អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង​មិន​ចាប់​អារម្មណ៍​នឹង​នយោបាយ​លើក​​កម្ពស់​ប្រាក់​បៀ​វ​ត្ស​ និង​បញ្ហា​ដី​ធ្លីរបស់​បក្ស​កាន់អំណាច

គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​បាន​ផ្សាយ​គោល​នយោបាយ​របស់​ខ្លួន​ចំនួន​៩​ចំណុច​សម្រាប់​ឃោស​នា​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី ​ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ដែល​គ្រោង​ធ្វើ​នៅ​ពា​ក់កណ្តាល​ខែ​ឧសភា​​នេះ។ ក្នុង​ចំណោម​គោល​នយោបាយ​ចំនួន​៩​ចំណុច​ ក៏​មាន​ដែរ​បញ្ហា​ដំឡើង​បៀវត្ស​ចំនួន​១​លាន​រៀល​ដល់​មន្ត្រី​រាជការ​ និង​ ១៦០​ដុល្លារ​ដល់​កម្មករ ​កម្មកា​រិ​នី។​ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៨​តែ​ប៉ុណ្ណោះ​។​ គណបក្ស​សង្គ្រោះ​ជាតិ​វិញ ​បាន​បញ្ជាក់​ថា​ខ្លួន​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​បោះឆ្នោត​បែប​អសកល​នេះ​ឡើយ ​ប៉ុន្តែ​នឹង​ចូល​រួម​បោះ​ឆ្នោត​ដែរ​។ ​

ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ (ស្តាំ) និងគណបក្សប្រជាជនកម្ពុជា (ឆ្វេង)។
ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ (ស្តាំ) និងគណបក្សប្រជាជនកម្ពុជា (ឆ្វេង)។
ផ្សាយពាណិជ្ជកម្ម

គោល​​នយោបាយ​​ដំឡើង​​ប្រាក់​​បៀ​វត្ស​​មន្ត្រី​​រាជ​​ការ​​ និង​​កង​​កម្លាំង​​ប្រដាប់​​អាវុធ​ រួម​ទាំង​កម្មករ​និយោជិត​ និង​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី ​ដែល​ជា​បញ្ហា​ដ៏​រសើប​ក្នុង​សង្គម​កម្ពុ​ជា​​នា​ពេល​បច្ចុប្បន្ន ​គឺ​ជា​ចំណុច​អាទិ​ភាព​ពីរ​ក្នុងចំណោម​គោល​នយោបាយ​ទាំង​៩​របស់​បក្ស​កាន់​អំណាច​ ក្នុង​ការ​បោះឆ្នោតក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ ក្រុង ​ស្រុក ​ខណ្ឌ​ក្នុង​ខែ​ឧសភា​ខាង​មុខ​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​សៅរ៍​ទី​១២​មេសា​។  

គណបក្ស​កាន់​អំណាច​ដែល​បាន​បាត់​បង់​ប្រជាប្រិយ​ភាព​ខ្លាំង​ក្នុង​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​នីតិកាល​ទី​៥​កន្លង​ទៅ ​បាន​បញ្ចេញ​គោល​នយោបាយ​សន្យា​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​យ៉ាងហោចណាស់១លាន​រៀល​ក្នុង​មួយខែ​ចាប់ពី​ឆ្នាំ២០១៨​តទៅ។ ​ដោយឡែក​បញ្ហា​កម្មករ​កម្ម​ការ​នី​វិញ បក្ស​កាន់អំណាច​ក៏បាន​សន្យា​បង្កើន​ប្រាក់​ឈ្នួល​​យ៉ាង​ហោចណាស់១៦០ដុល្លារ​ក្នុង​មួយខែ​ដែរ​ចាប់ពី​ឆ្នាំ២០១៨តទៅ។

ចំណែកឯ​បញ្ហាដីធ្លី​ដែលជា​ជំងឺមហារីក​នៅ​កម្ពុជា​នោះ គណបក្ស​ប្រជាជន​កម្ពុជា បាន​សន្យា​ការពារ​សិទ្ធ​កាន់កាប់​ដីធ្លី​ស្របច្បាប់​ដល់​ម្ចាស់​កម្ម​សិទ្ធ និង​ការដោះស្រាយ​ទំនាស់​ដីធ្លី​ប្រកប​ដោយ​តម្លាភាព និង​ការបែងចែក​ដីធ្លី​ដល់​ជន​ព​លី និង​ជនក្រីក្រ​ជាដើម។

ក្រៅពី​បញ្ហាដីធ្លី និង​ប្រាក់បៀវត្ស​របស់​មន្ត្រីរាជកា​រ-កងកម្លាំង រួមទាំង​កម្មករ​នោះ ​ប​ញ្ហា​​អភិបាលកិច្ច​ល្អ និង​សណ្តាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​ផ្សេងទៀត ក៏​ជា​ចំណុច​អាទិ​ភាព​រ​ប​ស់​​បក្ស​កាន់អំណាច​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នេះ​ផងដែរ។

មន្ត្រីជាន់ខ្ពស់​នៃ​ការិយាល័យ​នយោបាយ បក្ស​កាន់អំណាច លោក​ជាម យៀប បាន​ថ្លែងថា​ជា​មួយ​គោលនយោបាយ​ទាំង៩ចំណុច​នេះ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​អាច​ប្រមូល​ការគាំ​ទ្រ​របស់ខ្លួន​មកវិញ បើទោះបីជា​អាណត្តិ​ទី៥កន្លងទៅ បក្ស​កាន់អំណាច​យូរ​ជាងគេ​នេះ បាន​បាត់បង់​ប្រជាប្រិយភាព​របស់ខ្លួន​ក៏ដោយ។

ដោយឡែក​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បាន​បញ្ជាក់ថា នៅ​មិនទាន់មាន​គោល​នយោបាយ​សម្រាប់​ការឃោសនាបោះឆ្នោត​បែប​អសកល​នេះ​នោះទេ។ លោក​អេង ឆៃអ៊ាង បាន​បញ្ជាក់ថា ការបោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១៨ ឧសភា២០១៤នេះ មិន​សំខាន់​នោះ​ទេ។ ប៉ុន្តែ​តំណាងរាស្ត្រ​មណ្ឌលកណ្តាល​រូបនេះ បាន​បន្ថែមថា គណបក្ស​នឹង​រៀបចំ​គោល​ន​យោបាយ​ដើម្បី​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ធ្វើ​យុទ្ធនា​ការបោះឆ្នោត​ចាប់ពី​ថ្ងៃទី២ឧសភា​តទៅ។

សូមបញ្ជាក់ថា ក្នុង​ថ្ងៃ​បោះឆ្នោតក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នៅ​ខែឧសភា​ខា​ង​មុខ មាន​គណបក្ស​ចំនួន៥បាន​ចូលរួម។ ការបោះឆ្នោត​អសកល​នេះ​មានតែ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​សរុប​ចំនួន១១.៤៥៩នាក់​តែប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ជ្រើស តាំង​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ក្នុង រាជធានី​ខេត្ត​ក្រុង ស្រុក​ខណ្ឌ។

បើទោះបីជា​យ៉ាណា​ក៏ដោយ ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១៨មេសា​ខាងមុខ គឺជា​ការបោះឆ្នោត​ដែល​អាច​ទស្ស​ទាយ​លទ្ធផល​ដឹង​ជាមុន ប៉ុន្តែ​លទ្ធផល​នេះ​អាចមាន​ការប្រែប្រួល​ប្រសិនបើ​សមាជិក​គណបក្ស​ណាមួយ​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​គូរ​ប្រកួតប្រជែង​ជំនួស​វិញ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ