជំទាស់ មិនពេញចិត្តនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺអាចប្តឹងបន្តទៅគ.ជ.បនិង ក្រុមប្រឹក្សាធម្មនុញ្ញតាមការកំណត់។ នេះជាការគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ គ.ជ.ប ដដែល។
ក្រោយពីបញ្ចប់ការចុះឈ្មោះអ្នកបោះឆ្នោតថ្មី កាលពីថ្ងៃទី១៨ខែតុលាកន្លងមក អ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុបឆ្នាំ២០១៨ បានកើនឡើងដល់ ៨, ៥៤៤ ៨៨៥នាក់ ពោលគឺកើនឡើងប្រមាណ២សែននាក់ បើធៀបនឹងបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដែលមានចំនួន ៨, ៣៨០ ២១៧ នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ