អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​និង​​បក្សប្រឆាំង​​ស្វែងរក​​ប្រជាប្រិយភាព​ ​ខណៈ​​នយោបាយ​​នៅ​​ទ័ល​ច្រក​

ខណៈដែល​ជម្លោះ​នយោបាយ​រវាង​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​នៅតែ​មិនទាន់មាន​ពន្លឺ​នោះ ទាំង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ពង្រឹង​តាម​មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ។ ជា​ការចុះ​ពង្រឹងសមត្ថភាព និង​ការកៀងគរ​ប្រជាប្រិយភាព​​រៀងៗខ្លួន។ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ផ្តើម​ចុះទៅ​កាន់​ខេត្តកំពង់ស្ពឺ​ក្រោយ​លោក​សម រង្ស៊ី​វិល​ចូលក្នុង​ស្រុក​វិញ។ ដោយឡែក រដ្ឋាភិបាល​អះអាងថា ​ក្រុមការងារ​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល​បាន​ត្រៀម​រួចរាល់​អស់ហើយ​សម្រាប់​អង្កេត និង​ដោះស្រាយ​បញ្ហា​ពិត​ប្រាកដ​​របស់​ពលរ​ដ្ឋ​នៅ​មូលដ្ឋាន។

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ប្រកាសថា ត្រៀម​រួចរាល់​សម្រាប់​ស្តារ​ប្រជាប្រិយភាព​ឡើងវិញ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក​សម រង្ស៊ី ផ្តើម​ចុះ​មូលដ្ឋាន​សារជាថ្មី​បន្តទៀត​ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​តទល់​នឹង​បក្ស​កាន់អំណាច។

លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​អះអាងថា​ក្រុមការងារ​ថ្នាក់ជាតិ​ដែលមាន​សមាសភាព​ចម្រុះ គឺ​បាន​ត្រៀម​រួចរាល់​អស់ហើយ​ដើម្បី​ប្រតិបត្តិការ​នៅតាម​ថ្នាក់មូលដ្ឋាន។​ជា​ប្រតិបត្តិការ​ដើម្បី​ស្តាប់​ការទាមទារ​របស់​ពល​រដ្ឋ​ជា​ម្ចាស់ឆ្នោត និង​ផ្តល់​គណនេយ្យភាព​ដល់​ប្រជាពលរដ្ឋ និង កាត់បន្ថយ​ការិយាធិបតេយ្យ​ដែល​កំពុងស៊ី​រូង​ផ្ទៃក្នុង​សង្គម​កម្ពុជា។

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដដែល​បាន​សង្កត់ធ្ងន់ថា តាម​យុទ្ធនាការ​ថ្នាក់ជាតិ​នៅ​ថ្ងៃទី១៥ ខានស្អែក​នេះ រដ្ឋាភិបាល​នឹង​យក​មតិ​ប្រជាពលរដ្ឋ​មក​ធ្វើជា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​តែម្តង។ លោក ផៃ​ស៊ី​ផាន មិនបាន​បដិសេធ​ឡើយ​ថា មូលហេតុ​មួយ ដែលនាំឱ្យ​បក្ស​កាន់អំណាច​ធ្លាក់ចុះ​ប្រជាប្រិយភាព​នោះ គឺ​ការ​ឃ្លាតឆ្ងាយ​ពី​រដ្ឋអំណាច​ដែលជា​អ្នកបម្រើ​រាស្ត្រ និង​ប្រជារាស្ត្រដែលជាម្ចាស់ឆ្នោត។

 
ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ នៅ​ថ្ងៃទី១៣ កុម្ភៈ​ស្អែក​នេះ លោក សមរង្ស៊ី និង​លោក កឹម សុខា នឹង​ផ្តើម​ការចុះពង្រឹង​មូលដ្ឋាន​នៅ​ខេត្តកំពង់ស្ពឺ​ជាថ្មី​បន្តទៀត​ដើម្បី​ពង្រឹង​រចនា​សម្ព័ន្ធ​​នៅ​ថ្នាក់មូលដ្ឋាន​ក្រោយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី​វិលត្រឡប់​ពី​បរទេស​វិញថ្មីៗនេះ។  លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការបន្ត​ចុះ​មូលដ្ឋាន​គឺជា​ការពង្រឹង​រចនាសម្ព័ន្ធ​ថ្នាក់មូលដ្ឋាន​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត ខេត្ត សុក្រ រាជធានី​ដែល​គ្រោង​ធ្វើឡើង​នៅ​ខែឧសភា​ខាងមុខនេះ។ ហើយ​ថា ជាការ​ត្រៀមកម្លាំង​គាំទ្រ​ប្រសិនបើ​មានការ​បោះឆ្នោត​នៅមុន​អាណត្តិ​​កើតឡើង។

សូមបញ្ជាក់ថា ក្រោយ​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​អាណត្តិ​ទី៥ដែល គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​កម្លាំង​គាំទ្រ​ប្រហាក់ប្រហែល​នេះ លោកនាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន ដែលជា​អនុប្រធាន​គណបក្ស​ប្រជាជន បានប្រកាស​យុទ្ធសាស្ត្រ​កំណែទម្រង់​ស៊ីជម្រៅ និង​តម្រូវឱ្យ​មន្ត្រី​ចុះទៅ​កាន់​មូលដ្ឋាន​ដើម្បី​ស្តាប់​មតិ​ប្រជាពលរដ្ឋ។ ចំណែកឯ​បក្ស​ប្រឆាំង​​វិញ បាន​បង្កើន​សកម្មភាព​ចុះ​មូលដ្ឋាន​ច្រើនជាង​ពេលណា​ណា​ទាំងអស់។

បើទោះបីជា គណបក្ស​ជម្លោះ​ទាំងពីរ​កំពុង​ស្វែងរក​ប្រជាប្រិយភាពរៀងៗខ្លួន​ពី​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​ក៏ដោយ ប៉ុន្តែ​គណបក្ស​ទាំងពីរ​នៅតែ​មិន​ព្រម​វិល​ចូល​តុ​ចរចារ​ដោះស្រាយ​វិ​ប​ត្ត​នយោបាយ​ដែល​នៅតែ​បន្ត​អូសបន្លាយ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ